រាជធានីភ្នំពេញ ៖ ប្រទេសអ៊ុយក្រែនកំពុងរៀបចំបើកស្ថានកុងស៊ុលនៅប្រទេសកម្ពុជា ខណៈដែលមន្ត្រីទូតសម្រាប់ប្រទេសកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសវៀតណាម ។ សេចក្តីប្រកាសនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកជំទាវ ស៊ុន សាភឿន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Oleksiy Shovkoplias ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៨ កញ្ញា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
លោកជំទាវ ស៊ុន សាភឿន មានប្រសាសន៍ថា លោក Oleksiy Shovkoplias ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា បានជួបពិភាក្សាក្នុងគោលបំណងពីរ គឺទី១-ចង់សុំបើកអគ្គកុងស៊ុលវិនិយោគនៅប្រទេសកម្ពុជា និងចង់ឱ្យក្រសួងការបរទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែល្អទ្វេឡើង និងទី២-លោកចង់ឱ្យប្រទេសទាំងពីរលើកលែងទិដ្ឋការលិខិតឆ្លងដែន ការទូតរវាងគ្នាទៅវិញទៅមកនៅថ្ងៃអនាគត ។
លោកជំទាវរដ្ឋលេធិការបន្តថា ប្រទេសកម្ពុជា និងប្រទេសអ៊ុយក្រែន បានឯកភាព និងពិគ្រោះយោបល់ រវាងក្រសួងការបរទេសទាំងពីរ ហើយបានចុះកិច្ចព្រមព្រៀងសហការរវាងក្រសួងទាំងពីរហើយដែរ ។ សព្វថ្ងៃនេះ ប្រទេសអ៊ុយក្រែនមានសក្តានុពលខាងផ្នែកថាមពល ផ្នែកពាណិជ្ជកម្ម ការពារជាតិ និងផ្នែកដទៃទៀត។ ក្នុងនោះ កម្ពុជាក៏សុំឱ្យប្រទេសអ៊ុយក្រែន ជួយគាំទ្រកម្ពុជាជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការអន្តរជាតិ ដែលការបោះឆ្នោតត្រូវប្រព្រឹត្តទៅនៅខែកញ្ញានេះ ។
លោកជំទាវបានបន្តទៀតថា ប្រទេសអ៊ុយក្រែនបានគាំទ្រប្រទេសកូរ៉េជំហានទី១រួចមកហើយ និងជំហានទី២ប្រទេសអ៊ុយក្រែននឹងគាំទ្រកម្ពុជាបន្ត ។ លោកជំទាវបានសុំឱ្យប្រទេសអ៊ុយក្រែនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាតទៅទៀត និងសូមឱ្យជួយនាំអ្នកវិនិយោគទុនឱ្យបានច្រើនមកកម្ពុជា ។លោកជំទាវបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានថា ចំពោះទំនាក់ទំនងពាណិជ្ជកម្មសព្វថ្ងៃកម្ពុជានាំចេញទៅប្រទេសអ៊ុយក្រែនច្រើនជាងអ៊ុយក្រែននាំចូលមកកាន់ប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ