ខេត្តសៀមរាប ៖ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុន KTC Cable Co…,Ltd ប្រទេសកូរ៉េបណ្តាញអគ្គិសនីខ្សែបញ្ជូនតង់ស្យុងមធ្យម២២គីឡូវ៉ុល ដែលភ្ជាប់ពីក្រុងសៀមរាប ទៅស្រុកជីក្រែងតាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយ៩១គីឡូម៉ែត្របានត្រូវបង្កើតឡើង ហើយពីធីសម្ពោធបើកការដ្ឋានសាងសង់បណ្តាញអគ្គិសនីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃ១៨ កញ្ញាឆ្នាំ២០១២ ក្រោមអធិបតីភាពលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងមានការចូលរួមពីលោកអភិបាលខេត្តសៀមរាប និងមន្ត្រីរាជការប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ថ្លែងក្នុងឱកាសនោះ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល មានប្រសាសន៍ថាក្រុមហ៊ុន KTC Cable Co…,Ltd នៃសាធារណរដ្ឋកូរ៉េ បានសម្រេចដាក់ទុនវិនិយោគ៥លានដុល្លារអាមេរិក ដើម្បីការអភិវឌ្ឍបណ្តាញអគ្គិសនីតង់ស្យុងមធ្យមក្នុងស្រុកសៀមរាប និងស្រុកជីក្រែងប្រមាណ៩១ គីឡូម៉ែត្រ ដែលគម្រោងនេះនឹងអាចផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋប្រមាណ៦០.០០០ គ្រួសារ ។ តាមការឲ្យដឹងរបស់ក្រុមហ៊ុនគម្រោងនេះបាននិងកំពុងសាងសង់យ៉ាងមមាញឹកបានប្រមាណ៣៨ កីឡូម៉ែត្រ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំនេះ ។
លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោករដ្ឋមន្ត្រីសូមវាយតម្លៃខ្ពស់ និងសម្តែងនូវអំណរគុណដោយស្មោះចំពោះស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានដើរតួនាទីសំខាន់ក្នុងការគាំទ្រ និងសម្រួលដល់គម្រោងវិស័យថាមពលទាំងអស់ ទោះជាគម្រោងក្នុងក្របខណ្ឌនៃការវិនិយោគរបស់ក្រុមហ៊ុនសាធារណរដ្ឋកូរ៉េក្តី គម្រោងហិរញ្ញប្បទានសម្បទានក្តី និងគម្រោងជំនួយឥតសំណងក្តី គឺពិតជាបានចូលរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយមានការចង្អុលទិស និងគាំទ្រពេញទំហឹងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បច្ចុប្បន្នគម្រោងនានាក្នុងផែនការមេដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យវិនិយោគ កំពុងតែដាក់ឲ្យដំណើរការជាក់ស្តែងជាបណ្តើរៗក្នុងនោះវារីអគ្គិសនីគិរីរម្យទី១ ទំហំ១២មេហ្គាវ៉ាត់ បានដាក់ឲ្យដំណើរការរួចហើយតាំងពីឆ្នាំ២០១២ វារីអគ្គីសនីកំចាយទំហំ១៩៣,២ មេហ្គាវ៉ាត់ បានដាក់ឲ្យដំណើរការនៅថ្ងៃទី៧ ធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ ។ បន្ទាប់មកទៀតនៅចុងឆ្នាំ២០១២នេះ វារីអគ្គិសនីគិរីរម្យ៣ទំហំ ១៨ មេហ្គាវ៉ាត់ ក៏បានដំណើរការហើយដែរ ។ នៅឆ្នាំ២០១៣ យើងគ្រោងដាក់ឲ្យដំណើរការវារីអគ្គិសនីស្ទឹងអាតៃ១២០មេហ្កាវ៉ាត់ និងរោងចក្រផលិតអគ្គិសនីស្ទឹងតាតៃ២៤៦មេហ្កាវ៉ាត់ និងម៉ាស៊ីនទី១ទំហំ១៣៥មេហ្កាវ៉ាត់ នៃរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនាំចូលទី២ នៅខេត្តព្រះសីហនុ ។
នៅឆ្នាំ២០១៥ យើងគ្រោងដាក់ឲ្យដំណើរការវារីអគ្គីសនីស្ទឹងប្ញស្សីជ្រុំក្រោម ៣៣៨មេហ្កាវ៉ាត់ និងម៉ាស៊ីនទី២ទំហំ១៣៥មេហ្កាវ៉ាត់ នៃរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនាំចូលទី២នៅខេត្តព្រះសីហនុ ។ ចំពោះការអភិវឌ្ឍអនុស្ថានីយ៍ និងបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ យើងបានដាក់ឲ្យប្រើប្រាស់បណ្តាញបញ្ជូននិងអនុស្ថានីយតង់ស្យុងខ្ពស់ភ្ជាប់ប្រទេសថៃ មកខេត្តបន្ទាយមានជ័យ បាត់ដំបងនិងសៀមរាប ។ បានដាក់ឲ្យប្រើប្រាស់បណ្តាញបញ្ជូន និងអនុស្ថានីយតង់ស្យុងខ្ពស់ភ្ជាប់ភ្នំពេញ តាកែវ វៀតណាម និងភ្ជាប់ទៅខេត្តកំពតរួចហើយ ។ ឥឡូវនេះបានបញ្ចប់ការសាងសង់ បណ្តាញបញ្ជូន និងអនុស្ថានីយតង់ស្យុងខ្ពស់ភ្ជាប់ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងភ្ជាប់ជាមួយស្ថានីយវារីអគ្គិសនីស្ទឹងអាតៃ ស្ទឹងតាតៃ ស្ទឹងប្ញស្សីជ្រុំក្រោម ។
យើងកំពុងសាងសង់ជិតចប់នូវបណ្តាញបញ្ជូន និងអនុស្ថានីយតង់ស្យុងខ្ពស់ភ្ជាប់ ភ្នំពេញ កំពង់ចាម និងកំពុងសាងសង់បណ្តាញបញ្ជូន និងអនុស្ថានីយតង់ស្យុងខ្ពស់ភ្ជាប់ពីខេត្តកំពត ទៅខេត្តព្រះសីហនុ ដើម្បីភ្ជាប់ជាមួយរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្មនៅខេត្តព្រះសីហនុ ។លោករដ្ឋមន្ត្រីបន្តថា ជាមួយគ្នានឹងការអភិវឌ្ឍសក្តានុពលប្រភពអគ្គិសនី អនុស្ថានីយ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីដូចបានរៀបរាប់ខាងលើ រាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ជំរុញដាក់ការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជន
បទបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជននៅតំបន់ជនបទទាំងអស់មានអគ្គិសនីប្រើប្រាស់ជាបន្តបន្ទាប់ប្រកបដោយនិរន្តរភាព និងក្នុងថ្លៃមួយសមរម្យ ។
លោកគីមជុងអីុល ប្រធានក្រុមហ៊ុន KTC Cable Co…,Ltd បានមានប្រសាសន៍ថា នេះជាការចាប់ផ្តើមដំបូងនៃគម្រោងកម្មវិធីសាងសង់បណ្តាញចែកចាយអគ្គិសនីពីក្រុងសៀមរាប ទៅស្រុកជីក្រែងខេត្តសៀមរាប ដែលកម្រោងនេះអាចផ្គត់ផ្គង់អគ្គិសនីទៅដល់១ម៉ីនខ្នងផ្ទះក្នុងតម្លៃថោកជាងភ្លើងអគ្គិសនីកំពុងប្រើប្រាស់សព្វថ្ងៃ ។ ហើយតាមការរំពឹងទុកទៅទៀតនោះបណ្តាញនេះអាចផ្គត់ផ្គង់ភ្លើងអគ្គិសនីបានដល់ទៅ២ម៉ឺនខ្នងផ្ទះ ។
សូមបញ្ជាក់ថា បណ្តាញចែកចាយអគ្គិសនីតាមបណ្តោយផ្លូវជាតិលេខ៦ភ្ជាប់ពីក្រុងសៀមរាប ទៅស្រុកជីក្រែងខេត្តសៀមរាប មានប្រវែង៩៥គីឡូម៉ែត្រនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន KTC Cable Co…,Ltd ក្នុងទឹកប្រាក់៥លានដុល្លារដោយបច្ចុប្បន្នដំណើរការសាងសង់បានប្រវែងប្រមាណជា៣៨គីឡូម៉ែត្រហើយគ្រោងនិងបញ្ចប់នៅចុងឆ្នាំ២០១២នេះ ។ បណ្តាញចែកចាយនេះ នឹងផ្គត់ផ្គង់ភ្លើងអគ្គិសនីដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន១៥របស់ស្រុក៣ គឺស្រុកប្រាសាទបាគង សូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ចំនួន៦ម៉ឺនគ្រួសារ ៕
ចែករំលែកព័តមាននេះ