រាជធានីភ្នំពេញ ៖ លោកប៉ាង សួន ប្រធានគណៈកម្មាធិការជាតិគាំទ្រព្រះមហាក្សត្រដើម្បីកម្ពុជាសន្តិភាព ថ្លែងនៅក្នុងបុព្វកថាបញ្ជាក់ថា គណៈកម្មាធិការជាតិគាំទ្រព្រះមហាក្សត្រ ដើម្បីកម្ពុជាសន្តិភាព បានចាប់បដិសន្ធិកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៩០ នៅសហរដ្ឋអាមេរិក ។
គណៈកម្មាធិការជាតិគាំទ្រព្រះមហាក្សត្រ ដើម្បីកម្ពុជាសន្តិភាពបានរៀបចំសមាជសកលនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៩១ នៅទីក្រុងមូដេស្តូ រដ្ឋកាលីហ្វូនីញ៉ា សហរដ្ឋអាមេរិក ដើម្បីឱ្យN.C.S.K.C.P មានឱកាសបម្រើជាតិសាសនាព្រះមហាក្សត្រ ទើបយើងខ្ញុំលើកយកទីស្នាក់ការ N.C.S.K.C.P មកបង្កើតទីស្នាក់ការជាអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីស្នាក់ការបុរីពិភពថ្មីទី៣ ផ្ទះលេខ១២៤EO ផ្លូវលេខ២៦ ក្រុមទី៦ មណ្ឌលត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងគោលបំណងជាគ្រឹះរបស់គណៈកម្មាធិការនេះ គឺលើកស្ទួយឱ្យមានការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងដើម្បីសន្តិភាព លើកស្ទួយឱ្យមានលទ្ធិប្រជាធិបតេយ្យ និងច្បាប់ លើកស្ទួយឱ្យមានសិទ្ធិមនុស្ស និងសិទ្ធិស៊ីវិល ។គណៈកម្មាធិការជាតិគាំទ្រព្រះមហាក្សត្រ ដើម្បីកម្ពុជាសន្តិភាព ប្រកាសប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ប្រមូលផ្តុំប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងបុរស ទាំងស្ត្រីក្នុងប្រទេស និងក្រៅប្រទេស ដែលមានឆន្ទៈចង់ចូលរួមកសាងជាតិ និងលើកស្ទួយរបបរាជានិយម តាមលទ្ធិធម្មាធិបតេយ្យឱ្យបានថ្កុំថ្កើងរុងរឿងជាអមត ។
គណៈកម្មាធិការជាតិគាំទ្រព្រះមហាក្សត្រដើម្បីកម្ពុជាសន្តិភាព បានផុសចេញឡើងពីក្រអៅបេះដូងដ៏បរិសុទ្ធរបស់ប្រជារាស្ត្រខ្មែរទូទៅដែលស្រឡាញ់ព្រះមហាក្សត្រ និងរបបរាជានិយមមិនមានព្រះមហាក្សត្រអង្គណាមួយ ឬឥស្សរជនណាម្នាក់បង្ខិតបង្ខំ ឬបង្គាប់ឱ្យធ្វើឡើយ ព្រោះវាជាសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងបុព្វកថា គូសបញ្ជាក់ទៀតថា កន្លងមក គណៈកម្មាធិការជាតិគាំទ្រព្រះមហាក្សត្រ ដើម្បីកម្ពុជាសន្តិភាព បានស្វែងរកថវិកាពីសប្បុរសជនក្រៅប្រទេស និងក្នុងប្រទេសដើម្បីទិញសម្ភារដូចជាម៉ាស៊ីនបូមទឹក អង្ករ និងថ្នាំពេទ្យ ។ល។
ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីព្រះអង្គមានលទ្ធភាពយកទៅឧបត្ថម្ភជួយសង្គ្រោះដល់ប្រជាពលរដ្ឋខ្មែរដែលក្រីក្រជាងគេទូទាំងប្រទេសកម្ពុជា ។គណៈកម្មាធិការជាតិនេះមាននិន្នាការ អព្យាក្រឹត្យ លទ្ធិធម្មាធិបតេយ្យ ពោលគឺផ្លូវកណ្តាល មិនចូលបម្រើផលប្រយោជន៍នយោបាយរបស់គណបក្សណាមួយឡើយ ។គណៈកម្មាធិការជាតិគាំទ្រព្រះមហាក្សត្រ ដើម្បីកម្ពុជាសន្តិភាព គោរពតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
គណៈកម្មាធិការជាតិគាំទ្រព្រះមហាក្សត្រ ដើម្បីកម្ពុជាសន្តិភាពខំប្រឹងស្វះស្វែងរកថវិកាពីសំណាក់សប្បុរសជនជាតិ និងអន្តរជាតិ ដើម្បីឧបត្ថម្ភជួយសង្គ្រោះដល់ប្រជាពលរដ្ឋខ្មែរដែលបាត់បង់សមត្ថភាពការងារ និងប្រជាជនក្រីក្រ គ្មានផ្ទះសំបែង ទូទាំងប្រទេសកម្ពុជា ដូចជាជនពិការ ក្មេងកំព្រា ស្ត្រីមេម៉ាយ លើកស្ទួយឱ្យមានការកម្ចាត់ចោលនូវមូលហេតុនៃភាពក្រីក្រ ដោយមធ្យោបាយសន្តិភាព ឱ្យស្របទៅតាមគោលការណ៍មនុស្សធម៌ ឱ្យចេះជួយខ្លួនឯងមួយដំណាក់ម្តងៗ ។
គណៈកម្មាធិការជាតិគាំទ្រព្រះមហាក្សត្រ ដើម្បីកម្ពុជាសន្តិភាពធ្វើសហការ និងគាំទ្ររាល់សកម្មភាពនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យកសាងជាតិ សេដ្ឋកិច្ច និងមនុស្សធម៌ ។គណៈកម្មាធិការជាតិគាំទ្រព្រះមហាក្សត្រ ដើម្បីកម្ពុជាសន្តិភាព គោរពតាមព្រហ្មវិហារធម៌ របស់ព្រះពុទ្ធសាសនាទាំង៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា ជាគោល ៕
ចែករំលែកព័តមាននេះ