រាជធានីភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខកាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី១៧ កញ្ញា បានឃាត់ខ្លួនបុរសម្នាក់ជាបុគ្គលិកស្ថានីយប្រេងមួយជាមួយនឹងថ្នាំញៀន៥កូនថង់និងម៉ូតូស៊េរីទំនើប១គ្រឿង ដែលជននេះជិះធ្វើសកម្មភាពនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខឱ្យដឹងថា បុរសដែលជាប់ពាក់ព័ន្ធការរក្សាទុកគ្រឿងញៀននិងប្រើប្រាស់គ្រឿងញៀនហើយត្រូវបានប៉ូលិសឃាត់ខ្លួននេះ ឈ្មោះមាស ប្រុស អាយុ២៩ឆ្នាំ ។ នៅវេលារំលងអធ្រាត្រនោះ ខណៈកម្លាំងប៉ូលិសល្បាតប្រទះឃើញជនសង្ស័យបើកម៉ូតូស្មាសវី ពណ៌ខ្មៅស៊េរី២០១២ ដោយគ្មានស្លាកលេខ ក៏មានការសង្ស័យទើបឃាត់ធ្វើការត្រួតពិនិត្យ ពេលនោះសមត្ថកិច្ចរកឃើញម្សៅពណ៌ប្រផេះចំនួន៥កូនថង់ដែលជនសង្ស័យដាក់នៅក្នុងកាបូបដៃពណ៌ខ្មៅ ។ បន្ទាប់ពីរកឃើញថ្នាំប្រភេទនេះ ប៉ូលិសបាននាំខ្លួនជនសង្ស័យខាងលើមកសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ ។
លោក ម៉ក់ ហុង បន្តទៀតថា ក្រោយមកបានសុំការអនុញ្ញាតពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីលោកខៀវ ផល្លា យកម្សៅនោះទៅធ្វើការពិសោធន៍ដឹងថា ជាប្រភេទថ្នាំញៀនមេតំហ្វេតាមីន ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ