កងទ័ពស៊ីរីកាលពីថ្ងៃទី១៧ កញ្ញា ដណ្តើមត្រួតត្រាសង្កាត់យុទ្ធសាស្ត្រមួយនាភាគកណ្តាលក្រុងអាឡែបជាទីក្រុងសំខាន់នៅភាគខាងជើងប្រទេសដែលនៅទីនោះមានការប្រយុទ្ធគ្នា យ៉ាងស្វិតស្វាងរយៈពេលយូរមកហើយ រវាងកងទ័ពនិងពួកឧទ្ទាម ។ នៅភាគកណ្តាលក្រុងអាឡែបកងទ័ពរដ្ឋាភិបាលត្រួតត្រាសង្កាត់យុទ្ធសាស្ត្រមីដាន ជាទីលាននៃការប្រយុទ្ធគ្នាយ៉ាងសាហាវរយៈពេល១សប្តាហ៍មកហើយ ។ កាសែតAL WATAN ស្និទ្ធរដ្ឋអំណាចប្រកាសថា សង្កាត់មីដានត្រូវបានបោសសម្អាតដោយបញ្ជាក់ថា ជនប្រដាប់អាវុធភាគច្រើនដែលប្រយុទ្ធនៅទីនោះជាពួកអ៊ិស្លាមនិយមជ្រុលអារ៉ាប់និងបរទេស ។
ការបោសសម្អាតសង្កាត់ពួកឧទ្ទាមនៅសង្កាត់មីដាន នឹងបើកផ្លូវទៅបោសសម្អាតសង្កាត់ដទៃៗទៀត ដែលពួកឧទ្ទាមកាន់កាប់ ។
យោងតាមតុល្យការបណ្តោះអាសន្នរបស់អង្គការOSDH ជាអង្គការសិទ្ធិមនុស្សស៊ីរីមួយមានមូលដ្ឋាននៅអង់គ្លេសថានាថ្ងៃទី១៧ កញ្ញា មនុស្សយ៉ាងតិច៦៤នាក់ ស្លាប់នៅស៊ីរីក្នុងនោះមានជនស៊ីវិល ៣៦នាក់ ទាហាន១៥នាក់ ពួកឧទ្ទាម១៣នាក់ ដោយអំពើហិង្សាទាំងឡាយក្នុងប្រទេស ។
ក្នុងសេចក្តីថ្លែងការណ៍មួយផ្សាយតាមទីភ្នាក់ងារព័ត៌មានផ្លូវការSANA នាយករដ្ឋមន្ត្រីស៊ីរីលោកវ៉ាអែល អាល់ហាឡាគី អះអាងថា វិបត្តិឈានឆ្ពោះទៅរកដំណាក់កាលចុងក្រោយមួយនិងថាអាជ្ញាធរធ្វើការដើម្បីថែរក្សាសន្តិសុខ កែទម្រង់នយោបាយ សង្គមកិច្ចនិងសេដ្ឋកិច្ច ដើម្បីបញ្ចប់អំពើហិង្សា ។ចំពោះវិបត្តិនៅស៊ីរីក្រុមប្រឹក្សាសន្តិសុខអ.ស.ប ត្រូវស្ទះដោយសារការមិនចុះសម្រុងគ្នាព្រោះរុស្ស៊ីនិងចិនរាំងខ្ទប់រាល់ដំណោះស្រាយដែលថ្កោលទោសរបបស៊ីរីខណៈដែលបណ្តាប្រទេសលោកខាងលិច និងប្រទេសអារ៉ាប់ ១ចំនួននិងតួកគីទាមទារឱ្យប្រធានាធិបតីស៊ីរីចាកចេញពីអំណាច ។ចំណែកក្រុមប្រាស្រ័យទាក់ទងចតុភាគីស្តីពីស៊ីរី (អីុរ៉ង់ អេហ្ស៊ីប ទួកគី និងអារ៉ាប់ប៊ីសាអូឌីត) ត្រូវរួមប្រជុំគ្នាលើកដំបូងនៅទីក្រុងគែរ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយជម្លោះ៕
ចែករំលែកព័តមាននេះ