មេដឹកនាំប្រឆាំងភូមាលោកស្រីអ៊ួងសាន់ ស៊ូជី បានទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៧ កញ្ញា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣សប្តាហ៍នៅទីនោះ ដែលនេះជាទស្សនកិច្ចលើកដំបូងរបស់លោកស្រីនៅអាមេរិកក្រោយពីលោកស្រីត្រូវរួចផុតពីការឃុំឃាំងក្នុងផ្ទះកាលពីឆ្នាំ២០១០មក ។
លោកស្រីស៊ូជី ដែលជាប់ឆ្នោតជាសមាជិកាសភា កាលពីខែមេសា ក្រោយរយៈពេលច្រើនឆ្នាំជាប់ឃុំឃាំងក្នុងផ្ទះនឹងចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើននៅក្រុងវា៉ស៊ីនតោន និងនៅតាមសាកលវិទ្យាល័យទាំងឡាយរបស់អាមេរិក។ លោកស្រីនឹងថ្លែងសុន្ទរកថាជាច្រើនដោយលោកស្រីនឹងលើកឡើងពីការកែទម្រង់យ៉ាងស៊ីជម្រៅទាំងឡាញដែលកំពុងកើតមានក្នុងប្រទេស ។ លោកស្រីនឹងជួបជាមួយបណ្តាជនភៀសខ្លួនភូមា ដែលជាច្រើននាក់រស់នៅសហរដ្ឋអាមេរិក ។ លោកស្រីស៊ូជី នឹងទទួលនូវការបំពាក់មេដាយមាសនាថ្ងៃទី១៩ កញ្ញា ក្នុងសភាអាមេរិក។
ទស្សនកិច្ចនោះរបស់លោកស្រីស៊ូជី នៅសហរដ្ឋអាមេរិកគឺជួនពេលគ្នាជាមួយនឹងការមកកាន់ក្រុងញូវយ៉ក នាសប្តាហ៍ខាងមុខនេះរបស់ប្រធានាធិបតីភូមា លោកថេន សេន ។ យោងតាមពួកអ្នកជំនាញការនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិថា លោកបារ៉ាក់អូបាម៉ាត្រូវជួបជាមួយប្រធានាធិបតីភូមាលោកថេន សេន ក្នុងពេលជាមួយគ្នានឹងលោកស្រីស៊ូជី ដើម្បីជាការលើកទឹកចិត្តដល់ប្រធានាធិបតីរូបនោះក្នុងការកែទម្រង់ ៕
ចែករំលែកព័តមាននេះ