ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​រដ្ឋ​បាល​ជល​ផល​ពិនិត្យ​ស្ថានីយ​ផលិត​កូន​ត្រី​ពូជ​ និង​ការ​ចិញ្ចឹម​ត្រី​​របស់​យោធិន​ពិការ

12 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ លោក​បណ្ឌិត​​ ណៅ​ ធួក​ ប្រតិ​ភូ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល បាន​អញ្ជើញ​ទៅពិនិត្យ​វាយ​តម្លៃ​ស្ថានីយ​ផលិត​កូន​ត្រី​ពូជ​ទឹក​វិល​ មាន​ទី​តាំង​ឋិត​ក្នុង​ភូមិ​ជ្រៃ​​ សង្កាត់​ទឹក​វិល ក្រុង​សៀម​រាប និង​វាយ​តម្លៃ​ការ​ងារ​ចិញ្ចឹម​ត្រី​​នៅ​មជ្ឈមណ្ឌល​​អភិវឌ្ឍ​ន៍​យោ​ធិន​ពិការ​សម្តេច​ តេជោ ៣១៧ ។

ខេត្ត​សៀម​រាប​ ៖ កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ​ លោក​បណ្ឌិត​​ ណៅ​ ធួក​ ប្រតិ​ភូ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល បាន​អញ្ជើញ​ទៅពិនិត្យ​វាយ​តម្លៃ​ស្ថានីយ​ផលិត​កូន​ត្រី​ពូជ​ទឹក​វិល​ មាន​ទី​តាំង​ឋិត​ក្នុង​ភូមិ​ជ្រៃ​​ សង្កាត់​ទឹក​វិល ក្រុង​សៀម​រាប និង​វាយ​តម្លៃ​ការ​ងារ​ចិញ្ចឹម​ត្រី​​នៅ​មជ្ឈមណ្ឌល​​អភិវឌ្ឍ​ន៍​យោ​ធិន​ពិការ​សម្តេច​ តេជោ ៣១៧ ។

តាម​មន្រ្តីវា​រី​វប្ប​កម្ម​ប្រចាំ​ការ​នៅ​ស្ថានីយ​ផលិត​កូន​ត្រី​ពូជ​​បាន​ឱ្យ​ដឹង​ថា លោក​បណ្ឌិត​ ណៅ​ ធួក បាន​ផ្តួច​ផ្តើម​ឱ្យ​មាន​ការ​ជួស​ជុល​កែ​លំអ​ស្ថានីយ​ផលិត​កូន​ត្រីពូជ​​ទឹក​វិល​នេះ​នៅក្នុង​ឆ្នាំ​២០១១ ដោយ​ស្នើសុំ​ការ​ជួយ​ឧបត្ថម្ភគាំ​ទ្រ​ពី សំណាក់​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​​អន្តរ​ជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA)តាម​រយៈ​គម្រោង​បង្កើន​ផលិត​ភាព​និង​ផ្សព្វ​ផ្សាយ​វា​រីវប្ប​កម្ម​ទឹក​សាប​ជំហាន​ទី​២ ។

លោក​បណ្ឌិត ណៅ​ ធួក មាន​ប្រសាសន៍ថា  គោល​បំណង​នៃ​ការ​បង្កើតឡើង​ស្ថានីយ​កូន​ត្រី​ពូជ​នេះ​​ គឺ​ទី​១-សិក្សា​ស្រាវជ្រាវ​ អំពី​អត្រា​ផ្តល់​ចំណី​ត្រី និង​ថែ​បំប៉ន​ត្រីមេពូជ​ដែ​ល​ត្រូវ​យក​មក​បង្កាត់​និង​ទី២-ផលិត​កូន​ត្រីតាម​លក្ខណៈសិប្ប​និម្មិត​ដូច​ជា​ប្រភេទ​ត្រី​អណ្តែង​ ត្រី​កាបស ត្រី​កាប​ឥណ្ឌា ត្រី​ឆ្ពិន និង​ត្រី​ទី​ឡាប្យា​ ។ លោក​បណ្ឌិត​ណៅ ធួក បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា សកម្ម​ភាព​របស់​ស្ថានីយ​ភ្ញាស់​កូន​ត្រី​ពូជ​ទឹក​វិល​កន្លង​មក​រួម​មាន ​កម្ម​វិធី​បណ្តុះ​បណ្តាល​រយៈ ពេល​ខ្លី លើ​បច្ចេក​ទេស​ភ្ញាស់​កូន​ត្រី​ និង​បច្ចេក​ទេស​ចិញ្ចឹម​ត្រី​ជា​លក្ខណៈគ្រួសារ​ដល់​កសិករ​ផងដែរ ។

លោក​ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​បណ្ឌិត​ SHIRO HARA អ្នក​ឯក​ទេស​ជប៉ុន​ប្រចាំ​ការ​នៅ​ស្ថានីយ​ទឹក​វិល​ក្នុង​ការ​​ជួយ​ជាបច្ចេក​ទេស​ដល់​មន្រ្តី​ជំនាញ​រដ្ឋ​បាល​​ជល​ផល​ ឱ្យ​សម្រេច​បាន​លទ្ធ​ផល​គួរឱ្យ​កត់​សម្គាល់​ រួម​មាន​ផលិត​កូន​ត្រី​ឆ្ពិន​បាន​ចំនួន​៤០​មឺុន​ក្បាល​ កូន​ត្រី​កាបស​បាន​ចំនួន១០​មឺុន​ក្បាល​​ កូន​ត្រី​អណ្តែង​ទន់​បាន​ចំនួន​៤មឺុន​ក្បាល​ កូន​ត្រី​អណ្តែង​កូន​កាត់​បាន​ចំនួន​៦មឺុន​ក្បាល​ កូន​ត្រី​កាប​ឥណ្ឌា​បាន​ចំនួន​៥​មឺុន​ក្បាល​ និង​កូន​ត្រី​ទី​ឡាប្យា​បាន​ចំនួន​៣មឺុន​ក្បាល​ និង​ឈាន​ទៅ​ពង្រីក​ប្រភេទ​ពូជ​ត្រី​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​មាន​តម្លៃ​លើ​ទីផ្សារ។

ដោយ​ឡែក​ ក្នុង​ឱ​កាស​​ចុះ​​ពិនិត្យ​វាយ​តម្លៃ​ការ​ងារ​ចិញ្ចឹម​ត្រី​នៅ​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​យោ​ធិន​ពិការ សម្តេច​តេជោ ៣១៧ គូលែន​សៀម​រាប​ ឋិត​ក្នុង​ឃុំ​បល្ល័ង្ក ស្រុក​ប្រា​សាទ​បាគង លោក​បណ្ឌិត​ ណៅ​ ធួក បាន​ឱ្យ​ដឹង​ថា គំនិត​ផ្តួច​ផ្តើម​ដ៏​ឧត្តុង​្គឧត្តម​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន នៅ​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧គូលែន​សៀម​រាបនេះ​ឡើង​ ក្នុង​គោល​បំណង​ជួួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ របស់​យោធិន​ពិការ​ដែល​មាន​គុណ​បំណាច់​បម្រើ​​ឱ្យ​បុព្វ​ហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ មាន​ឱកាស​ការ​ងារ​និង​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​នៅ​នឹង​កន្លែង​គឺ​ការ​ធ្វើ​ផលិត​កម្ម​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ ​​ ។ 

សម្តេច​និង​លោក​ជំទាវ​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋ​បាល​ជល​ផល​ឱ្យ​បញ្ចូល​ការ​ងារ​ចិញ្ចឹម​ត្រី ដោយ​ប្រើ​ប្រាស់​មធ្យោ​បាយ​ស្រះ​ក្រាល​ថង​់ប្លា​ស្ទិក​នៅ​តាម​ក្រុម​គ្រួសារ​យោធិន​ពិការ​ ហើយ​ជា​លទ្ធ​ផល​គឺ​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ និង​ក្រុម​គ្រួសារខ្លះ​ពង្រីក​ការ​ចិញ្ចឹម​ពី​ស្រះមួយ​ក្នុង​មួយ​គ្រួសារ​ទៅ​​ស្រះ​ចំនួន​២ឬ៣​បន្ថែម​ទៀត​ ។

លោក​បណ្ឌិត​ ណៅ​ ធួក មាន​ប្រ​សាសន៍ថា ផ្តើម​ចេញ​ពីការ​បោះ​ជំហាន​​ទៅមុខ​លើ​ការងារ​ចិញ្ចឹមត្រី​​នេះ​ រដ្ឋ​បាល​ជល​ផល​ក៏​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​នូវ​កន្លែង​​ភ្ញាស់​និង​ផលិត​កូន​ត្រី​នៅ​ក្នុង​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ នេះ​តែ​ម្តង ​ដែល​គាំ​ទ្រ​ថវិកា​ពីអង្គ​ការ​កែ​ប្រែ​សហគមន៍​អស់​ថវិកា​ប្រមាណ​៦.៥០០​ដុល្លារ​អា​មេរិក​ នៅ​ក្នុង​ទិស​ដៅជំរុញ​ការ​ងារ​ចិញ្ចឹម​ត្រី​នៅ​ទីនេះ​ឱ្យ​មាន​និរន្ត​រ​ភាព​​ទៅ​ថ្ងៃ​អនាគត ។ ក្នុង​ខណៈនោះ​ដែរ​ លោក​បណ្ឌិត​ ណៅ ធួក ក៏​បាន​អញ្ជើញ​ចែក​កូន​ត្រីអណ្តែង​ពូជ​ជូន​ក្រុម​គ្រួសារ​យោធិន​ពិការ​ចំនួន​២៤​គ្រួសារ​ នៅ​ក្នុង​សកម្ម​ភាព​ពង្រីក​ការ​ចិញ្ចឹម​បន្ថែម​ទៀត ៕