រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះថា បានរកឃើញករណីជំងឺផ្តាសាយបក្សី ២ករណីបន្ថែម កើតលើស្ត្រីអាយុ៤៦ឆ្នាំ និងក្មេងប្រុសអាយុ១៦ឆ្នាំ ដែលត្រូវជាម្តាយ និងកូន ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា តាមការចុះអង្កេតស្រាវជ្រាវសកម្ម ដើម្បីស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្ត សៀមរាប ជាភូមិកើតហេតុនៃស្ត្រីអាយុ៤១ឆ្នាំ មានវិជ្ជមានជំងឺផ្តាសាយបក្សី ដែលបានចេញផ្សាយព័ត៌មាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញមានអ្នកជំងឺផ្តាសាយបក្សី ចំនួន០២ករណីថែមទៀតកើតលើស្ត្រី អាយុ ៤៦ឆ្នាំ និងក្មេងប្រុសអាយុ១៦ឆ្នាំ ដែលត្រូវជាម្តាយ និងកូន និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ ។ នេះជាករណីទី៩ និងទី១០ សម្រាប់ឆ្នាំ២០២៥ ។
ករណីទាំងពីរនេះ មានទីលំនៅចម្ងាយប្រមាណ២០ម៉ែត្រពីផ្ទះ អ្នកជំងឺអាយុ៤១ឆ្នាំ ។ បច្ចុប្បន្នស្ថានភាព សុខភាពករណីអ្នកជំងឺទាំងពីរ ស្ថិតក្នុងស្ថេរភាព និងកំពុងត្រូវបានព្យាបាលដោយឱសថតាមីហ្គូ (Tamiflu) ជាមួយការតាមដានបន្តដោយយកចិត្តទុកដាក់ ។
តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ ផ្ទះអ្នកជិតខាង និងនៅក្នុងភូមិ មានមាន់ទាឈឺ និងងាប់ អ្នកជំងឺបានកាន់ និងប៉ះពាល់មាន់ឈឺ និងងាប់ រួចយកមកធ្វើម្ហូបទទួលទាន ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេសស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ចពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរា.មកំហែ.ងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លា.ប់ជាយថាហេតុ៕
ចែករំលែកព័តមាននេះ