ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​កំណត់​ទីតាំង​ហាម​ជក់បារី អ្នក​បំពា.ន​អាច​ត្រូវ​ផាកពិន័.យ​ដល់​ជិត​១​ពាន់​ដុល្លារ

6 ម៉ោង មុន

ទី​ក្រុងប៉ារីស ៖ តាម​ច្បាប់​ថ្មី ប្រទេស​បារាំង​នឹង​ហាមប្រាម​ការ​ជក់បារី​នៅ​តាម​ឆ្នេរសមុទ្រ សួនច្បារ ឧទ្យាន​សាធារណៈ និង​ចំណត​រង់ចាំ​រថយន្តក្រុង ដោយ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥…

ទី​ក្រុងប៉ារីស ៖ តាម​ច្បាប់​ថ្មី ប្រទេស​បារាំង​នឹង​ហាមប្រាម​ការ​ជក់បារី​នៅ​តាម​ឆ្នេរសមុទ្រ សួនច្បារ ឧទ្យាន​សាធារណៈ និង​ចំណត​រង់ចាំ​រថយន្តក្រុង ដោយ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ តទៅ​។

ក្រិ​ត្យ​ដែល​បាន​ចេញផ្សាយ​ក្នុង​សារា​ចរណ៍​ផ្លូវការ​រដ្ឋាភិបាល​បារាំង កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ ក៏​ហាមប្រាម​ការ​ជក់បារី​នៅ​ខាងក្រៅ​បណ្ណាល័យ អាង​ហែល​ទឹក និង​សាលារៀន នៅ​ក្នុង​គោលបំណង​ការពារ​កុមារ​ពី​ផល​ប៉ះពាល់​ដោយសារ​ផ្សែង​បារី​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក្រឹត្យ​នេះ​មិន​បាន​លើក​ឡើង​អំពី​បារី​អេ​ឡិច​ត្រូ​និក​នោះ​ទេ​។ សម្រាប់​ជន​ណា​បំពាន​លើ​បម្រាម​នេះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផាកពិន័យ​ទឹកប្រាក់​ចំនួន​១៣៥​អឺ​រ៉ូ ឬ​ស្មើ ១៦០​ដុល្លារ​អា​មេ​រិ​ក ហើយ​ករណី​ធ្ងន់ធ្ងរ​នឹង​ត្រូវ​ផាកពិន័យ​ដល់​៧០០​អឺ​រ៉ូ ឬ​ស្មើ ៨២០​ដុល្លារ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ចំពោះ​ការ​ខកចិត្ត​របស់​សកម្មជន​ប្រឆាំង​ថ្នាំជក់​មួយ​ចំនួន​ទៅ​នឹង​បម្រាម​នេះ ដោយ​មិន​គ្របដណ្តប់​លើ​កន្លែង​លក់​ស្រា (​បារ​) និង​ភោជនីយដ្ឋាន ដែល​ជនជាតិ​បារាំង​ជា​ច្រើន​នៅ​តែ​ជក់បារី​ដោយ​រីករាយ​ដដែល​។ ពួក​គេ​ក៏​មិន​សប្បាយចិត្ត​ផង​ដែរ ដែល​បម្រាម​នេះ​មិន​អនុវត្ត​ចំពោះ​បារី​អេ​ឡិច​ត្រូ​និក​។

លោកស្រី Catherine Vautrin រដ្ឋមន្ត្រី​សុខាភិបាល​បារាំង ធ្លាប់​បាន​លើក​ឡើង​កាលពី​ខែឧសភា​កន្លង​ទៅ​ថា «​ថ្នាំជក់​ត្រូវ​តែ​បាត់​ពី​កន្លែង​ដែល​មាន​កុមារ ដោយ​បាន​គូសបញ្ជាក់​ពី​សិទ្ធិ​កុមារ​ក្នុង​ការ​ដកដង្ហើម​ជាមួយ​ខ្យល់​បរិសុទ្ធ​។ លោកស្រី​បាន​បន្ថែម​ថា ទាំងនេះ​គឺជា​ជំហាន​មួយទៀត ឆ្ពោះទៅ​រក​ជំនាន់​ដែល​គ្មាន​ថ្នាំជក់ ដែល​ប្រទេស​បារាំង​កំពុង​កំណត់​គោលដៅ ចាប់ពី​ឆ្នាំ​២០៣២​។

គួរ​បញ្ជាក់​ថា មនុស្ស​ប្រហែល ៧៥ ០០០​នាក់ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ស្លាប់​ដោយសារ​តែ​ផលវិបាក​ទាក់ទង​នឹង​ថ្នាំជក់​ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ប្រទេស​បារាំង ហើយ​តាម​របាយការណ៍​ពី OFDT បាន​បង្ហាញ​ថា សង្គម​ជាតិ​ខាតបង់​ប្រាក់​១៥៦​ពាន់​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ ដោយ​រាប់​បញ្ចូល​កត្តា​ទាំង​ជីវិត​បាត់បង់ គុណភាព​ជីវិត ផលិតភាព ការ​ការពារ ការ​អនុវត្ត​ច្បាប់ និង​ការ​ថែទាំ​សុខភាព​។ យោង​តាម​ការ​ស្ទង់​មតិ​កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​បង្ហាញ​ថា ប្រជាជន​បារាំង​៦​នាក់​ក្នុង​ចំណោម​១០​នាក់ ឬ​ស្មើនឹង ៦២% ពេញចិត្ត​ចំពោះ​ការ​ហាមប្រាម​ការ​ជក់បារី​នៅ​កន្លែង​សាធារណៈ​៕ ដកស្រង់ ៖ AFP និង The Guardian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ