ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ទទួលយកបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។ លោកបង្ហោះសារនៅលើបណ្ដាញសង្គមថា «ត្រូវចរចាឱ្យមានកិច្ចព្រមព្រៀងនៅហ្កាហ្សា និងនាំយកចំណាប់ខ្មាំងត្រឡប់មកវិញ»។ កិច្ចព្រមព្រៀងដែលអ៊ីស្រាអែល និងហាម៉ាស់ឯកភាពគ្នាកាលពីខែមករា ឆ្នាំ២០២៥នេះបានផុតសុពលភាពទៅវិញកាលពីខែមីនា។ រាល់ការចរចាគ្នាក្រោយៗមកទៀតគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។
ហេតុនេះ អ៊ីស្រាអែលចាប់ផ្ដើមបើកប្រតិបត្តិការសឹកនៅតំបន់ហ្កាហ្សាសាជាថ្មី។ លោកត្រាំតាំងខ្លួនជាអ្នកជួយផ្សះផ្សាសន្តិភាព។ លោកជំរុញឱ្យអ៊ីស្រាអែលបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងបិទបញ្ចប់អរិភាពជាមួយអ៊ីរ៉ង់។ សូម្បីតែជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន និងរវាងរុស្ស៊ី និងអ៊ុយក្រែនក៏លោកត្រាំបាន និងកំពុងខិតខំសម្រុះសម្រួលយ៉ាងខ្លាំងក្លាផងដែរ។ គ្រាន់តែថាពេលខ្លះជោគជ័យ និងពេលខ្លះមិនសូវជោគជ័យ។
សព្វថ្ងៃនេះ នៅសល់ចំណាប់ខ្មាំង៥០នាក់ទៀតនៅក្នុងដៃរបស់ក្រុមហាម៉ាស់។ លោកត្រាំនៅតែមានជំនឿថាបទឈប់បាញ់អាចនឹងទៅរួចនៅសប្ដាហ៍ក្រោយ។ លោកយល់ថាបទឈប់បាញ់ជិតឈានដល់កិច្ចព្រមព្រៀងហើយ។ លោកទើបតែនិយាយជាមួយភាគីពាក់ព័ន្ធនានា។ លោកចាត់ទុកថានេះជាកាលៈទេសៈដ៏លំបាក។
សារព័ត៌មានអ៊ីស្រាអែលផ្សាយថាមន្ត្រីរដ្ឋាភិបាលដែលចូលរួមនៅក្នុងការចរចាគ្នាដើម្បីដោះលែងចំណាប់ខ្មាំង និងឱ្យមានបទឈប់បាញ់នោះមិនមានសុទិដ្ឋិនិយមខ្លាំងពេកដូចលោកត្រាំទេ។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ថ្លែងប្រាប់ទូរទស្សន៍ប៊ីប៊ីស៊ី (BBC) ថាក្រុមអ្នកសម្រុះសម្រួលនៅតែបន្តខិតខំជានិច្ច។ គ្រាន់តែថាម្ដងមានសង្ឃឹម និងម្ដងអត់សង្ឃឹម។
ប្រភពម្នាក់ដែលដឹងអំពីការចរចាគ្នា និងដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាកិច្ចព្រមព្រៀងអាចនឹងទៅរួច។ លោកត្រាំចង់ផ្ញើសារប្រាប់ទៅលោកណឺតាន់យ៉ាហ៊ូថាល្មមដល់ពេលដែលត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងហើយ, សំកុកសំកឹងដល់ណាទៀត? នេះជាឱកាសល្អហើយទាន់អ៊ីស្រាអែល និងអ៊ីរ៉ង់ទើបតែឈប់បាញ់គ្នា៕
ចែករំលែកព័តមាននេះ