ទីក្រុងយេរូសាឡឹម៖ អ៊ីស្រាអែលវាយប្រហារថ្មីៗនេះទៅលើពន្ធនាគារអ៊ីវីន (Evin Prison) នៅរដ្ឋធានីតេអេរ៉ង់បណ្ដាលឱ្យស្លាប់មនុស្ស៧១នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីរ៉ង់ឈ្មោះមីហ្សាន (Mizan)។ ជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍នោះជាបុគ្គលិករដ្ឋបាល, យោធិនជាប់កាតព្វកិច្ច, អ្នកជាប់ឃុំ, គ្រួសារអ្នកជាប់ឃុំដែលទៅសួរសុខទុក្ខសាច់ញាតិរបស់ខ្លួន និងប្រជាជនរស់នៅក្បែរៗពន្ធនាគារ។ នេះបើយោងតាមលោកអាស់ស្ងា ហ្សាហាងងៀ (Asghar Jahangir) ជាអ្នកនាំពាក្យអ៊ីរ៉ង់។
សារព័ត៌មានហ្វាស (Fars) ផ្សាយថាបរិវេណពន្ធនាគារនោះខូចខាតយ៉ាងខ្លាំង។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលទទួលស្គាល់ថាយោធាអ៊ីស្រាអែលបានវាយប្រហារច្រកចូលពន្ធនាគារអ៊ីវីនកាលពីថ្ងៃចន្ទពិតមែន។ កងសន្តិសុខនៅពន្ធនាគារជាប់ឈ្មោះអាក្រក់ខាងធ្វើបាប និងរំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមក្រុមអ្នករិះគន់របបដឹកនាំនៅអ៊ីរ៉ង់។ អ្នកជាប់ឃុំនៅពន្ធនាគារនេះមានចម្រុះគ្រប់និន្នាការ និងគ្រប់ស្រទាប់វណ្ណៈមានតាំងពីសកម្មជននយោបាយ, អ្នកសារព័ត៌មាន, តន្ត្រីករ។ល។
គេមិនទាន់ដឹងច្បាស់ថាតើហេតុអ្វីបានជាអ៊ីស្រាអែលវាយប្រហារពន្ធនាគារនោះ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលថ្លែងថានៅពេលនោះ យោធាអ៊ីស្រាអែលវាយប្រហារពន្ធនាគារនេះផង និងទីតាំងដទៃទៀតរួមទាំងអគារធំរបស់ឆ្មាំបដិវត្តអ៊ីរ៉ង់ និងបញ្ជាការដ្ឋានរបស់កងទ័ពប៉ារ៉ា។ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះសូមមិនពន្យល់លម្អិតអំពីមូលហេតុនៃការវាយប្រហារទេ។
បារាំងប្រកាសថ្កោលទោសការវាយប្រហារពន្ធនាគារនោះជាទម្ងន់ព្រោះមានជនជាតិរបស់ខ្លួនជាប់ឃុំនៅក្នុងពន្ធនាគារនោះដែរ។ រដ្ឋមន្ត្រីការបរទេសបារាំង លោកហ្សង់ ណូអែល បារ៉ូ (Jean-Noël Barrot) បង្ហោះសារនៅលើបណ្ដាញអ៊ិចថាការវាយប្រហារពន្ធនាគារអ៊ីវីនធ្វើឱ្យជនជាតិរបស់យើង២នាក់ស្ថិតនៅក្នុងគ្រោះថ្នាក់។ ម្នាក់ឈ្មោះសេស៊ីល កូឡឺ (Cecile Kohler) និងម្នាក់ទៀតឈ្មោះហ្សេកប៉ារី (Jacques Paris)។
ជនជាតិបារាំងទាំង២នាក់ធ្វើដំណើរវិសម្សកាលនៅប្រទេសអ៊ីរ៉ង់កាលពីខែឧសភា ឆ្នាំ២០២២។ ក្រោយមក អាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនពួកគេពីបទស៊ើបការណ៍សម្ងាត់។ ខែតុលា ឆ្នាំ២០២៤ ទូរទស្សន៍ជាតិអ៊ីរ៉ង់ផ្សាយថាពួកគេសារភាពទោសកំហុសថាបានលួចការណ៍សម្ងាត់ពិតមែន។ បន្ទាប់ពីវាយប្រហារគ្នាទៅវិញទៅមករយៈពេល១២ថ្ងៃ នៅទីបំផុត អ៊ីរ៉ង់ និងអ៊ីស្រាអែលយល់ព្រមទទួលយកបទឈប់បាញ់ដែលចូលជាធរមានកាលពីថ្ងៃទី២៤ ខែមិថុនា៕
ចែករំលែកព័តមាននេះ