សារព័ត៌មានដឹសាន់ ផ្សាយឱ្យដឹងថា ជនជាតិឥណ្ឌាដែលមានសាច់ដុំតូចបំផុតនៅលើពិភពលោកបានស្លាប់ហើយ កាលពីថ្ងៃទី១៣ កញ្ញា ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល ក្រោយពីអត់ធ្មត់នឹងអាការជំងឺដ៏អាក្រក់នេះអស់់រយៈពេលជាច្រើនឆ្នាំ ។
លោកអេឌីត្យា រ៉ូមីអូ ដេហ្វ អាយុ២៣ឆ្នាំ ដែលមានកម្ពស់០,៨៣ម៉ែត្រ ដួលសន្លប់បាត់ស្មារតីនៅក្នុងផ្ទះនៅមុនពេលបញ្ជូនទៅមន្ទីរពេទ្យក្រុងចាឡានហា តំបន់ប៉ាន់ចាប ជាបន្ទាន់ ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។
លោកអានីល អេហ្វ ឆាម៉ា ជាឪពុកអាយុ៥៣ឆ្នាំ បានថ្លែងក្នុងសំឡេងអួលអាក់ថា «គេមានសុខភាពល្អ លុះនៅយប់ថ្ងៃទី១៣ កញ្ញា ស្រាប់តែដួលសន្លប់ ។ ក្រុមគ្រួសារប្រញាប់ប្រញាល់បញ្ជូនគេទៅមន្ទីរពេទ្យ ។ គេស្ថិតក្នុងអាការសន្លប់ធ្ងន់ និងមិនបានដឹងខ្លួនពេញមួយយប់» ។គ្រូពេទ្យបញ្ជាក់ថា សរសៃឈាមដែលប្តូរផ្លាស់ចរន្តក្នុងខួរក្បាលបានបែក គឺជាមូលហេតុនៃការស្លាប់របស់រ៉ូមីអូ ដេហ្វ ។
លោកនីរ៉ាច ចានដាន វេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យសាតយ៉ាម ដែលព្យាយាមជួយសង្គ្រោះអ្នកជំងឺអស់ពីលទ្ធភាព បានថ្លែងបញ្ជាក់ពីការស្លាប់របស់លោកអេឌីត្យា រ៉ូមីអូ ដេហ្វថា «គេបានបញ្ជូនមកមន្ទីរពេទ្យក្នុងសភាពសន្លប់បាត់ស្មារតី បណ្តាលមកពីដាច់សរសៃឈាមក្នុងខួរក្បាល»។ បុរសរងគ្រោះដល់ជីវិតជនជាតិឥណ្ឌាមា្នក់នេះ ត្រូវគេកត់ត្រាក្នុងគីណេសប៊ុក កាលពីឆ្នាំ២០០៦ ក្រោយពីអាចលើកទម្ងន់បានប្រហែល១,៥គីឡូក្រាម ខណៈដែលគេមានទម្ងន់ត្រឹមតែ៩គីឡូក្រាមប៉ុណ្ណោះ ។
រ៉ូមីអូ ដេហ្វ កាលពីឆ្នាំ២០០៨ កន្លងមក បានធ្វើដំណើរទៅជួបគ្រូពេទ្យជំនាញសហរដ្ឋអាមេរិក និងទទួលការវិនិច្ឆ័យថា សរសៃឈាមក្នុងខួរក្បាលស្ពៀត ។ អាការបែបនេះ គ្រូពេទ្យមានក្តីបារម្ភថា សរសៃឈាមរបស់គេអាចបែក និងអាចបណ្តាលឱ្យស្លាប់នៅគ្រប់ពេល ៕
ចែករំលែកព័តមាននេះ