ក្រុមហ៊ុនកូកា-កូឡាបង្ហើបឱ្យដឹងនៅក្នុងប្រព័ន្ធវេបសាយកាលពីថ្ងៃទី១០ កញ្ញា ថាខ្លួន បានត្រឡប់ទៅប្រតិបត្តិផ្នែកទីផ្សារក្នុងប្រទេសភូមាជាថ្មី ក្រោមស្ថានភាពនយោបាយដែលមានលក្ខណៈល្អប្រសើរ ក្រោយពីមានកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយ។
លោកមូថា ខេន ប្រធានក្រុមហ៊ុនកូកា-កូឡាបានប្រារព្ធពិធីប្រគល់កេសភេសជ្ជៈកូកា-កូឡាដោយផ្ទាល់ដល់ម្ចាស់ហាងម្នាក់ក្នុងទីក្រុងរ៉ង់ហ្គូន និងជាលើកដំបូងក្នុងអំឡុងពេល៥២ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៦០កន្លងមក ។
កូកា-កូឡាបានជួបនឹងគូប្រជែងក្រុមហ៊ុនប៉េបស៊ីនៅក្នុងការលុកលុយទីផ្សារភូមាជាផ្លូវការ ក្រោយពីរដ្ឋាភិបាលអាមេរិកប្រកាសលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់អតីតរដ្ឋាភិបាលយោធាភូមា កាលពីដើមឆ្នាំកន្លងមក ដោយសេចក្តីប្រកាសនោះបានចាប់ផ្តើមកាលពីខែកក្កដា ខណៈពេលក្រុមហ៊ុនប៉េបស៊ីដែលទើបតែបញ្ឈប់ដំណើរការលើទីផ្សារក្នុងភូមាតាំងពីឆ្នាំ១៩៩៧ ប៉ុន្តែក៏បានប្រកាសលុកលុយកាលពីខែមុនថា នឹងត្រឡប់ទៅប្រកបមុខជំនួញនៅភូមាជាថ្មី ។
ទោះបីជាក្រុមហ៊ុនភេសជ្ជៈទាំង២ មានដាក់លក់នៅតាមហាងក្នុងទីក្រុងរ៉ង់ហ្គូនក៏ដោយ ប៉ុន្តែការលួចលាក់នាំចូលពីប្រទេសជិតខាង បានធ្វើឱ្យតំលៃកើនខ្ពស់ជាងប្រក្រតីដល់ទៅ១.០០០ចាត ក្នុងមួយដប(ប្រាក់ភូមា)ឬប្រហែល១ដុល្លារ ។ ការលក់ដោយស្របច្បាប់នឹងជួយ ដល់រដ្ឋាភិបាលភូមាមានចំណូលពីការប្រមូលពន្ធ ខណៈពេលមុននេះរដ្ឋាភិបាលត្រូវបាត់បង់ចំណូលពីការនាំចូលស្រាបៀរដោយខុសច្បាប់ទៅ២៧លានដុល្លារក្នុងមួយឆ្នាំ ។បច្ចុប្បន្នមានតែប្រទេសចំនួន២ នៅលើពិភពលោកដែលក្រុមហ៊ុនកូកា-កូឡា និងប៉េបស៊ីមិនទាន់ចូលលុកលុយក្នុងទីផ្សារគឺប្រទេសគុយបា និងកូរ៉េខាងជើង ទោះបីជាមានរបាយការណ៍មួយចំនួនបញ្ជាក់ថា នៅ ហាងភីហ្សាមួួយកន្លែងក្នុងក្រុងព្យុងយ៉ាងមានកូកា-កូឡាអីុតាលីលក់ក៏ដោយ ។
ដោយឡែកលោកហ៊ូ ហ្គោឆាវេស ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានអំពាវនាវឱ្យប្រជាជនឈប់ពិសាភេសជ្ជៈកូកា-កូឡា និងប៉េបស៊ី រួមទាំងងាកទៅបរិភោគទឹកក្រូច ដែលផលិតក្នុងប្រទេស ។ កាលពីខែមុនលោកដេវីដ ចូហ្គ័រហួនកា រដ្ឋមន្រ្តីក្រសួងបរទេសបូលីវី ថ្លែងថា បូលីវី នឹងដាក់បំរាមភេសជ្ជៈកូកា-កូឡា នៅដំណាច់ឆ្នាំនេះថា ជាការបញ្ចប់ប្រព័ន្ធមូលធននិយម ៕
ចែករំលែកព័តមាននេះ