ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូរាយការណ៍ថា ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំប្រទេសចិនលោក ស៊ីនីជី នីស៊ីមីយ៉ា បានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី១៦ កញ្ញា ក្នុងមន្ទីរពេទ្យមួយនៃក្រុងតូក្យូ ។លោក នីស៊ីមីយ៉ា អាយុ៦០ឆ្នាំ បានដួលសន្លប់កាលពីព្រឹកថ្ងៃទី១៣ កញ្ញា ពេលលោកដើរកម្សាន្តតាមវិថីមួយនៃក្រុងតូក្យូ ។ ប៉ូលិសនិយាយថា ការដួលសន្លប់ភ្លាមៗដូច្នេះរបស់លោកបណ្តាលមកពីលោកមានជំងឺ ។ ក៏ប៉ុន្តែមូលហេតុពិតប្រាកដនៃការសន្លប់នោះនៅមិនទាន់កំណត់នៅឡើយទេ ។
លោក នីស៊ីមីយ៉ា ត្រូវបានតែងតាំងសម្រាប់ជំនួសលោកអ៊ូជីរ៉ូនីវ៉ា ចំពេលដែលទំនាក់ទំនងចិន-ជប៉ុនមានភាពតានតឹងខ្លាំងមកពីជម្លោះទាក់ទិនប្រជុំកោះមួយនៅសមុទ្រចិនខាងកើត ។ក្នុងឋានៈជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោកនីស៊ីមីយ៉ា បានធ្វើការសម្របសម្រួលជាមួយប្រទេសដទៃៗទៀត ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូល APEC នាពេលថ្មីៗនេះ នៅទីក្រុងវ៉្លាឌីវូ៉ស្តុកប្រទេសរុស្ស៊ី ៕
ចែករំលែកព័តមាននេះ