បាតុករជាច្រើនសិបពាន់នាក់ បាននាំគ្នាដើរហែក្បួនកាលពីថ្ងៃទី១៥ កញ្ញា នៅកណ្តាលទីក្រុងមូស្គូ ដើម្បីទាមទារឱ្យលោកពូទីនចាកចេញពីអំណាច ហើយប៉ុនប៉ងបង្ហាញកម្លាំងជាថ្មីរបស់ពួកប្រឆាំង ។ សម្រាប់មហាបាតុកម្មលើកដំបូងនេះចាប់តាំងពីខែមិថុនា មក ពួកបាតុករបាននាំគ្នា ស្រែកពាក្យថា «រុស្ស៊ីគ្មានពូទីន» ដោយពួកគេហែក្បួន ក្រោមផ្ទៃមេឃមានពពកមីខ្មៅ នៅតាមមហា វិថីមួយនាកណ្តាលរដ្ឋធានីរុស្ស៊ី ។
យោងតាមសាក្សីទាំងឡាយថា ពួកអ្នករៀបចំសម្រេចបានទិសដៅរបស់ពួកគេប្រមូលផ្តុំមនុស្សដល់ទៅយ៉ាងតិច៥០.០០០នាក់ ។
ធ្វើប្រធានាធិបតីរស្ស៊ីពីឆ្នាំ២០០០ដល់២០០៨ បន្ទាប់មកធ្វើនាយករដ្ឋមន្ត្រីរយៈពេល៤ឆ្នាំ លោកវ៉្លាឌីមៀរពូទីន បានវិលត្រឡប់មកកាន់វិមានក្រឹមឡាំងវិញសម្រាប់អាណត្តិ៦ឆ្នាំ តាមរយៈការបោះឆ្នោតប្រធានាធិបតីកាលពីខែមីនា។
យោងតាមសាក្សីទាំងឡាយថា លោកស័រហ្គេយអ៊ូដាល់សូវមេដឹកនាំប្រឆាំងម្នាក់និងមនុស្សជាច្រើននាក់ទៀត ត្រូវចាប់ខ្លួននាវេលាម៉ោង២២ ម៉ោងក្នុងស្រុក ជាម៉ោងហួសពេលកំណត់អនុញ្ញាតឱ្យធ្វើបាតុកម្មដោយសាលា ក្រុង ។ចំណែកមនុស្សប្រមាណជា២.០០០នាក់ ធ្វើបាតុកម្មដែរ នៅក្រុងសាំងប៉េទ័រស្បួរ ទីក្រុងកំណើតរបស់លោកពូទីន ៕
ចែករំលែកព័តមាននេះ