បណ្តាអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារឧតុនិយមកូរ៉េ KMA រាយការណ៍កាលពីថ្ងៃទី១៤ កញ្ញា កន្លងមកនេះថា ខ្យល់ព្យុះខ្លាំងថ្មីមួយកំពុងតែបោកបក់យ៉ាងលឿនសំដៅទៅទិសខាងជើង ហើយត្រូវបោកបក់កាត់ប្រទេសកូរ៉េខាងត្បូងទាំងមូលនាដើមសប្តាហ៍នេះ ។
ព្យុះទីហ្វុងឈ្មោះ សានបា SANBA នោះស្ថិតនៅចម្ងាយ៨៣០គីឡូម៉ែត្រ ភាគអាគ្នេយ៍ កោះអូគីណាវ៉ា របស់ជប៉ុនហើយ បោកបក់ឆ្ពោះមកទិសខាងជើងជាមួយកម្លាំងខ្យល់អតិបរមា ៥៦ម៉ែត្រក្នុង១វិនាទីចាប់ពីម៉ោង១៥ថ្ងៃទី១៤ កញ្ញា ទៅ ។ ព្យុះនោះអាចមកជិតដល់កោះJEJUកូរ៉េខាងត្បូង នារសៀលថ្ងៃទី១៦ កញ្ញា មុនពេលបោកបក់លើធ្នេរសមុទ្រខាងត្បូង របស់ប្រទេសនាថ្ងៃទី១៧ កញ្ញា ។
KMAព្យាករណ៍ថា ព្យុះសានបាអាចក្លាយជាព្យុះខ្លាំងមួយនាថ្ងៃទី១៧ កញ្ញា គឺខ្លាំងជាងព្យុះMAEMI ដែលបំផ្លិចបំផ្លាញឧបទ្វីបកូរ៉េធ្ងន់ធ្ងរបំផុតកាលពីឆ្នាំ២០០៣បណ្តាលឱ្យមនុស្សស្លាប់ ១៣២នាក់ និងបង្កការខូចខាតខាងសម្ភារយ៉ាងធំធេង ។ ព្យុះសានបា ជាព្យុះទី១៦ប្រចាំរដូវនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំងដល់៥០ម៉ែត្រក្នុង១វិនាទីនារសៀលថ្ងៃទី១៦ កញ្ញា ។
ប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចបង្កឡើងដោយសារព្យុះនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានកោះប្រជុំបន្ទាន់មួយ របស់បណ្តាអ្នកទទួលខុសត្រូវទទួលបន្ទុកខាងគ្រោះមហន្តរាយ ៕
ចែករំលែកព័តមាននេះ