សេតវិមានគូសបញ្ជាក់កាលពីថ្ងៃទី១៣ កញ្ញា ថា ខ្លួនតាមដានយ៉ាងប្រកិតចំពោះសភាពការណ៍នៅ តាមស្ថានបេសកកម្មការទូតអាមេរិកលើពិភពលោក ដោយខ្លាចបាតុកម្មប្រទូស្តរ៉ាយថ្មីៗឆ្លងរាលដាលក្នុងបណ្តាប្រទេសពិភពអារ៉ាប់ ពិសេសថ្ងៃសុក្រជាថ្ងៃសូត្រធម៌ធំសម្រាប់ពួកអ៊ិស្លាម ។អ្នកនាំពាក្យសេតវិមានលោកJAY CARNEY ថ្លែងថា បាតុកម្មនានាប្រព្រឹត្តទៅនៅកន្លែងផ្សេងៗនៃពិភពលោកដោយសារតែខ្សែភាពយន្តរឿង«ភាពស្លូតត្រង់របស់អ៊ិស្លាម »និងថាថ្ងៃសុក្រទី១៤ កញ្ញា ពួកអ៊ិស្លាមអាចធ្វើបាតុកម្មនៅកន្លែងជាច្រើននៃពិភពលោក ។
បាតុកម្មដំបូងៗ កើតមាននៅអេហ្ស៊ីប និងនៅលីប៊ីកាលពីថ្ងៃទី១១ កញ្ញា ។ នៅលីប៊ីអំពើហិង្សាបណ្តាលឱ្យស្លាប់ជនជាតិអាមេរិក៤នាក់ ក្នុងនោះមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីប៊ីផង ។ ថ្ងៃទី១៣ កញ្ញា មនុស្ស៤នាក់បានត្រូវស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងប៉ូលិសនិងពួកបាតុករដែលតវ៉ានៅជិតស្ថានទូតអាមេរិកប្រចាំក្រុងសាណា ប្រទេសយេម៉ែន ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីលឡារីគ្លីនតុន កាលពីថ្ងៃទី១៣ កញ្ញា បានរិះគន់ខ្សែភាពយន្តប្រឆាំងអ៊ិស្លាម ដោយចាត់ទុកថាជាខ្សែភាពយន្តគួរឱ្យស្អប់ខ្ពើម។ក្នុងសុន្ទរកថាមួយតាមទូរទស្សន៍ លោកស្រីគ្លីនតុនគូសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកពុំមានទាក់ទិនអ្វីជាមួយខ្សែភាពយន្តនេះឡើយ តែលោកស្រីក៏បញ្ជាក់ជាថ្មីដែរថា ពុំត្រឹមត្រូវឡើយដែលគេឆ្លើយតបវិញចំពោះខ្សែភាពយន្តនេះតាមរយៈអំពើហិង្សា។ លោកស្រីអំពាវនាវដល់មេដឹកនាំរបស់ប្រទេសដទៃៗទៀត ឱ្យប្រឆាំងនិងថ្កោលទោសអំពើហិង្សាទាំងនេះ ។ លោកស្រីមានប្រសាសន៍ថា វាអាក្រក់ខ្លាំងណាស់ដែលអំពើហិង្សាធ្វើសំដៅប្រឆាំងបណ្តាបេសកកម្មការទូត ។ ទីតាំងទាំងនោះ ជាកន្លែងដែលគោលដៅសំខាន់គឺជំរុញការយោគយល់គ្នាកាន់តែប្រសើររវាងបណ្តាប្រទេសនិងបណ្តាវប្បធម៌ ។
ចំណែកប្រធានាធិបតីរុស្ស៊ីលោកវ្លា៉ឌីមៀរពូទីនវិញ កាលពីថ្ងៃទី១៣ កញ្ញា បានថ្កោលទោសការវាយប្រហារដែលបណ្តាលឱ្យស្លាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីប៊ីដោយលោកបញ្ជាក់ថា ការជួយទ្រទ្រង់របស់ពួកលោកខាងលិចដល់ការបះបោរក្នុងពិភពអារ៉ាប់ គឺ ជាដើមចមនៃអស្ថេរភាពក្នុងផ្នែកនេះនៃពិភពលោក ៕
ចែករំលែកព័តមាននេះ