ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍កាលពីថ្ងៃទី១២ កញ្ញាថា កងមា៉រីនអាមេរិកបានបញ្ជូននាវាពិឃាត២គ្រឿងឆ្ពោះមកកាន់ឆ្នេរសមុទ្រលីប៊ី ក្រោយការស្លាប់ឯកអគ្គរដ្ឋទូតអាមេរិកក្នុងការវាយប្រហារមួយប្រឆាំងស្ថានកុងស៊ុលអាមេរិកប្រចាំក្រុងបេនហ្គាហ្ស៊ី ភាគខាងលិចលីប៊ីមក ។
ទូរទស្សន៍CNN រាយការណ៍ថា នាវា ពិឃាតUSS LABOON និងនាវាពិឃាត USS MCFAUL ត្រូវដាក់ពង្រាយក្នុងដែនទឹកលីប៊ី ។ ដោយដកស្រង់សម្តីបណ្តាអ្នកទទួលខុសត្រូវអាមេរិកCNN និយាយថា នាវាចម្បាំងទាំង២គ្រឿងនោះនឹងផ្តល់នូវភាពងាយស្រួល ដល់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា ក្នុងករណីដែលរដ្ឋាភិបាលរបស់លោកសម្រេចចាត់វិធានការនានាប្រឆាំងពួកសកម្មប្រយុទ្ធនៅលីប៊ី ។ ចំណែកព័ត៌មានដទៃទៀតៗបញ្ជាក់ថា ការដាក់ពង្រាយនោះគ្រាន់តែជាវិធានការបង្ការមួយប៉ុណ្ណោះ ។
ការដាក់ពង្រាយនេះធ្វើឡើងភ្លាមៗក្រោយការវាយប្រហារស្ថានកុងស៊ុល អាមេរិកក្រុងបេនហ្គាហ្ស៊ីបណ្តាលឱ្យស្លាប់ឯកអគ្គរដ្ឋទូតលោកគ្រឹសស្តេវេន និងមន្ត្រីអាមេរិក៣នាក់ទៀតមក ។ ក្រោយការវាយប្រហារនេះក្រសួងការបរទេសអាមេរិកបានធ្វើមាតុភូមិនិវត្តន៍បុគ្គលិកការទូតភាគច្រើនរបស់ខ្លួននៅលីប៊ី ។ មន្ទីរប៉ង់តាហ្គោនក៏បានបញ្ជូនកងឯកភាពពិសេសមួយនៃកងម៉ារីន មានមនុស្ស៥០នាក់ មកកាន់ទីក្រុងទ្រីប៉ូលីដើម្បីជួយការពារបន្ថែមដល់ពួកអ្នកការទូតអាមេរិកដែលបន្តស្ថិតនៅក្នុងប្រទេសនោះដែរ ។
ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី១២ កញ្ញា បានបរិហារការវាយប្រហារនោះដោយលោកសន្យាតាមចាប់ខ្លួនពួកឃាតករមកកាត់ទោស ។ ក្នុងសេចក្តីប្រកាសមួយក្នុងសេតវិមានដោយមានលោកស្រីហ៊ីលឡារីគ្លីនតុនរដ្ឋមន្ត្រីការបរទេសរបស់លោកនៅអែមផងលោកអូបាម៉ាថ្លែងថា សហរដ្ឋអាមេរិកថ្កោលទោសដោយម៉ឺងម៉ាត់បំផុតចំពោះការវាយប្រហារដ៏អាស្រូវនិងគួរឱ្យក្តុកក្តួលនេះ ។ ចូរជឿជាក់លើរូបខ្ញុំចុះយើងនឹងធ្វើការជាមួយរដ្ឋាភិបាលលីប៊ីដើម្បីចាប់ខ្លួនពួកឃាតករមកកាត់ទោស ៕
ចែករំលែកព័តមាននេះ