មនុស្សយ៉ាងតិចដល់៣១០នាក់ហើយត្រូវស្លាប់ក្នុងគ្រោះអគ្គិភ័យ២ដែលឆេះបំផ្លាញរោងចក្រ២ខុសពេលគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងទីក្រុងធំ២របស់ប៉ាគីស្ថាន ។
យោងតាងតុល្យការចុងក្រោយមួយផ្តល់ឱ្យកាលពីថ្ងៃទី១២ កញ្ញា ដោយអាជ្ញាធរមូលដ្ឋានថា អគ្គិភ័យទីមួយដែលកើតមានកាលពីយប់ថ្ងៃទី១១ កញ្ញា ក្នុងរោងចក្រផលិតស្បែកជើងមួយក្នុងទីក្រុងឡាហ័រភាគខាងកើតប្រទេសបណ្តាលឱ្យមនុស្សស្លាប់២១នាក់ ។
អគ្គិភ័យទី២កើតមានក្នុងរោងចក្រកាត់ដេរមួយនៅក្រុងការ៉ាជីភាគខាងត្បូងប្រទេសមានប្រជាជនដល់១៧លាននាក់ ជាទីក្រុងឧស្សាហកម្មប៉ាគីស្ថាន តុល្យការអ្នកស្លាប់នាពេលនេះឡើងដល់២៨៩នាក់ ធ្វើឱ្យចំនួនសរុបនៃជនរងគ្រោះក្នុងឧប្បត្តិហេតុទាំង២នេះឡើងដល់យ៉ាងតិច៣១០នាក់ ។
ផ្នែកពន្លត់ភ្លើងក្រុងការ៉ាជីនិយាយថា យើងប្រមូលសាកសពមនុស្សច្រើននាក់ពីជាន់ក្រោមដីនៃរោងចក្រ គឺច្រើនជាងនៅបណ្តាជាន់ខាងលើអាស្រ័យហេតុនេះហើយបានជាតួលេខចេះតែកើនឡើង ។ ផ្នែកខាងក្រោមដីត្រូវភ្លើងឆេះអស់ទាំងស្រុង ។ ជនរងគ្រោះស្លាប់ដោយពុលផ្សែងមុនពេលត្រូវភ្លើងឆេះខ្លួនពួកគេ ។
យោងតាមលោកតារិក ហ្សាម៉ាន់អ្នកទទួលខុសត្រូវម្នាក់របស់រដ្ឋាភិបាលប៉ាគីស្ថានថា អគ្គិភ័យនៅក្រុងឡាហ័រមកពីកំហុសបច្ចេកទេសនៃអាគុយអគ្គិសនី ។ រីឯមូលហេតុពិតប្រាកដនៃគ្រោះមហន្តរាយនៅក្នុងការ៉ាជីនៅពុំទាន់ដឹងនៅឡើយ ។ កម្មករប្រមាណជា៦០នាក់ អាចគេចផុតពីអណ្តាតភ្លើងដោយលោតចេញតាមបង្អួច ៕
ចែករំលែកព័តមាននេះ