មន្ត្រីទាំងឡាយគូសបញ្ជាក់ថា មនុស្ស១០នាក់ ស្លាប់ក្នុងការធ្លាក់យន្តហោះមួយគ្រឿងធុន AN-28 នៅឧបទ្វីបកាមឆាត់កាចុងបូព៌ារុស្ស៊ីកាលពីថ្ងៃទី១២ កញ្ញា ។អ្នកនាំពាក្យម្នាក់របស់ផ្នែកសភាពការណ៍បន្ទាន់មូលដ្ឋានគូសបញ្ជាក់ថា យន្តហោះនោះដែលដឹកអ្នកដំណើរ១២នាក់ និងសមាជិកក្រុមយានិក២នាក់ បានធ្លាក់ពេលអ្នកបើកប៉ុនប៉ងចុះចតបន្ទាន់នៅកន្លែងមួយ ស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រពីមូលដ្ឋានប៉ាឡាម៉ា ។
ពួកអ្នកជួយសង្គ្រោះដំបូងប្រមូលសាកសពមនុស្ស៩នាក់ នៅកន្លែងយន្តហោះធ្លាក់ ។ មនុស្ស៤នាក់ត្រូវរបួស ហើយមនុស្សម្នាក់សង្ស័យបាត់ខ្លួន ។ ក៏ប៉ុន្តែយោងតាមព័ត៌មានចុងក្រោយថា កុមារម្នាក់ក្នុងចំណោមអ្នករបួស៤នាក់បានស្លាប់ដោយរបួសធ្ងន់ធ្វើឱ្យចំនួនអ្នកស្លាប់ឡើងដល់១០នាក់ ។យន្តហោះនេះបានបាត់ការទាក់ទងជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យការហោះហើរ កាលពីវេលាម៉ោង១២និង២៨នាទីម៉ោងក្នុងស្រុក ។ ក្រុមជួយសង្គ្រោះដែលជិះឧទ្ធម្ភាគចក្រមួយគ្រឿងធុន MI-8បានរកឃើញបំណែកយន្តហោះនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីភូមិប៉ាឡាម៉ា ៕
ចែករំលែកព័តមាននេះ