ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​​​​កីឡាករប្រដាល់ អេ​ ភូ​ថង​ និយាយ​ពី​ជំហាន​​ក្លាយ​ជា​​​អាជ្ញា​កណ្តាល​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រហូត​មក​ដល់​​ពេល​នេះ​​​ វត្ត​មាន​​​របស់​អ្នក​ស្រី​​​សាំង​ សុម៉ាលី​​​ ភរិ​យា​​​អតីត​​​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​​​អេ​ ភូ​ថង​​ កំពុង​តែ​មាន​​ឈ្មោះ​​​បោះ​សំឡេង​​​នៅ​លើ​សង្វៀន​​​​ប្រដាល់​​​​កាន់​តែ​ខ្លាំង​​​​​ ក្នុង​តំណែង​​​​ជា​អាជ្ញា​កណ្តាល​​​ស្រី​ផង​ និង​ជា​គ្រូ​បង្វឹក​​​ផង​ ។​​ អ្នក​ស្រី​​​បាន​​​បញ្ជាក់​​​ឱ្យ​ដឹង​ពី​​​​​ដំណើរ​ជីវ​ិត​​​របស់​​ខ្លួន​​​​​​​ ដែលនាំ​​ឱ្យ​អ្នក​ស្រី​​​​ចូល​ប្រឡូក​ក្នុង​​អាជីព​ខាង​លើ​​​នេះ ។​​

រាជធានីភ្នំពេញ ៖ រហូត​មក​ដល់​​ពេល​នេះ​​​ វត្ត​មាន​​​របស់​អ្នក​ស្រី​​​សាំង​ សុម៉ាលី​​​ ភរិ​យា​​​អតីត​​​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​​​អេ​ ភូ​ថង​​ កំពុង​តែ​មាន​​ឈ្មោះ​​​បោះ​សំឡេង​​​នៅ​លើ​សង្វៀន​​​​ប្រដាល់​​​​កាន់​តែ​ខ្លាំង​​​​​ ក្នុង​តំណែង​​​​ជា​អាជ្ញា​កណ្តាល​​​ស្រី​ផង​ និង​ជា​គ្រូ​បង្វឹក​​​ផង​ ។​​ អ្នក​ស្រី​​​បាន​​​បញ្ជាក់​​​ឱ្យ​ដឹង​ពី​​​​​ដំណើរ​ជីវ​ិត​​​របស់​​ខ្លួន​​​​​​​ ដែលនាំ​​ឱ្យ​អ្នក​ស្រី​​​​ចូល​ប្រឡូក​ក្នុង​​អាជីព​ខាង​លើ​​​នេះ ។​​

ថ្វី​​ដ្បិត​​​លោក ​អេ​ ភូ​ថង​​ បាន​សម្រេច​ចិត្ត​​​ដក​ថយ​ពី​​​​ការ​ឡើង​ប្រដាល់​​​​នៅ​​លើ​សង្វៀន​​​​អស់​ប្រមាណ​​​ជាង​​៣​ឆ្នាំ​​​​ ប៉ុន្តែ​​អតី​ត​​កីឡា​ករ​ជើង​ខ្លាំង​​​ដែល​ធ្លាប់​​​អង្រួន​​​​សង្វៀន​​​​ប្រដាល​់​​​​​​​រូប​​​​នេះ ​​​មិន​​ទៅ​ណា​ឆ្ងាយ​​​ពី​ទីលាន​​​ប្រដាល់​​​ ដែល​​ធ្លាប់​រុញ​​​​ឱ្យ​លោក​ល្បី​​​​ល្បាញ​​​​​​ឡើយ​​​​ ។ អ្វី​ដែលធ្វើ​​​ឱ្យ​លោក​​​មាន​​មោទ​ន​ភាព​​​​​ គឺ​បន្ទាប់ពី​​​លោក​ដុសខាត់​​​កូន​ស្រី​​​ឈ្មោះអេ ​យ៉ានុត អាយុ​១៤​ឆ្នាំ​​​ ឱ្យ​​ក្លាយ​ជា​​​កីឡា​​​​​ការិនី​ប្រដាល​់​​​ និង​បញ្ចេញ​​​​​ភរិ​យា​​ គឺ​​អ្នក​ស្រី​​​​សាំង​ សុមា៉​លី​​ ​ឱ្យ​ធ្វើ​ជា​​​អាជ្ញា​កណ្តាល​​​​ម្នាក់​ទៀត​ ។​​

ថ្លែ​ង​ក្នុង​​​​ជំនួប​​​ផ្តាច់​​​មុខ​មួយ​​​​​​​ជា​មួយ​អ្នក​សា​រព័ត៌​មាន​​​កោះ​សន្តិ​ភាព​​​ អ្ន​ក​ស្រី​បញ្ជាក់​​​ថា មុន​ពេល​​​​រៀប​ការ​​​ជា​មួយ​​​លោក​អេ​ ភ​ូ​ថង​​ ​អ្នក​ស្រី​​មិន​​​ដែល​នឹក​ចង់​​​​ក្លាយ​ខ្លួន​ជា​​​​គ្រូ​បង្វឹក​​​​​ផ្នែក​ប្រដាល់​​​ ឬ​​ជា​អាជ្ញា​កណ្តាល​​​​នោះ​ឡើយ​ ​​ដោយ​សារ​តែ​អ្នក​​​ស្រី​យល​់​ថា ​អាជីព​នោះ​មិន​សម​​​​ចំពោះ​​មនុស្ស​ស្រី​ ។ ប៉ុន្តែ​អាច​មក​​ពី​​​​អ្នក​ស្រី​​រួម​​​​រស់​ក្នុង​ជី​វិត​​​ជា​ភរិ​យា​​​​​របស់​លោក​​​អេ​ ភូ​ថង​​ ​​ប៉ុណ្ណោះ​​ ទើប​រុញ​​​​​ឱ្យ​អ្នក​ស្រី​​​​បោះ​ជំហាន​​​​​ចាប់​យ​ក​អាជីព​​​​​នេះ ។ អ្នក​ស្រី​​​​កើត​នៅ​ថ្ងៃទី​​​​៣ មីនា​ ​ឆ្នាំ​​១៩៧៨​ នៅ​ទី​រួម​ខេត្ត​​​​​កោះ​កុង​ ​​​ជា​​​កូន​ច្បង​​ក្នុង​គ្រួសារ​​​​​​ ដែល​​មាន​បង​ប្អូន​​​​​បង្កើត​​ចំនួន​​៤​​នាក់(​​ស្រី​​​៣​ ប្រុស​​១​)​ និង​​​បាន​បញ្ចប់​​ការ​សិក្សា​ត្រឹម​​​ថ្នាក់​ទី​​​៩​​​ នៅ​វិទ្យាល​័យ​​កោះ​កុង​​ ។​​ ក្រោយ​ពេល​​​​​ឈប់​រៀន​​ អ្នក​ស្រី​​ចាប់​​​យក​​​​​​​របរ​​​​​​លក់​​​គ្រឿង​ទេស​​នៅ​ក្នុង​ខេត្ត​​ រហូត​​​​​ដល់​ឆ្នាំ​​១៩៩៧​ ទើប​ចាស់​​​​ទុំ​​ផ្សំ​ផ្គុំ​​ឱ្យ​រៀប​ការ​​​​ជា​មួយ​លោក​អេ ភូ​ថង​​ ​។ សព្វ​ថ្ងៃ​​​​ អ្នក​ស្រី​​​ និង​ស្វា​មី​​​​ មាន​កូន​ប្រុស​​​ស្រី​ចំនួន​​៤​នាក់​​ គឺ​ប្រុស​​​​៣​ ស្រី​​១​ ដែល​​កូនស្រី​នោះ​​​​ គឺ​កីឡា​ការិនី​​​ប្រដាល់​​​​​អេ​​ យ៉ានុត​ ។​

​​ទាក​់​​​​ទិន​នឹង​​​​​ការ​​បោះ​ជំហាន​​​​​​ចូល​ធ្វើ​ជា​អា​ជ្ញា​កណ្តាល​​​​នេះវិញ អ្នក​ស្រី​បញ្ជាក់​​​ថា ពី​ដំបូង​​​​​អ្នក​ស្រី​​​​មិន​ចូល​ចិត្ត​​​​ឡើយ​ ដោយ​​​សូម្បី​​​តែ​អ្នក​ណា​​​​បើក​ទូរ​ទស្សន៍​​​​​​ចំ​កម្មវិធី​​​​ប្រដាល់​​​ក៏​ស្អប់​​​ និង​មិន​ដែល​​​​​មើល​ដែរ​ ។​ អ្នក​ស្រី​​​​ថ្លែង​ថា «និយាយ​រួម​​​​​​​​ខ្ញុំ​ឃើញ​គេ​ប្រកួត​គ្នា​លើ​រេញ​​​ គឺ​ខ្លាច​​​ណាស់​​​​ ទើប​មិន​ចង់​​​មើល​ ហើយ​​​ខឹង​​​​ទាំ​ង​ខ្លួន​​​ឯង​ដែល​​​​បាន​​ប្តី​​​​​ធ្វើ​ជា​អ្នក​ប្រដាល់​​​ ប៉ុន្តែ​​​​ក្រោយ​​​​មក​​​​ពេល​ខ្ញុំ​​ដើរ​​​​តាម​គាត់ដើម្បី​​​​លើក​ទឹក​ចិត្ត​​​​គាត់​ ​ស្រាប់​តែ​​​ខ្ញុំ​​​​​ចាប​់​ផ្តើម​​​​ប្តូរ​​​​​​​​​របត់​​យល់​ឃើញ​ទាំង​​​នោះ​ចេញអស់​រលីង​»​។ មក​​ទល់​ពេល​នេះ​​ អ្នក​ស្រី​​​​មិន​ត្រឹម​តែ​​​ចូល​ចិត្ត​វិស័យ​​​​កីឡា​​​ប្រដាល់​​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​​​ចូល​ប្រឡូក​​​ក្នុង​អាជីព​​​​នេះ​ក្នុង​តំណែង​​​​ជា​គ្រូ​បង្វឹក​​​ និង​ធ្វើ​ជា​​​អាជ្ញា​កណ្តាល​​​​យ៉ាង​ជោក​ជាំ​​​ទៀត​ផង​។​ អ្នក​ស្រី​​​​​បាន​ចាប់​អា​ជីព​​ជា​អាជ្ញា​កណ្តាល​​​​កាល​ពី​​​២​ឆ្នាំ​មុន​​​​ នៅ​អំឡុង​​​ចុង​​ឆ្នាំ​​​​២០១០​ បន្ទាប់​ពី​​​​លោក​អេ​ ភូ​ថង​​ បង្ហាត់​​​​ឱ្យ​ចេះ​ស្ទាត់​​​គ្មាន​ចន្លោះ​​​នូវ​ស្នៀត​​​​កីឡា​​​ប្រដាល់​ ។​

ភ្លាម​​ៗ​នោះ​​ ​អ្នក​ស្រី​​​​បាន​ចូល​​​ប្រឡូក​​​ក្នុង​អាជីព​​​ជ​ា​ចៅ​​​ក្រម​​​ផ្តល់​ពិន្ទុ​​ប៉ុណ្ណោះ​ ប៉ុន្តែ​​​​មក​ពី​​ជំនាញ​​​នោះ​​វា​​​កាន់​តែ​​​​ធ្វើ​ឱ្យ​​​​​អ្នក​ស្រី​​​ថ្នឹក​​​នឹង​វិស័យ​​​ប្រដាល់​ ទើប​​​ខាង​សហ​ព័ន្ធ​​​​​សម្រេច​​ចាត់​តាំង​​​​ឱ្យ​អ្នក​ស្រី​​​​​ចូល​​​ធ្វើ​ជា​អា​ជ្ញា​​កណ្តាល​​​​​វិញ ។​ អ្ន​ក​ស្រី​អះ​អាង​ថា ​​ជា​ធម្ម​តា​​​ដើម្បី​ក្លាយ​​​ខ្លួន​ជា​​​​អាជ្ញា​កណ្តាល​​​ គឺ​គេ​​​​ច្រើ​ន​ហែល​ឆ្លង​​ជីវិត​​​​ធ្វើ​​ជា​អ្នក​ប្រដាល់​​​​​​ជា​មុនសិន​​​ ប៉ុន្តែ​​​​សម្រាប់​​អ្នក​ស្រី គឺ​មិ​​ន​ធ្លាប់​ទេ​ ​​ដោយ​សូម្បី​​តែ​​ឡើង​រេញ​​​​ម្តង​​ក៏​​គ្មាន​ដែរ ​ប៉ុន្តែ​​​សម្រាប់​​​បច្ចេក​ទេស​​​ប្រដាល់​​​​​ដើម្បី​បង្ហាត់​​​​​សិស្ស​​​​​​ និង​ចាប់​​​​បំបែក​​​​គូ​ប្រកួត​​​នៅលើ​រេញ​​​ដោយ​មិន​​ឱ្យ​​​​មាន​គ្រោះ​ថ្នាក់​វិញ​​ គឺ​អ្នក​ស្រី​​​ចេះ​ស្ទាត់​​​ទាំង​អស់ ។​

​​​រំលឹក​​​ដល់​អតីត​​​កាល​នោះ​ អ្នក​ស្រី​​​សាំង​ សុម៉ា​លី​​ ​​ថ្លែង​​បណ្តើ​​​រ​សើច​បណ្តើរ​​​​​​ថា ពេល​មាន​ការ​ជំរុញ​​​​ពី​ស្វា​មី​​​ និង​​មិត្ត​ភក្តិ​​​​របស់​​​​គាត់​​ អ្នក​ស្រី​រា​រែក​​​​ណាស់​ ដោយ​​​​បាន​ទាំង​ប្រកែក​​​​ព្រោះ​ខ្លាច​​​​ត្រូវ​កីឡា​​​ករ​វាយ​ទាត់​​​ត្រូវ​​​នាំ​​ឱ្យ​គ្រោះ​ថ្នាក់​​​​​​ដល់​ខ្លួន​ ​ប៉ុន្តែ​​​​​ពេល​ចូល​​​ប្រឡូក​​​ជាក់​ស្តែង​​​​​ទៅ​ គឺ​មិន​​​ដូច​អ្វី​​​​ដែល​ខ្លួន​ធ្លាប់​បារម្ភ​​​ឡើយ​ ទើប​​​​កើត​​អារម្មណ៍​​​​ចូល​ចិត្ត​​​​ ហើយ​ថែម​ទាំង​ជំរុញ​​​ឱ្យ​​កូន​ស្រី​​​​​អាយុុ​​១៤​​ឆ្នាំ​​​​ និង​កូន​ប្រុស​ដែល​​​​អាច​ហាត់​​​​បាន​ផ្សេង​ទៀត​​​​​ចាប់​យក​អាជីព​​​ខាង​កីឡា​​​​ប្រដាល់​នោះ​​​តែម្តង​ ។​ ​អ្នក​ស្រី​ និង​ស្វា​មី​​​​​ បាន​ប្រឹង​​​ពុះ​​ពារ​​បង្កើត​ក្លិប​​​​ប្រដាល់​អេ​ ភូ​ថង​​ មួយ​ឡើង​​​​កាល​ពី​ឆ្នាំ​​២០០៥​ ដោយ​ពេល​នេះ​មាន​សិស្ស​គុន​​​ជាង​​១០០​នាក់​​ កំពុង​​ទទួល​​​ការ​ហ្វឹក​​ហាត់​​ពី​អ្ន​ក​ស្រី​​​​​ និង​ស្វាមី ។​​ ក្រៅព​ី​ទទួល​​បង្វឹក​ដល់​កូន​សិស្ស​​​​​ខ្លួន​​ឯង​​​ អ្នក​ស្រី​ក៏​​​​ធ្វើ​ជា​គ្រូ​បង្វឹក​​​​​ឱ្យ​ក្លិប​​​​«អប្សរា​គុន​​ខ្មែរ​»​ ​ដើម្បី​​រក​​​ប្រាក់​​កម្រៃ​​​បន្ថែម​​​​​នា​ពេល​នេះ​ផង​ដែរ​ ។​​ ​

ជា​មួយ​​នឹង​​​​​មហិច្ឆ​តា​​​មិន​លា​ឈប់​ពី​​​អាជីពប្រដាល់​​​​ អ្នក​ស្រី​​​​បញ្ជាក់​ថា ​​ផ្លូវ​ដែល​​​​ខ្លួន​ឯង​​​កំពុង​ដើរ​​​​ដោយ​គ្មាន​​​​​គម្រោង​​​​ទុកមុន​​​មួយ​នេះ​​ មិន​ត្រឹម​តែ​​​​ជួយ​​​ឱ្យ​អ្នក​ស្រី​ល្បី​​​ឈ្មោះ​​​​​​ក្នុង​ពិ​ភព​​​​​​ប្រដាល់​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ​វា​​​​ថែម​ទាំង​ជួយ​​​ឱ្យ​អ្នក​ស្រី​​​​មាន​មោទ​ន​ភាព​​​ក្នុង​ការ​រក​ប្រាក់​​​​​ដោយ​មិន​លំ​បាក​​ ​ក្រោយ​ពី​ចេះ​​​​ស្ទាត់​ពី​​ជំនាញ​​​តាម​ប្តី​​​នោះ​​​ថែម​ទៀត​ផង​ ។ ​​អី​ុ​ចឹង​​​ហើយ​​ ទើប​​​​អ្នក​ស្រី​យល់​​​​ថា អាជីព​​​ណា​ក៏​មិន​​​​គួរ​បែង​​ចែក​រវាង​​​បុរ​ស​ និង​ស្ត្រី​​​នោះ​ដែរ​​ សំខាន់​​​​ឱ្យ​តែ​​​​ចេះ​ស្ទាត់​​​នោះ​​​គឺ​ល្អ​ហើយ​ ៕