សារព័ត៌មានបរទេសផ្សាយថា អ្នករៀបចំកម្មវិធីប្រគល់«រង្វាន់សន្តិភាពខុងជឺ» ឬ«រង្វាន់សន្តិភាពជម្រើស»របស់ចិនបានបង្ហាញឈ្មោះអ្នកមានសិទ្ធិដណ្តើមពានរង្វាន់ក្នុងឆ្នាំនេះជាច្រើនរូប ក្នុងនោះមានលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃផងដែរ ។
បេក្ខជនផ្សេងទៀត រួមមានលោក កូហ្វ៊ីអាណាន់ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកប៊ីលហ្គេត មហាសេដ្ឋីជនជាតិអាមេរិក លោកវ៉ាង ទីងវ៉ូ សកម្មជនជនជាតិចិន លោកយ៉ាង យីជៀ សាស្ត្រាចារ្យនៃមហាវិទ្យាល័យប៉េកាំង លោកយួន លុងពីង អ្នកវិទ្យាសាស្ត្រជនជាតិចិន និងសម្តេចសង្ឃទី១១ប៉ាន ជើនឡាម៉ា ដែលរដ្ឋាភិបាលចិនតែងតាំង ។
រង្វាន់សន្តិភាពខុងជឺ បានបង្កើតឡើងកាលពីឆ្នាំ២០១០ ដោយក្រុមជនជាតិចិន មានចរិតឯករាជ្យ ក្រោយពីឃើញថា ការផ្តល់រង្វាន់ណូបែលសន្តិភាពជាច្រើនលើកមានការជំទាស់ពីមហាជននៅលើពិភពលោក និងមានរឿងនយោបាយពាក់ព័ន្ធ ។ ចំណែកអ្នកដែលត្រូវប្រកាសទទួលរង្វាន់កាលពីឆ្នាំមុន គឺប្រធានាធិបតីវ៉្លាឌីមៀរ៍ ពូទីន របស់រុស្ស៊ី ដោយកាលនោះនៅជានាយករដ្ឋមន្ត្រី៕
ចែករំលែកព័តមាននេះ