អង្គការសុខភាពពិភពលោករាយការណ៍កាលពីថ្ងៃទី១០ កញ្ញា ថា មនុស្សប្រមាណជា១លាននាក់ស្លាប់ក្នុង១ឆ្នាំៗដោយសារការធ្វើអត្តឃាតដែលជាមូលហេតុសំខាន់ទី២នៃការស្លាប់លើពិភពលោកសម្រាប់មនុស្សដែលមានអាយុពី១៥ទៅ១៩ឆ្នាំ ។ថ្ងៃទី១០ កញ្ញា កំណត់ពីខួបលើកទី១០នៃទិវាពិភពលោកបង្កាដល់ការធ្វើអត្តឃាត ។ ទិវានេះត្រូវបានបង្កើតឡើងផ្តោតជាពិសេសស្វែងរកមធ្យោបាយនានាដែលអាចចៀសវាងការធ្វើអត្តឃាត ។ ប្រធានបទឆ្នាំ២០១២នៃទិវាពិភពលោកបង្ការការធ្វើអត្តឃាតគឺ«បង្ការប្រឆាំងការធ្វើអត្តឃាតលើពិភពលោកៈ ពង្រឹងកត្តាការពារហើយជំរុញឱ្យមានក្តីសង្ឃឹម»។
ការធ្វើអត្តឃាតក្លាយជាបញ្ហាសុខភាពសាធារណៈសំខាន់មួយលើពិភពលោក ។ ស្ថិតិរបស់អង្គការសុខភាពពិភពលោកគឺថាមនុស្សដល់ទៅប្រមាណជា១លាននាក់លើពិភពលោកស្លាប់ដោយការធ្វើអត្តឃាតក្នុង១ឆ្នាំៗ។ ប្រការនោះមានន័យថា មនុស្សម្នាក់បានធ្វើអត្តឃាតក្នុងរាល់៤០វិនាទី ។ ចំនួនអ្នកសា្លប់ដោយសារការធ្វើអត្តឃាតគឺប្រហាក់ប្រហែលគ្នានឹងចំនួនមនុស្សត្រូវគេសម្លាប់បន្ថែមចំនួនអ្នកស្លាប់ដោយសារសង្គ្រាម ។
ការធ្វើអត្តឃាតកើតមានមិនថាមនុស្សក្នុងវ័យណា នោះឡើយ ។ វាជាមូលហេតុសំខាន់ទី២លើពិភពលោកនៃការស្លាប់របស់មនុស្សមានវ័យពី១៥ទៅ១៩ឆ្នាំ ជាមួយមនុស្សជំទង់យ៉ាងតិច១០០.០០០នាក់ស្លាប់ក្នុង១ឆ្នាំ ។ ការធ្វើអត្តឃាតមានច្រើនចំពោះមនុស្សមានវ័យមធ្យមនិងមនុស្សចាស់ហើយខ្ពស់បំផុតចំពោះមនុស្សមានវ័យលើសពី៧៥ឆ្នាំទៅ ៕
ចែករំលែកព័តមាននេះ