សេតវិមាននិយាយកាលពីថ្ងៃចន្ទទី១០ កញ្ញា ២០១២ ថា អាមេរិកកំពុងចាត់វិធានការយ៉ាងហ្មត់ចត់ នៅក្នុងការចូលរួមខួបនៃការវាយប្រហារដោយអំពើភេរវកម្មថ្ងៃទី១១ កញ្ញា ២០០១ មកលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ។
យោងតាមសេតវិមានបានឱ្យដឹងទៀតថា លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានផ្តល់ខ្លឹមសារសង្ខេបថា គោលការណ៍សន្តិសុខជាតិដ៏សំខាន់របស់យើង គឺការត្រៀមខ្លួននឹងស្ថានភាពសន្តិសុខរបស់យើងប្រឆាំងនឹងអំពើភេរវកម្ម និងការរំលឹកខួប១១ឆ្នាំនៃថ្ងៃវាយប្រហារដោយយន្តហោះអត្តឃាតរបស់ភេរវជន ថ្ងៃទី១១ កញ្ញា ។
លោកអូបាម៉ា បានលើកឡើងថា ចំពោះគោលការណ៍ស្តីពីវិធានការដែលយើងត្រូវធ្វើនោះ គឺរឹតបន្តឹងសន្តិសុខបង្ការការវាយប្រហារ ដែលពាក់ព័ន្ធនឹងថ្ងៃទី១១ កញ្ញា ទោះជាត្រូវធ្វើទាំងមធ្យោបាយចិត្តសាស្ត្រ និងកងកម្លាំងប្រដាប់អាវុធក៏ដោយ ក៏យើងត្រូវតែពុះពារធ្វើវាឱ្យខាងតែបានដែរ ព្រោះថា វិធានការថ្មីរបស់យើងនេះ គឺជាជំហានថ្មីមួយទៀត ដើម្បីការពារពលរដ្ឋអាេមរិកទាំងនៅក្នុងមាតុភូមិ និងនៅក្រៅប្រទេស ។ អំឡុងពេលកិច្ចប្រជុំនាប៉ុន្មានថ្ងៃនេះ លោកអូបាម៉ា បានក្រើនរំលឹកដល់ក្រសួង និងភ្នាក់ងារទាំងអស់ ត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាង ក្នុងការការពារពលរដ្ឋអាេមរិកទាំងនៅក្នុងទឹកដី និងនៅក្រៅប្រទេស ។
កាលពីប៉ុន្មានខែមុន ជំនួយការប្រធានាធិបតីទទួលបន្ទុកសន្តិសុខ ក្នុងប្រទេស និងប្រឆាំងភេរវកម្ម លោក John Brenan បានបើកកិច្ចប្រជុំជាច្រើន លើក ដើម្បីចាត់វិធានការសន្តិសុខ នៅនឹងកន្លែង និងនៅទីកន្លែងណាដែលមានពលរដ្ឋអាេមរិកឱ្យបានល្អប្រសើរ ។គួររំលឹកថា កាលពីថ្ងៃទី១១ កញ្ញា ២០០១ ពួកសកម្មប្រយុទ្ធភេរវករ ដែលពាក់ព័ន្ធនឹងពួកជ្រុលនិយមអ៊ិស្លាម អាលកៃដា បានធ្វើការវាយប្រហារ ដោយន្តហោះចំនួន៤គ្រឿងមកលើសហរដ្ឋអាេមរិក ។ ក្នុងនោះយន្តហោះ២បានហោះបុកមកលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ។ យន្តហោះទី៣ បានបុកមកលើមន្ទីរបញ្ជកោណនៅទីក្រុងវ៉ាស៊ីនតោន ចំណែកយន្តហោះទី៤ បានធ្លាក់កណ្តាលវាលនៅរដ្ឋភេនស៊ីលវេននៀ ។ នៅក្នុងការវាយប្រហារនោះ បណ្តាលឱ្យមនុស្សជាង៣.០០០នាក់ ស្លាប់រួមទាំងមន្ត្រីប៉ូលិស និងអ្នកពន្លត់អគ្គិភ័យជាង៤០០នាក់ផងដែរ ៕
ចែករំលែកព័តមាននេះ