លោកBRUNO TERTRAIS អ្នកជំនាញការនៃមូលនិធិដើម្បីការស្រាវជ្រាវយុទ្ធសាស្ត្រ FRS និយាយថា បញ្ហាប្រើប្រាស់កម្លាំងដើម្បីរារាំងដំណើរឆ្ពោះទៅទទួលបានគ្រាប់បែកនុយក្លេអ៊ែររបស់អីុរ៉ង់នៅពុំទាន់សម្រេចដោយបណ្តាមេដឹកនាំអីុស្រាលអែល នៅឡើយ ។
ទោះបីជាប្រមុខរដ្ឋាភិបាលអីុស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារប្រទេសលោកអេហ៊ូដ បារ៉ាក់ គាំទ្រគំនិតបែបនេះក្តីក៏ប៉ុន្តែសំឡេងជាច្រើនមានបណ្តាឧត្តមសេនីយ៍បណ្តាអតីតប្រមុខភ្នាក់ងារសើុបការណ៍ បណ្តាបញ្ញវន័ ប្រធានាធិបតីលោកស៊ីម៉ុន ប៉េរេស្ត ព្រមានពីផលវិបាកនានានៃអន្តរាគមន៍យោធាមួយដែរ ។ វាមិនអាចទៅរួចទេ ដែលបណ្តាអ្នកទទួលខុសត្រូវអីុស្រាអែលអាចធ្វើការសម្រេចចិត្តបែបនោះដោយគ្មានកុងសង់ស៊ុសគ្រប់គ្រាន់ក្នុងផ្ទៃពួកអ្នកនយោបាយ និងក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ ។
ចំណែកប្រភពមួយស្និទ្ធនឹងសំណុំរឿងនេះធ្វើអត្ថាធិប្បាយថា ពី១ថ្ងៃទៅ១ថ្ងៃយើងខិតទៅរកយថាភាពនោះ ។ ដំណើរការនយោបាយស្ទើរតែឈានដល់ទីបញ្ចប់គឺការចរចាត្រូវសម្លាប់ដោយឆន្ទៈអាក្រក់របស់អីុរ៉ង់ រីឯទណ្ឌកម្មវិញក៏ស្ទើរដល់កម្រិតអតិបរមាដែរ ។ ជាមួយការប្រើវិរុសព័ត៌មានវិទ្យា និងការលួចធ្វើឃាតបណ្តាអ្នកវិទ្យាសាស្ត្រអីុរ៉ង់ សកម្មភាពលួចលាក់ទាំងនេះអាចធ្វើឱ្យយឺតយ៉ាវដល់កម្មវិធីនុយក្លេអ៊ែរអីុរ៉ង់ ប៉ុន្តែពុំទាន់គ្រប់គ្រាន់ឡើយ ។របាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចេញកាលពីដំណាច់ខែសីហា រៀបរាប់ថា អីុរ៉ង់បានបង្កើនទ្វេដងនូវចំនួនឡចម្រាញ់អ៊ុយរ៉ានីញ៉ូម នៅទីតាំងក្រោមដី FORDOW ស្ថិតនៅក្រោមភ្នំ ជិតទីក្រុងកូមដែលអាចការពារចំពោះការវាយប្រហារតាមអាកាសជាយថាហេតុ ។ ក្នុងពេលឆាប់ៗអីុរ៉ង់ នឹងអាចប្រែក្លាយអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិត២០%ទៅជាអ៊ុយរា៉នីញ៉ូមមានកម្រិតចម្រាញ់៩០% ដែលអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ៕
ចែករំលែកព័តមាននេះ