បច្ចុប្បន្នបណ្តាប្រទេសជាច្រើននៅលើពិភពលោករមែងមានកងទ័ពដើម្បីបូរណភាពដែនដី និងអធិបតេយ្យភាពនៅក្នុងប្រទេសរបស់ខ្លួន ។ ជារឿយៗកម្លាំងទ័ពនៅអង្គភាពនានាក្នុងប្រទេសតែងធ្វើសមយុទ្ធសម្រាប់ពង្រឹងសមត្ថភាព និងបង្ហាញសក្តានុពលរបស់ខ្លួនដល់ប្រទេសនានានៅលើសាកលលោក ។
ជាក់ស្តែងនៅក្នុងទិដ្ឋភាពដែលបង្ហាញនេះ ចាត់ទុកថាជាផ្នែកមួយនៃការធ្វើសមយុទ្ធរបស់កងទ័ពក្នុងប្រទេសស្វ៊ីស ដើម្បីត្រៀមខ្លួនការពារអធិបតេយ្យភាពរបស់ប្រទេស ដែលរៀបចំឡើងជាប្រចាំនៅរៀងរាល់ឆ្នាំ និងនៅក្នុងឆ្នាំនេះបានរៀបចំឡើងនៅបរិវេណខាងក្រៅក្រុងអីុនធឺរ៉ាល់តា ប្រទេសស្វ៊ីស ។ ការធ្វើសមយុទ្ធលើកនេះ បានទទួលការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កងទ័ព អាវុធយុទ្ធោបករណ៍ធុនតូច-ធំរបស់អង្គភាពទ័ពនានានៅក្នុងប្រទេស ដែលបានបំលាស់ទីចេញពីមូលដ្ឋាន ឆ្ពោះទៅគោលដៅរបស់ខ្លួនតាមបទបញ្ជា ។
ការហាត់សមយុទ្ធនៅក្នុងឆ្នាំនេះបណ្តាអង្គភាពទ័ពបាននាំយករថក្រោះ រថពាសដែកជាច្រើនប្រភេទចូលរួមបង្ហាញសក្តានុពល និងខណៈពេលដែលរថក្រោះរបស់ទ័ពជើងគោកកំពុងបំលាស់ទីដោយបើកឆ្លងកាត់ផ្លូវបំបែកក្នុងទីក្រុងអីុនធឺរ៉ាល់តា សមត្ថកិច្ចផ្នែកសណ្តាប់ធ្នាប់បានឃាត់ដំណើររថយន្តរបស់អ្នកស្រុកនៅលើដងផ្លូវជាបណ្តោះអាសន្នដើម្បីឱ្យក្បួនរថក្រោះរបស់ទ័ពឆ្លងកាត់ ។ ស្របពេលជាមួយគ្នានេះដែរ ស្រាប់តែមានរថយន្តផ្ទុកទំនិញមួយគ្រឿងបានជ្រែកចូលរបាំងបិទផ្លូវ ខណៈពេលកំពុងហាមឃាត់ រថយន្តខាងលើក៏ជ្រុលទៅបុករថក្រោះមួយគ្រឿងមានទម្ងន់១៥តោនយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តក្រឡាប់៣-៤ត្រឡប់ និងផ្ងារជើងឡើងលើ ស្របពេលរថក្រោះនៅហ្នឹងថ្កល់ ។
ចំពោះហេតុការណ៍ដែលកើតឡើងនេះ ធ្វើឱ្យមានការសន្និដ្ឋានជាលើកដំបូងថា មនុស្ស៣នាក់ស្ថិតនៅក្នុងរថយន្តផ្ទុកទំនិញនឹងស្លាប់បាត់បង់ជីវិត ប៉ុន្តែក្រោយពីធ្វើការត្រួតពិនិត្យឃើញថា ពួកគេគ្រាន់តែរងរបួស និងចាត់ទុកថាជាសំណាងមួយក្នុងចំណោមមួយពាន់គ្រោះថ្នាក់ ៕
ចែករំលែកព័តមាននេះ