អ្នកនាំពាក្យម្នាក់របស់ក្រុមប្រឹក្សាតុលាការអីុរ៉ាក់និយាយថា អតីតអនុប្រធានាធិបតីអីុរ៉ាក់ លោកតារេកអាល់ ហាសឺមី ដែលគេចខ្លួនបានត្រូវកាត់ទោសប្រហារជីវិតកំបាំងមុខកាលពីថ្ងៃទី៩ កញ្ញា ដោយតុលាការកំពូលអីុរ៉ាក់ ។ជាសមាជិករបស់សហគមន៍ស៊ុននីត លោកតារេកអាល់ហាសឺមី ទទួលការកាត់ទោសពីបទដឹកនាំកង«កម្លាំងពិឃាតមួួយ»។ អ្នកនាំពាក្យក្រុមប្រឹក្សាតុលាការអីុរ៉ាក់បន្តថា តុលាការព្រហ្មទណ្ឌជាន់ខ្ពស់បានចេញសាលក្រមកាត់ទោសប្រហារជីវិតដោយព្យួរកប្រឆាំងលោក តារេកអាល់ហាសឺមី។
អនុប្រធានាធិបតីរូបនេះ និងកូនប្រសារប្រុសរបស់លោកត្រូវកាត់ទោសពីបទសម្លាប់ស្ត្រីមេធាវីម្នាក់ និងឧត្តមសេនីយ៍ម្នាក់ ។ ច្បាប់ជាធរមាននៅអីុរ៉ាក់ចែងថា ទោសនេះត្រូវអនុវត្តភ្លាមៗក្រោយការចេញសាលក្រម ។ មេធាវីរបស់លោកតារេកអាល់ហាសឺមី គូសបញ្ជាក់ថាលោកនឹងមិនធ្វើការតវ៉ាទៅសាលាឧទ្ធរណ៍ឡើយ ព្រោះការកាត់ទោសនេះធ្វើឡើងដោយគ្មានវត្តមានជនជាប់ចោទ។
លោកហ៊ាសឺមី ដែលពេលនេះរស់នៅប្រទេសតួកគី ក្រោយពីរត់គេចខ្លួនរយៈពេលជាច្រើនខែនៅឃើតឌីស្ថានអីុរ៉ាក់ បានចោទប្រកាន់រដ្ឋាភិបាលលោកម៉ាលីគីថាធ្វើការបោសសម្អាតពួកប្រឆាំងស៊ុននីត ។
អនុប្រធានាធិបតីរូបនេះបានគេចខ្លួនចេញពីក្រុងបាដាដ កាលពីខែធ្នូឆ្នាំ២០១១ ហើយប្រកាសពីភាពស្លូតត្រង់របស់លោកដោយអះអាងថា នាយករដ្ឋមន្ត្រីនៃក្រុមស៊ីអីុតលោកនូវីអាល់ម៉ាលីគី ប៉ុនប៉ងបំបែកពួកស៊ុននីន និងពួកឃើត ចេញពីក្បាលម៉ាស៊ីនដឹកនាំអីុរ៉ាក់ដែលពេលនេះគ្រប់ដណ្តប់ដោយពួកស៊ីអីុត៕
ចែករំលែកព័តមាននេះ