ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ​ កុសល ​​និង ​កែវ​ រំចង់​ ​ ប៊ិះ​​​​វាយ​គ្នា​​​ក្រៅ​ឆាក​​​ផ្អើល​​​​អ្នក​ទស្ស​នា​​​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​ ៖ ជំនួបលើកទី២រវាង​កីឡា​ករជើងខ្លាំង ជ័យ កុសល និងកែវ រំចង់ ​​​កាល​​​ពី​​ថ្ងៃ​សុក្រ ទី​​៧ កញ្ញា ​​មិន​ត្រឹម​តែ​បង្ហាញ​ពី​លទ្ធផល ចាញ់ឈ្នះប៉ុណ្ណោះទេ ប៉ុន្តែស្ទើរ​តែ​ធ្វើ​ឲ្យ​អ្នកទស្សនា ភ័យរឿងពួកគេចង់វាយ​គ្នានៅ​​​ក្រៅ​ឆាក​ថែមទៀត​ផង។ អ្នក​ទស្ស​នា​​​ផ្ទាល់​នៅ​សង្វៀន​​​ទូរ​ទស្សន៍​​បាយ័ន​បឹង​ស្នោ សុទ្ធតែ​ឃើញ​កីឡាករ ជ័យ កុសល ខាំ​មាត់សម្លក់​ កែវ រំចង់ ​ចង់ស៊ីសាច់​នៅ​ម៉ោង

រាជ​ធានីភ្នំពេញ​​ ៖ ជំនួបលើកទី២រវាង​កីឡា​ករជើងខ្លាំង ជ័យ កុសល និងកែវ រំចង់ ​​​កាល​​​ពី​​ថ្ងៃ​សុក្រ ទី​​៧ កញ្ញា ​​មិន​ត្រឹម​តែ​បង្ហាញ​ពី​លទ្ធផល ចាញ់ឈ្នះប៉ុណ្ណោះទេ ប៉ុន្តែស្ទើរ​តែ​ធ្វើ​ឲ្យ​អ្នកទស្សនា ភ័យរឿងពួកគេចង់វាយ​គ្នានៅ​​​ក្រៅ​ឆាក​ថែមទៀត​ផង។ អ្នក​ទស្ស​នា​​​ផ្ទាល់​នៅ​សង្វៀន​​​ទូរ​ទស្សន៍​​បាយ័ន​បឹង​ស្នោ សុទ្ធតែ​ឃើញ​កីឡាករ ជ័យ កុសល ខាំ​មាត់សម្លក់​ កែវ រំចង់ ​ចង់ស៊ីសាច់​នៅ​ម៉ោង សម្រាក បន្ទាប់ពី​លោក​ត្រូវរយះ​ត្រង់ប្រជុំចិញ្ចើម ហើយ​មាន​ឈាម​ហូរស្រោចមុខ។

ស្ដែងកាន់​តែច្បាស់​នោះ​ទៅ​ទៀត គឺនៅពេលចប់ទឹកទី៥ ស្រាប់តែ​កីឡា​ករ​ទាំងពីរស្ទុះ​វាយ​គ្នា​យ៉ាង​កំរោល​​​​ដែល​ស្ទើរ​តែ​ធ្វើឲ្យលោក​អាជ្ញាកណ្ដាល​ឃាត់ទង្វើពួក​គេម​ិនចង់ជាប់ ។ ជ័យ កុសល ត្រូវអ្នកឲ្យទឹក និង​គ្រូបង្វឹកបង្វេះចេញភ្លាមៗ ដើម្បីកុំឲ្យ​មាន​ការ​ឌឺដង​ដាក់គ្នាបន្ថែម បន្ទាប់​ពីមាន​ការ​ប្រកាស​ថា​លោក​ក្លាយ​ជា​អ្នក​ចាញ់​ក្រោមដៃ កែវ រំចង់ ទាំង​មិនអស់ចិត្ត ។​មជ្ឈដ្ឋានភាគ​ច្រើនបាន​ត្រឹមតែដឹងថា កីឡា​ករ កែវ រំចង់ ម្ចាស់ខ្សែក្រវាត់ស៊ីម៉ង់រូប​ភ្នំ​ មក​ពីក្លិប​កងពលលេខ៨ភ្នំទ្រព្យ អាចការ​ពារ​ខ្សែ​ក្រវាត់ ហើយឈ្នះ​ជ័យ កុសល ដែល​ជា​ជើង​ខ្លាំ​ង​មក​ពីក្លិបសិង្ហកីឡាទាំងលំបាក ក្នុងជំនួបសង​សឹក​គ្នាជាលើកទី២នោះតែប៉ុណ្ណោះ។

​ប៉ុន្តែ​ប្រហែល​​មិន​បានដឹងថា នៅខាងក្រៅឆាកនៃការ​ប្រកួត​បែក​ឈាមដ៏គួរឲ្យរន្ធត់រវាងពួកគេ គឺស្ទើរ​តែធ្វើ​ឲ្យ​អ្នកទាំងពីរផ្ទុះជម្លោះ​ចង់វាយ​គ្នានោះ​ឡើយ ។ មូលហេតុដែលនាំឲ្យ​មាន​រឿងកើត​ឡើង​​​យ៉ាង​​​ដូច្នេះ​ គឺបណ្ដាលមកពី កែវ រំចង់ វាយ​ឌឺខ្លាំង​ពេក ហើយ​ក្នុង​មួយទឹកៗ គេមាន​​ការ​បំពាន​លើ ជ័យ កុសល ទៀត​​​ផង​ ទើបធ្វើឲ្យ ជ័យ កុសល ឆេះដុំចង់កញ្ជ្រោលក្រៅឆាក ។ មិនមែន​ព្រោះ​តែរឿង ជ័យ កុសល ចាញ់ កែវ រំចង់ ទើប​កើត​គំនិតខឹងគុំនោះទេ ប៉ុន្តែ​អ្នក​ទស្សនា​​ផ្ទាល់​សុទ្ធ​តែមើលឃើញដូចគ្នាថា កែវ រំចង់ មាន​ទង្វើឌឺ​ហួសពីការស្មាន ស្របគ្នាធ្វើឲ្យ ជ័យ កុសល ខឹងច្រើន ចាប់តាំងពី​លោក​ភ្លាត់​​​ស្នៀត​​​​ឱ្យ​​ កែវ រំចង់​ វាយ​​​បែក​​​​ឈាម​​​​ស្រោច​​​មុខ​។

ត្រឹមកាយ​វិការ​សើច​ញាក់មុខ និងទង្វើ​ឌឺ​លោក​ក្នុង​ពេលប្រកួត គឺមិនមែនជាហេតុផល​ដែល​រុញ​ឲ្យ ជ័យ កុសល មាន​កំហឹងឡើយ ប៉ុន្តែអ្វីដែល​គេ​កត់​សម្គាល់​ឃើញ គឺកែវ រំចង់ មាន​សកម្ម​ភាព​សម្រុកហាក់​ដូច​ជា​​មាន​គំនុំជាមួយ ជ័យ កុសល តាំង​ពីពេល​ណា ហើយរមែងស្ទុះ​វាយ​មួយដៃ ឬជ្រុល​ទាត់​មួយ​ជើងនៅពេល ជ័យ កុសល ដួល និងស្ទើរ​តែ​គ្រប់​ពេល​បញ្ចប់​ទឹក​នីមួយៗទៀត ។

បើទោះជា ជ័យ កុសល មិនបញ្ជាក់​ដោយ​ពាក្យសម្ដីថា គេខឹងចំពោះទង្វើ កែវ រំចង់ ប៉ុន្តែ​គ្មានអ្នកណាមើលមិនដឹងនោះទេ ដោយ​សារ​តែ​ក្នុងពេលសម្រាកជូតឈាមម្ដងៗ ពិសេស​គឺក្នុង​ពេលរបូតប្រដាប់ការពាររបស់លោកតែម្ដង គឺ ជ័យ កុសល បានឈរច្រត់​ចង្កេះខាំធ្មេញ និង​សម្លក់ កែវ រំចង់ ស្ទើរតែចង់ជ្រុះគ្រាប់ភ្នែក ដែល​​ហាក់ចង់ទៅស៊ីសាច់ កែវ រំចង់ ទាំង​រស់​តែ​ម្ដង ។ ម៉្លោះ​ហើយ ទើបនៅចុងទឹកទី៥ គេឃើញ  ជ័យ កុសល ស្ទុះទៅវាយ​ កែវ រំចង់ ទាំង​កំរោល​​​ បន្ទាប់ពី កែវ រំចង់ នៅ​តែ​ល្មើស​ធាក់​ចំ​កណ្ដាល​ទ្រូង លោក​​​​ពេញទំហឹង នៅពេល​ស្នូរជួងបាន​កំណត់​ឲ្យ​បញ្ឈប់​ការ​ប្រកួតទៅហើយ។ មិន​ត្រឹម​តែលោក​អាជ្ញា​កណ្ដាលប៉ុណ្ណោះទេ ដែលស្ទុះ​ឃាត់​ ជ័យ កុសល ស្ទើរមិនចង់ជាប់ ​សូម្បី​តែ​គ្រូ​បង្វឹក និងអ​្នកឲ្យទឹករបស់ ជ័យ កុសល នៅ​ខាង​ក្រោម​រេញ ក៏​​ស្រែក​​ស្ទើរ​ភ្លាត់​សំឡេង​​ឲ្យ​ជ័យ កុសល ទប់កំហឹងកុំឆេវ​ឆាវ​មួយ​ពេល​នោះ​ដែរ ។

ក្រុមអ្នកទស្សនាផ្ទាល់ សុទ្ធតែ​មើល​ឃើញ​ដូចគ្នាថា បើពេលនោះ ជ័យ កុសល ស្ទុះទៅ​វាយ កែវ រំចង់ បាន ហើយ កែវ រំចង់ តដៃមក​វិញ គឺសង្គ្រាមក្រៅឆាករវាង​កីឡាករ​ល្បី​ឈ្មោះ​ទាំងពីរ ពិតជាកើតឡើងទប់មិនជាប់ឡើយ ដោយ​សារតែ ជ័យ កុសល បង្ហាញឲ្យ​គេឃើញ​ច្បាស់ទៅហើយថាខ្លួនអស់ការអត់ធ្មត់។ ជាមួយ​នឹងកាយវិការខ្ទប់មុខចង់ស្រក់ទឹកភ្នែកនឹងការបរា​ជ័យ​របស់​ខ្លួនផង និងខឹង កែវ រំចង់ ផង ជ័យ កុសល ត្រូវគេប​ង្វេះ​ចេញ​ពីសង្វៀន​ភ្លាមៗ ដើម្បីកុំឲ្យមានទង្វើឌឺដងដាក់គ្នាណាមួយបន្ថែម
ទៀត ក្នុងពេល កែវ រំចង់ ដែល​បាន​ទទួល​ជ័យ​ជម្នះកំពុងមោទនភាព សើចផង រាំផង នៅ​ចំពោះ​​មុខមហាជន ។

បុរសដែលត្រូវអ្នកឈរក្បែរហៅឈ្មោះថារ៉ាវុធ បាននិយាយដោយចំៗថា គណៈកម្មការ គួរតែព្រមាន កែវ ​រំចង់ សម្រាប់​ការ​ប្រកួត​លើក​ក្រោយ ព្រោះបើជ្រុលដៃជ្រុលជើងម្ដងម្កាលវា​មិនមែនជារឿងប្លែកទេ ប៉ុន្តែនេះគឺមានចេតនា វាយឆ្មក់ធ្វើឲ្យគូប្រកួតខឹងតែម្ដង ទើប​បណ្ដាល​ឲ្យ ជ័យ កុសល ខឹង​ញ័រខ្លួនហើយចង់ស្ទុះ​វាយ​ដល់​ម្ល៉ឹង ។ ទោះយ៉ាងណា នៅពីក្រោយ​ហេតុ​ការណ៍​នោះ គេជឿថា ពួកគេនឹងសម្ដែង​អារម្មណ៍​ជាកីឡាករ ដោយមិនចងកំហឹងដាក់គ្នា ដូចអ្វីដែលអ្នកទស្សនាផ្ទាល់បានឃើញ​នោះ​ឡើយ ។ លោក នាង ស៊ីវត្ថា អ្នក​រៀប​ចំការ​ប្រកួត​​បាន​សម្រួលចិត្ត ជ័យ កុសលភ្លាមៗ ដោយ​​​ប្រកាស​ដាក់​មេក្រូថា អរគុណចំពោះ​ការ​ប្រឹង​​ប្រែង​របស់​លោក ហើយបើ​ទោះជា​មិន​បាន​ឈ្នះ តែលោកធ្វើបានយ៉ាងល្អសម្រាប់​ការ​ប្រកួត​ដណ្ដើមខ្សែក្រវាត់ដ៏កក្រើកមួយនេះ ។

ក្រុម​អ្នក​រៀបចំការប្រកួត មានគម្រោងហៅកីឡាករ កែវ រំចង់ ​មកណែនាំពាក់ព័ន្ធនឹងកំហុស​ឆ្គង ដែល​ធ្វើឲ្យ ជ័យ កុសល ខឹង​សម្បា​នោះ ដើម្បី​កុំឲ្យការប្រកួតលើកក្រោយៗរបស់លោក ប្រឈម​នឹងការរិះគន់ដូចពេលនេះ បើទោះ​ជាស្ទីល​ឌឺដាក់ដៃ​គូប្រកួត គឺ​ជា​យុទ្ធសាស្រ្ត​ឈ្នះ​តែមួយគត់របស់​ខ្លួន​ក៏ដោយ ។ យ៉ាង​ណាមិញ កម្មវិធីប្រដាល់នាយប់នោះត្រូវ​គេ​កត់សម្គាល់ថា មានអ្នក​ទស្សនា​​​ច្រើន​មិន​គួរ​ឲ្យ​ជឿឡើយ ដោយសូម្បីតែនៅ​ខាង​ក្រៅ​ទីលាន​ប្រកួត ក៏​មាន​អ្នកទស្សនាណែនណាន់​តាន់​តាប់​អង្គុយ​នៅមុខ​កញ្ចក់​ទូរទស្សន៍ផ្ទាំងធំ ដែល​​ស្ថានីយ​​ទូរ​ទស្សន៍​បាយ័ន បាន​ផ្សាយ​បន្ត​ផ្ទាល់​ឲ្យ​ទស្សនា​នា​គ្រា​នោះផងដែរ ៕