លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញម៉ារៀណូរា៉ជយ ថ្លែងនៅក្នុងបទសម្ភាសន៍មួយថា អេស្ប៉ាញនឹងពិចារណាស្វែងរកជំនួយបន្ថែមទៀតពីអឺរ៉ុបប្រហែល១០០ពាន់លានអឺរ៉ូ ដើម្បីសង្គ្រោះវិស័យហិរញ្ញវត្ថុ ប៉ុន្តែមិនទាន់ឃើញតម្រូវការលក្ខខណ្ឌថ្មីណាមួយទេ ។ លោករ៉ាជយ ថ្លែងថា លោកចង់ឃើញព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) ក្នុងការទិញបំណុលបណ្តាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូដោយតម្លៃកម្ចីខ្ពស់មុនពេលសម្រេចចិត្តថាតើត្រូវបន្តសំណើនេះឬក៏យ៉ាងណា ។
លោកថា ប្រសិនបើលោកជឿថាវាល្អសម្រាប់អឺរ៉ុបទាំងមូល និងតំបន់ចាយប្រាក់អឺរ៉ូ និងប្រទេសអេស្ប៉ាញលោកនឹងធ្វើវា ប៉ុន្តែប្រសិនបើមិនល្អទេលោកមិនធ្វើទេ ។សមាជិកក្រុមប្រឹក្សាធនាគារកណ្តាលអឺរ៉ុប លោកជើក អាសមូហ្សែន ថ្លែងថា ធនាគារកណ្តាលគួរតែទិញសញ្ញាប័ណ្ណរដ្ឋអធិបតេយ្យនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ប្រសិនបើអង្គការរូបិយវត្ថុអន្តរជាតិជាប់ពាក់ព័ន្ធនឹងការកំណត់លក្ខខណ្ឌដែរនោះ ។
ប្រទេសអេស្ប៉ាញធ្លាប់បានព្យាយាមអនុវត្តវិធានការដ្បិតត្បៀតម្តងរួចមកហើយ ដើម្បីកាត់បន្ថយបំណុលវ័ណ្ឌ.ក និងសង្គ្រោះធនាគារដែលដួលរលំ ដោយសារតម្លៃអចលនទ្រព្យ ហើយលោកនាយករដ្ឋមន្ត្រីរ៉ាជយ មានការស្ទាក់ស្ទើរមិនហ៊ានទទួលយកថវិកាសង្គ្រោះបន្ថែមខ្លាចក្រែងប្រទេសធ្លាក់ចូលវិបត្តិកាន់តែធ្ងន់ធ្ងរ ។ ចំណែកអាល្លឺម៉ង់វិញ មានការព្រួយបារម្ភថា ការទិញសញ្ញាប័ណ្ណដើម្បីជួួយសង្គ្រោះអេស្ប៉ាញ និងបណ្តាប្រទេសដែលជាប់បំណុលទាំងអស់នឹងធ្វើឱ្យតម្លៃប្រាក់កម្ចីចុះទាប ហើយបង្កនូវហានិភ័យកាន់តែខ្ពស់ ៕
ចែករំលែកព័តមាននេះ