ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធូរស្រាល​បាន​បន្តិច​! ពេល​នេះ អា​មេ​រិ​ក​-​ចិន​កំពុង​ចោទ​គ្នា​ថា បំពា.ន​លើ​កិច្ចព្រមព្រៀង​ពន្ធ​គយ

3 ថ្ងៃ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ថា​ខ្លួន​នឹង​ចាត់វិធានការ​ដ៏​ម៉ឺងម៉ាត់​ដើម្បី​ការពារ​ផលប្រយោជន៍​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥​។…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ថា​ខ្លួន​នឹង​ចាត់វិធានការ​ដ៏​ម៉ឺងម៉ាត់​ដើម្បី​ការពារ​ផលប្រយោជន៍​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥​។

ក្រសួងពាណិជ្ជកម្ម​ចិន​ប្រកាស​ថា សហរដ្ឋអាមេរិក​បាន​ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ចព្រមព្រៀង ដែល​សម្រេច​បាន​អំឡុង​ការ​ចរចា​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ខែ​មុន នៅ​ពេល​ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​ទម្លាក់​អត្រាពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​បាន​បន្ថែម​ថា ទ​ង្វើ​របស់​អា​មេ​រិ​ក​ក៏​បាន​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ផង​ដែរ ចំពោះ​ការ​ព្រមព្រៀង​គ្នា​ដែល​សម្រេច​បាន អំឡុង​ពេល​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ខែមករា​កន្លង​ទៅ​រវាង​មេដឹកនាំ​ចិន លោក ស៊ី ជិន​ភីង (Xi Jinping) និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។

ការ​អត្ថាធិប្បាយ​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​កើតឡើង បន្ទាប់​ពី​លោក ត្រាំ កាលពី​ថ្ងៃ​សុក្រ​បាន​លើក​ឡើង​ថា ចិន​បាន​បំពាន​ទាំងស្រុង​លើ​កិច្ចព្រមព្រៀង​ជាមួយ​អា​មេ​រិ​ក​។ ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​នោះ​ទេ ប៉ុន្តែ​ក្រោយមក​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Jamieson Greer បាន​ថ្លែង​ថា ប្រទេស​ចិន​មិន​បាន​ដក​ចេញ​របាំង​ពាណិជ្ជកម្ម ដូចដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ក្រោម​កិច្ចព្រមព្រៀង​នោះ​ទេ​។

នៅ​ក្នុង​ការ​ចរចា​នៅ​ទីក្រុង​ហ្សឺ​ណែវ សហរដ្ឋអាមេរិក​បាន​យល់ព្រម​ទម្លាក់​អត្រាពន្ធ​លើ​ទំនិញ​ពី​ចិន​ពី ១៤៥% មក​នៅ​ត្រឹម ៣០% ខណៈ​ដែល​ពន្ធ​សងសឹក​របស់​ចិន​លើ​ទំនិញ​អា​មេ​រិ​កបាន​ទម្លាក់​ចុះ​ពី ១២៥% មក​នៅ​ត្រឹម​១០%​។ ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ ភាគី​ចិន​អះអាង​ថា ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ដោយ​អា​មេ​រិ​ក រួម​មានការ​បញ្ឈប់​ការ​លក់​បន្ទះ​ឈី​ប​សម្រាប់​ការ​រចនា​កម្មវិធី​កុំព្យូទ័រ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ការ​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​បន្ទះ​ឈី​ប​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​របស់​ចិន Huawei ព្រមទាំង​ការ​លុប​ចោល​ទិដ្ឋាការ​សម្រាប់​និស្សិត​ចិន​ថែម​ទៀត​ផង​។

អំឡុង​ការ​ចរចា​ទល់មុខ​គ្នា​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ប៉េ​កាំ​ង​នៅ​ទីក្រុង​ហ្សឺ​ណែវ ភាគី​ទាំង​អាច​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​។ ប៉ុន្តែ​ការ​បោះពាក្យបោះសម្តី​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​តែ​ផ្ទុះ​ឡើង​ម្តងទៀត​នេះ ភាព​ផុយ​ស្រួយ​នៃ​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជ​កម្មបទ​បច្ចុប្បន្ន​ត្រូវ​បាន​រំលេច​ឡើង​វិញ និង​ផ្តល់​ការ​ចង្អុលបង្ហាញ​ថា តើ​អាច​មាន​បញ្ហា​ប្រឈម​បែប​ណា នៅ​ក្នុង​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រយៈពេល​វែង?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ