ទីក្រុងប៉េកាំង៖ គ្រោះទឹកជំនន់កំពុងវាយលុកប្រទេសចិនភាគនិរតីយ៉ាងខ្លាំង និងបង្ខំឱ្យប្រជាជនជាង៨ម៉ឺននាក់ជម្លៀសខ្លួនចេញពីផ្ទះជាបន្ទាន់។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋនៅថ្ងៃពុធ។ មានករណីបាក់ស្ពានថ្មមួយខ្សែ និងបង្ខំឱ្យអ្នកនៅក្បែរៗនោះចុះជួយអ្នកបើកបររថយន្តដែលនៅយោលយោគៗនៅគែមស្ពាន។ ប្រទេសចិនកំពុងរងគ្រោះពីអាកាសធាតុក្ដៅហួតហែងខ្លាំងនៅឆ្នាំនេះ។
ផ្ទៃដីមួយភាគធំត្រូវគ្របដណ្ដប់ដោយរលកកម្ដៅ ខណៈដែលផ្ទៃដីដទៃទៀតមានភ្លៀងធ្លាក់ខ្លាំង។ គិតត្រឹមល្ងាចថ្ងៃអង្គារ គេបានជម្លៀសប្រជាជន៨០៩០០នាក់នៅខេត្តកួយចូវ។ នៅខណ្ឌរ៉ុងជាង (Rongjiang) តារាងបាល់ទាត់មួយកន្លែងត្រូវទឹកលិចរហូតដល់កម្ពស់បីម៉ែត្រ។ តាមរយៈវីឌីអូដែលផ្សព្វផ្សាយតាមទូរទស្សន៍ស៊ីស៊ីធីវីរបស់ចិន (CCTV) គេឃើញថាទឹកជំនន់មានសភាពធ្ងន់ធ្ងររហូតដល់លិចបាត់ភូមិរបស់អ្នកស្រុកជាច្រើន និងបណ្ដាលឱ្យបាក់ស្ពាននៅតំបន់ភ្នំមួយកន្លែងនៃខេត្តកួយចូវ។
គេឃើញក្រុមអ្នកជួយសង្គ្រោះខិតខំអូសទូកដែលដឹកប្រជាជនជាប់គាំងនៅកណ្ដាលវាលទឹកទៅកាន់ទីកន្លែងសុវត្ថិភាព។ ពួកគេត្រូវដើរលុយទឹកត្រឹមជង្គង់ដែលល្អក់កករដោយដីភក់។ កុមារខ្លះត្រូវជាប់ផុងនៅបរិវេណសាលាមត្តេយ្យរង់ចាំភ្នាក់ងារជួយសង្គ្រោះទៅដឹកពួកគេចេញពីទីនោះ។ អ្នកស្រុកនៅតំបន់នោះប្រាប់ថាជំនន់ទឹកភ្លៀងលើកនេះហក់ឡើងយ៉ាងឆាប់រហ័ស។
ស្ថាប័នផែនការសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្វើវិភាជន៍ថវិកាជាតិ១រយលានយ័ន្ត ឬស្មើនឹងជាង១៣លានដុល្លារអាមេរិកដើម្បីជួយដោះស្រាយគ្រោះមហន្តរាយនៅខេត្តកួយចូវ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួ។ ខេត្តក្វាងស៊ីដែលនៅជិតខាងនោះក៏កំពុងរងគ្រោះដោយទឹកជំនន់ផងដែរ។ គេឃើញអាជ្ញាធរដឹកជញ្ជូនមនុស្សយ៉ាងដុតដៃដុតជើងចេញពីតំបន់ដែលហ៊ុមព័ទ្ធដោយវាលទឹកដ៏ល្ហល្ហាច។ កាលពីសប្ដាហ៍មុន មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនចេញពីខេត្តហ៊ូណានបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង៕
ចែករំលែកព័តមាននេះ