ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កសិកម្ម​ដើរតួ​សំខាន់​ជាង​វិស័យ​ផ្សេង​ទៀត ជំរុញ​កំណើនសេដ្ឋកិច្ច​ឥណ្ឌូ​ណេ​ស៊ី

2 ថ្ងៃ មុន

ទីក្រុង​ហ្សា​ការ​តា ៖ យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី (INDEF) បានឱ្យ​ដឹង​ថា វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​លេច​ឡើងជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី…

ទីក្រុង​ហ្សា​ការ​តា ៖ យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី (INDEF) បានឱ្យ​ដឹង​ថា វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​លេច​ឡើងជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ជា​ពិសេស​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២៥​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VietnamPlus ចេញ​ផ្យា​យ​កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥​។

លោក អា​ប្រា តា​ឡា​តូ​វ (Abra Talattov) នាយក​មជ្ឈមណ្ឌល​អាហារ ថាមពល និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​វិទ្យាស្ថាន INDEF បាន​រាយការណ៍​ថា វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​អំពី​កំណើន​ខ្ពស់​បំផុត នៅ​ក្នុង​ចំណោម​វិស័យសេដ្ឋកិច្ច​ទាំងអស់​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដោយ​ឈាន​ដល់ ១០,៥២% នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​នេះ ភាគច្រើន​ដោយសារ​ការ​ប្រមូល​ផល​ស្រូវ និង​ពោត​។ ទិន្នផល​ស្រូវ​បាន​កើនឡើង ៥១,៤៥% ចំណែក​ទិន្នផល​ពោត​បាន​កើន​ជាង ៣៩%​។ កំណើន​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល និង​រដូវ​ប្រមូល​ផល​លឿន​ជាង​ធម្មតា​។

ការ​ប្រមូល​ផល​ចម្បង​ស្របគ្នា​ទៅ​នឹង​រយៈពេល​បុណ្យ​រ៉ា​ម៉ា​ដាន និង Eid al-Fitr អំឡុង​ខែមីនា ដល់​ខែមេសា នៅ​ពេល​ដែល​តម្រូវការ​អាហារ​ជា​ធម្មតា​កើនឡើង ដែល​ជំរុញ​ឱ្យ​ផលិតកម្ម​កើនឡើង​បន្ថែម​ទៀត​។

បន្ថែម​ពីលើ​កំណើន ក៏​ដូច​ជា​ការ​រួមចំណែក​ដល់​ផលិតផល​ក្នុងស្រុក​សរុប (GDP) នោះ វិស័យ​កសិកម្ម​ក៏​បាន​បង្ហាញ​ពី​សមត្ថភាព​ស្រូប​យក​កម្លាំង​ពលកម្ម​ខ្លាំង​ផង​ដែរ​។ ទិន្នន័យ​ពី​ទីភ្នាក់ងារ​ស្ថិតិ​កណ្តាល​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី (BPS) បាន​បង្ហាញ​ថា គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២៥ វិស័យ​កសិកម្ម​មាន​ចំណែក​ការងារ ២៨,៥% នៃ​កម្លាំង​ការងារ​សរុប​របស់​ឥណ្ឌូ​ណេ​ស៊ី ច្រើន​ជាង​វិស័យ​ផ្សេង​ទៀត​រួម​ទាំង ពាណិជ្ជកម្ម និង​ផលិតកម្ម​។

នៅ​ក្នុង​រយៈពេល​៦​ខែ​កន្លង​មកនេះ វិស័យ​កសិកម្ម​បាន​បង្កើត​ការងារ​ប្រហែល​៨៥​ម៉ឺន​នាក់ ក្នុង​ចំណោម​ការងារ​សរុប​ចំនួន ៨៩​ម៉ឺន​នាក់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដោយ​តួលេខ​នេះ បាន​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច ជា​ពិសេស​សម្រាប់​សហគមន៍​ដែល​មាន​ប្រាក់​ចំណូល​ទាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ