ខណ:ដែលមានសេចក្តីរាយការណ៍ព័ត៌មានថា កងទ័ពថៃមានបំណងចង់មានការបិទព្រំដែន តែមិនទាន់ទទួលបានយល់ព្រមពីរដ្ឋាភិបាលរបស់ខ្លួននោះ គេយល់ថា ការបិទព្រំដែននឹងនាំខាតប្រយោជន៍ដល់ប្រទេសទាំងពីរ ដោយក្នុងនោះនឹងប៉ះពាល់ទំនិញថៃដែលនាំចូលកម្ពុជាជាង៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ។
ពាណិជ្ជករថៃ ក៏កំពុងបារម្ភអំពីបញ្ហានេះ ហើយមិនគាំទ្រដល់ការបិទព្រំដែន ដូចដែលកងទ័ពថៃចង់ធ្វើនោះទេ ។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០២៤ គឺមានតម្លៃប្រមាណជាជាង ៤ពាន់លានដុល្លារនៅក្នុងនោះ ថៃនាំចេញមកកម្ពុជា គឺជាង៣ពាន់លានដុល្លារទៅហើយ ខណៈដែលកម្ពុជានាំចេញទៅថៃត្រឹមតែប្រមាណជិត៨០០លានដុល្លារប៉ុណ្ណោះ ។
ដោយឡែក តាមស្ថិតិរបស់អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅ៤ខែដើមឆ្នាំនេះ ពាណិជ្ជកម្មរវាងកម្ពុជា និងថៃឈានដល់១,៤៩ ពាន់លានដុល្លារ ដោយនៅក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ មានចំនួនសរុបត្រឹមតែជិត៣២៨ លានដុល្លារប៉ុណ្ណោះ ។
ផ្អែកតាមតួលេខទាំងនេះ ការប៉ុនប៉ងណាមួយ ដើម្បីបិទព្រំដែននឹងធ្វើអោយប៉ះពាល់ដល់ការនាំចេញទំនិញរបស់ថៃធ្ងន់ជាងកម្ពុជា ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ គ្រាន់តែច្រកប៉ោយប៉ែតមួយទេ មានរថយន្តដឹកជញ្ជូនទំនិញមួយថ្ងៃដល់ទៅ៣០០ជើង ហើយលំហូរអ្នកដំណើរ គឺប្រហែលជា២ពាន់ នាក់ ។
ក្រៅពីច្រកប៉ោយប៉ែតចេញនោះ កម្ពុជានៅមានច្រកកម្រិតអន្តរជាតិជាមួយនឹងថៃ ប្រមាណជា៧កន្លែង និងច្រកទ្វារតំបន់ក៏ដូចជា ទ្វេភាគីមួយចំនួនបន្ថែមទៀត ។ ច្រកទាំងនោះ គឺសុទ្ធសឹងតែជាច្រកដោះដូរពាណិជ្ជកម្ម និងការតភ្ជាប់ ៕
ចែករំលែកព័តមាននេះ