រាជធានីភ្នំពេញ ៖ កីឡាករ ពៅ ស៊ីយ៉េត មកពិក្លិបក្រុងប៉ោយប៉ែត និងកីឡាករ សារឹម ង៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលស្ថិតនៅក្នុងពូល B នោះ នឹងប្រជែងរក៣ពិន្ទុម្នាក់បន្ថែមទៀតនាជំនួបនៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN ថ្ងៃអាទិត្យ ទី៩ កញ្ញា ក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ K-cement ទម្ងន់៥៤គីឡូក្រាម បន្ទាប់ពីចាញ់ម្នាក់១ប្រកួតនាពេលកន្លងមក ។
សីុយ៉េត ធ្លាប់ប្រកួតចាញ់ អាំង សំអាតមកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀនដោយពិន្ទុ រីឯសារឹម ង៉ា ចាញ់ពិន្ទុ ចេង រិទ្ធី មកពីក្លិបសាលវ័ន្តកីឡា ។ ដូច្នេះលើកនេះ ពួកគេនឹងធ្វើការប្រកួតប្រជែងយកជ័យជម្នះរៀងខ្លួន ដើម្បីគេចឱ្យផុតពីការហាលខោ ។ សីុយ៉េត បើមើលលើបច្ចេកទេសប្រកួតនៅលើសង្វៀន គឺមិនអន់ឡើយ ទាំងស្នៀតកណ្តាប់ដៃ និងស្នៀតជើង សុទ្ធតែអាចប្រើការបានទាំងអស់ ប៉ុន្តែមិនសូវជាមានភាពរហ័សរហួនប៉ុន្មានឡើយ ម្យ៉ាងចិត្តរបស់គេក៏មិនសូវសឿងផង ។ រីឯ សារឹម ង៉ា ការបរាជ័យរបស់គេលើកមុនសុទ្ធតែបានកើតឡើងដោយសាររឿងស៊យច្រើនជាង ខណៈអ្នកមើលភាគច្រើនមានទំនុកចិត្តលើរូបគេ តែទីបំផុតមិនដូចជាការរំពឹងទុកនោះឡើយ ។ ការមកប៉ះសីុយ៉េត លើកនេះ គេក៏មានទំនុកចិត្តខ្លាំងណាស់ដែរ ព្រោះបើធ្វើការប្រៀបធៀបទៅលើបច្ចេកទេសប្រកួតនៅលើសង្វៀន គឺសារឹម ង៉ា ល្អជាង ។ សារឹម ងា៉ ពូកែទាំងស្នៀតកែង និងជង្គង់ឡើងទៅ ឯចិត្តរបស់គេក៏ស៊ូណាស់ដែរ និងមិនសូវចេះក្អេងក្អាងមុនឡើយ ។ ទោះបីជាយ៉ាងណា គេបានសន្យាថា នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីស្តារការបរាជ័យរបស់គេមកវិញឱ្យទាល់តែបាន ។
ឯគូប្រកួតមិត្តភាពវិញ ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា ជួបប្រកួតជាមួយ ឡៅ សីុណាត មកពីក្លិបកងពលតូចឆត្រយោង៩១១ ។ សិង្ហ សាវ៉ន មកពីក្លិបសិង្ហកីឡា ជួបប្រកួតជាមួយពុទ្ធហ៊ុច មកពីក្លិបពុទ្ធសេរីវង្សកីឡា ។ ជិន រ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបប្រកួតជាមួយ ជ័យ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡា ។ យ៉ាម ពិសិដ្ឋ មកពីក្លិបរស្មីកុមារកំព្រាជួបប្រកួតជាមួយសេង សុខចាន់ មកពីក្លិបខេមរៈខ្លាហោះ ។ ហេង ចេក មកពីក្លិបកងពលតូចលេខ៧០ ប្រកួតជាមួយ យឹម ប៉េងលី មកពីក្លិបខេមរិន្ទមានប្ញទ្ធិ និងចាន់ គង់រាជ មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតជាមួយ សែន រ៉ាដេត មកពីក្លិបអេភូថងកីឡា ៕
ចែករំលែកព័តមាននេះ