រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី៩ កញ្ញា ស្អែកនេះកីឡាករជើងខ្លាំង ង៉ែត រដ្ឋា នឹងជួបប្រកួតជាមួយកីឡាករ ទិត្យ សុវណ្ណគិរី នៅលើសង្វៀនបាយ័នព័ត៌មានកោះពេជ្រដែលជាជំនួបសងសឹក ។ នេះជាការជួបគ្នាលើកទី៣ ដែលធ្វើឱ្យកីឡាករម្នាក់ៗពិបាកប៉ាន់ស្មានពីលទ្ធផលយ៉ាងខ្លាំង ស្របពេលដែលពីរលើកមុនកីឡាករ ទិត្យ សុវណ្ណគិរី បានដណ្តើមជ័យជម្នះពីកីឡាករ ង៉ែត រដ្ឋា ក្នុងលទ្ធផលយ៉ាងប្រផិតប្រផើយបំផុត ។
កីឡាករជើងខ្លាំងមកពីក្លិបក្រសួងមហាផ្ទៃង៉ែត រដ្ឋា នឹងឡើងប្រកួតសងសឹកជាថ្មីម្តងទៀតជាមួយកីឡាករទិត្យ សុវណ្ណគិរី មកពីក្លិបអប្សរាគុនខ្មែរ ដែលធ្លាប់ឈ្នះពិន្ទុខ្លួនក្នុងការប្រកួតកាលពីលើកមុននៅលើសង្វៀនទូរទស្សន៍ CTN និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។ ឆ្លងកាត់ការប៉ះគ្នាបានពីរលើកកន្លងមក កីឡាករ ង៉ែត រដ្ឋា ដ្បិតតែពូកែទាត់ និងប្រើជង្គង់ធ្វើឱ្យ ទិត្យ សុវណ្ណគិរី បាត់ជំហរម្តងៗ ប៉ុន្តែ ទិត្យ សុវណ្ណគិរី ក៏ខ្លាំងមិនធម្មតាដែរខាងប្រើស្នៀតម៉ាត់ ទាត់ និងជង្គង់ហោះ ដែលអាចបត់បែនតាមសភាពការណ៍ទើបធ្វើឱ្យគេឈ្នះកីឡាករ ង៉ែត រដ្ឋា បាន ។ ដូច្នេះការជួបគ្នាសាជាថ្មីនាថ្ងៃអាទិត្យស្អែកនេះ មិនដឹងថា កីឡាករង៉ែត រដ្ឋា ដែលធ្លាប់ចាញ់ ទិត្យ សុវណ្ណគិរី ធ្វើបានល្អយកឈ្នះលើដៃគូចាស់បាន ឬយ៉ាងណា ។ កីឡាករ ទិត្យ សុវណ្ណគិរី ដែលធ្លាប់ធ្វើឱ្យកីឡាករ ង៉ែត រដ្ឋា ចាញ់ក្រោមកណ្តាប់ដៃខ្លួនបានប្រាប់កោះសន្តិភាពកាលពីរសៀលម្សិលមិញថា ដ្បិតតែលោកអាចធ្វើឱ្យកីឡាករ ង៉ែត រដ្ឋា ចាញ់ពីរដងមែន តែលោកមិនហ៊ានអួតអាងមើលងាយដៃគូឡើយ មិនថាតែកីឡាករ ង៉ែត រដ្ឋា ទេ គឺគ្រប់គូប្រកួតទាំងអស់ លោកតែងមានការប្រុងប្រយ័ត្នជានិច្ច។
លោកថ្លែងបន្តថា បទពិសោធន៍ពីរលើកកន្លងមកលោកអាចស្ទង់ដឹងខ្លះថា ង៉ែត រដ្ឋា គាត់មានស្នៀតពិសេសល្អខាងទាត់ និងកម្លាំងខ្លាំងដែលលោកត្រូវយកចិត្តទុកដាក់ខ្ពស់លើចំណុចនេះ ។ យ៉ាងណាលោកនឹងខំការពារជ័យជម្នះក្នុងជំនួបលើកទី៣នេះឱ្យទាល់តែបាន ព្រោះក្នុងអំឡុងពេលនេះលោកប្រឹងប្រែងហ្វឹកហាត់ក្បាច់ប្រដាល់ជារៀងរាល់ថ្ងៃ ដោយមិនហ៊ានប្រហែសចំពោះការប្រកួតនេះឡើយ ។កីឡាករ ទិត្យ សុវណ្ណគិរី ប្រឡូកក្នុងពិភពប្រដាល់នាអំឡុងឆ្នាំ២០១០ ប៉ុណ្ណោះ ដោយដំបូងឡើយលោកប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម តែមកដល់ពេលនេះប្រកួតក្នុងទម្ងន់៦០គីឡូក្រាមវិញ ។ រយៈពេលជាង២ឆ្នាំ ទិត្យ សុវណ្ណគិរី ប្រកួតបាន៤៦លើក ឈ្នះ៣៥លើក ចាញ់៥លើក និងស្មើ៦លើក ។ លើសពីនេះ ទិត្យ សុវណ្ណគិរី ក៏ជាជើងឯកខ្សែក្រវាត់ខារ៉ាបាវ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមប្រចាំស្ថានីយទូរទស្សន៍ CTN ឆ្នាំ២០១២ ផងដែរ ។ កោះសន្តិភាពមិនអាចទាក់ទងទៅកាន់កីឡាករ ង៉ែត រដ្ឋា បានទេ ប៉ុន្តែតាមសម្តីអះអាងរបស់លោកគ្រូ មាស សុខគ្រី ដែលជាគ្រូបង្វឹកប្រចាំក្លិបក្រសួងការពារជាតិ បានថ្លែងឱ្យដឹងដែរថា លោកមិនចង់ធ្វើការប្រៀបធៀបអ្នកណាខ្លាំងជាង ឬខ្សោយជាងបានទេ ទុកឱ្យមហាជនតាមដានល្អជាង ព្រោះការប្រកួតតែងតែមានឈ្នះ-ចាញ់ជារឿងធម្មតា សំខាន់មានតែការខិតខំប្រឹងហ្វឹកហាត់ទើបជាវិធីល្អដើម្បីបង្កើនសមត្ថភាព ។
បន្ថែមពីលើគូសងសឹកនេះ ក៏មានការចូលរួមប្រកួតជាលក្ខណៈមិត្តភាពរវាងកីឡាករ ឯម សីុថុង មកពីក្លិបគ្រុឌមានជ័យ ប៉ះជាមួយកីឡាករ ឆាយ ម៉េត មកពីក្លិបកីឡាខេត្តក្រចេះ ។ កីឡាករ លាភ សំណាង មកពីក្លិបកងពលតូចលេខ៧០ ប្រកួតជាមួយកីឡាករ ធា រិទ្ធី មកពីក្លិបអេភូថងកីឡា និងកីឡាករ ភារម្យ ភក្តី មកពីក្លិបរកាខ្នុរគុនខ្មែរ ប្រកួតជាមួយកីឡាករ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានប្ញទ្ធិ ៕
ចែករំលែកព័តមាននេះ