ខេត្តក្រចេះ ៖ ស្រ្តីម្នាក់បែកមុខបែកមាត់ និងបាក់ដៃឆ្វេងសន្លប់ស្តូកស្តឹង ខណៈកំពុងជិះម៉ូតូដឹកចេកឆាបយកទៅបោះឲ្យម៉ូយដល់ចំណុចផ្លូវឡើងទួលមួយកន្លែងត្រូវរថយន្តដឹកឈើបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៦ កញ្ញា នៅក្នុងភូមិផ្អាក ឃុំផ្អាក ស្រុកស្នួល ខេត្តក្រចេះ ។
តាមសម្តីបុរសឈ្មោះ ព័ន្ធ ផល អាយុ៥១ឆ្នាំ ជាអ្នកវាយថ្មលក់ ត្រូវជាប្តីស្រ្តីរងគ្រោះឈ្មោះ ទួត ផល្លា អាយុ៤៨ឆ្នាំ ជាអ្នកធ្វើនំចេកឆាបបោះដុំនិងលក់រាយ មានទីលំនៅក្នុងភូមិព្រៃក្តី ឃុំផ្អាក ស្រុកស្នួលបានឲ្យដឹងថា មុនពេលកើតហេតុប្រពន្ធរបស់គាត់បានជិះម៉ូតូវ៉េវអាល់ហ្វា ពណ៌ត្រួយចេក ដឹកចេកឆាបយកទៅបោះឲ្យម៉ូយនៅខេត្តកំពង់ចាម ក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកឈើពេញ ខណៈមកដល់ផ្លូវចំណោតមួយ រថយន្តជាន់ហ្គាបន្ថែមល្បឿនជ្រុលទៅបុកម៉ូតូរបស់ប្រពន្ធគាត់ពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបែកមុខបែកមាត់ និងបាក់ដៃខាងឆ្វេងសន្លប់ស្តូកស្តឹង ។ ក្រោយពីបង្កគ្រោះថ្នាក់អ្នកបើករថយន្តបានរត់គេចខ្លួនបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្នួល តែដោយសារស្ថានភាពរបួសធ្ងន់ពេកក៏បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ចាម រួចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ រថយន្តបង្កនិងម៉ូតូត្រូវប៉ូលិសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្នួល រង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ