ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​រថភ្លើង នៅ​ចំ​កណ្ដាលផ្លូវ​(វត្ត​តាំង​កសាង) ដែល​ចុង​ក្រោយបណ្ដាលឲ្យ​និស្សិត​ស្រី​ម្នាក់​ស្លា.ប់​នោះ កំពុង​ត្រូវ​បាន​គាស់​ចេញ​វិញ​ហើយ

17 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ ផ្លូវ​រថភ្លើង​នៅ​ចំ​កណ្ដាលផ្លូវ​លេខ​១០៥K ហៅ​ផ្លូវ​ចូល​វត្ត​តាំង​កសាង ដែល​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វ៉េ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ជា​ច្រើន​លើក​មក​ហើយ។ ចំណែក​ចុង​ក្រោយ​កាលពី​៤​ថ្ងៃមុន បាន​ធ្វើ​ឲ្យ​និស្សិត​ស្រី​ម្នាក់…

រាជធានីភ្នំពេញ ​៖ ផ្លូវ​រថភ្លើង​នៅ​ចំ​កណ្ដាលផ្លូវ​លេខ​១០៥K ហៅ​ផ្លូវ​ចូល​វត្ត​តាំង​កសាង ដែល​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វ៉េ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ជា​ច្រើន​លើក​មក​ហើយ។ ចំណែក​ចុង​ក្រោយ​កាលពី​៤​ថ្ងៃមុន បាន​ធ្វើ​ឲ្យ​និស្សិត​ស្រី​ម្នាក់ ​ជិះ​ម៉ូតូ​រអិល​ដួល ហើយ​ត្រូវ​រថយន្ត​ដឹក​ទឹកកក​កិន​ស្លា.ប់​នោះ កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​ខាងលើ រួម​ជាមួយ​ក្រសួង ​និង​មន្ទីរ​ពាក់ព័ន្ធ​ដាក់​គ្រឿងចក្រ​ និង​កម្លាំង​មនុស្ស​គាស់​យក​ចេញ​ចេញពី​ផ្លូវ​នោះ​វិញ​ហើយ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា កម្លាំង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វ៉េ បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន រួម​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចាប់ផ្ដើម​គាស់​យក​ផ្លូវ​រថភ្លើង​នេះ​ចេញពី​ផ្លូវ​លេខ​១០៥K​ វិញ​ រយៈពេល​៣​ថ្ងៃ​មក​ហើយ គឺ​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៥​មក​ម្ល៉េះ ក្រោយ​ពី​ការ​អ៊ុត​កៅស៊ូ​លុប​បាន​១​ថ្ងៃ។ ដោយ​ចាប់ផ្ដើម​គាស់​ចេញពី​ចំណុច​វត្ត​តាំង​សាង​ខាងត្បូង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​២​មុន និង​ដេញ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២​ដដែល​នោះ ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ផ្លូវ​រថភ្លើង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​វរ​ល​វ៉េ សាងសង់​នៅ​ចំផ្លូវ​លេខ​១០៥K ហៅ​ផ្លូវ​ចូល​វត្ត​តាំង​កសាង​នេះ​តែ​ម្ដង មាន​ប្រែង​ជាង​១,៣០០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ចំណុច​ផ្លូវដែក​ជិត​វត្ត​តាំង​កសាង​ខាងត្បូង​ចូល​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ​ក្រុមការងារ​ខាងលើ​គាស់​ផ្លូវ​នោះ​ បាន​ប្រវែង​ប្រមាណ​ជាង​២០០​ម៉ែត្រ​ហើយ និង​បាន​ដឹក​ដែក ​ដែល​គាស់​រួច​យក​ចេញ​បណ្ដើរ​ៗ ហើយ​ក៏​កំពុង​បន្ត​គាស់​ទៀត ដែល​តាម​ពួក​គាត់​ដឹង​គឺ​គាស់​រហូត​ដល់​អស់ទាំង​ស្រុង ។

ប្រជាពលរដ្ឋ​ដដែល​ បាន​រម្លឹក​ថា ពី​ដើម​រៀង​មក​គ្មាន​ផ្លូវ​រថភ្លើង​នៅ​ផ្លូវ​លេខ​១០៥K​នេះ​ទេ គឺ​ផ្លូវ​រថភ្លើង​ខាងលើ​ទើបតែ​ត្រូវ​បាន​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វ៉េ សាងសង់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ចាប់ផ្ដើម​សាងសង់​ដំបូង មហាជន​បាន​រិះគន់​ខ្លាំង​ណាស់​ព្រោះ​មិន​សម​ទំនង និង​គិត​ថា​រញ៉េរញ៉ៃ។ ប៉ុន្តែ​ទីបំផុត​ក្រុមហ៊ុន​នោះ​ នៅ​តែ​សាងសង់​រហូត​ដល់​រួចរាល់ ហើយ​ក្រោយមក​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង បណ្ដាល​ឲ្យ​មាន​អ្នក​ដួល​ម៉ូតូ​ញឹកញាប់ និង​មាន​គ្រោះថ្នាក់​រវាង​រថយន្ត​ និង​ភ្លើង​ថែម​ទៀត​ផង ។

ពួក​គាត់​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ក្រោយ​ពី​រថភ្លើង​ដំណើរការ​ដឹក​ភ្លៀវ​ ចេញ​និង​ចូល​អាកាសយានដ្ឋាន​អន្តរា​ជាតិ​ភ្នំពេញ ​បាន​មួយ​រយៈ​ប៉ុណ្ណោះ ក៏​លែង​ដំណើរការ​ទៅ​វិញ ប៉ុន្តែ​ផ្លូវដែក​នោះ ​ត្រូវ​បាន​ទុក​ចោល​នៅ​កណ្ដាលផ្លូវ​លេខ​១០៥K​នេះ​​ រាប់​ឆ្នាំ និង​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដួល​ម៉ូតូ​ជា​បន្តបន្ទាប់​រហូត​មក​ដែរ។ ដោយឡែក​ចុង​ក្រោយ​ គឺ​នៅ​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៥ មាន​និស្សិត​ស្រី​ម្នាក់ បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​នោះ ខណៈ​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង បណ្ដាល​ឲ្យ​រអិល​ក្រឡាច់​ផ្លូវដែក​នោះ​ដួល​ម៉ូតូ ហើយ​ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ នៅ​ត្រង់​ចំណុច​មុខ​ផ្សា​តាំង​កសាង ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ខាងលើ​បាន​រៀបរាប់​ប្រាប់​ផង​ដែរ​ថា ក្រោយ​ពី​កើត​មាន​ឧប្បត្តិ​ហេតុនេះ​ហើយ មហាជន​បាន​ធ្វើការ​រិះគន់​កាន់តែ​ខ្លាំង​ឡើង​ៗ ទើប​នៅ​ថ្ងៃ​បន្ទាប់​គឺ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វ៉េ បាន​អ៊ុត​កៅស៊ូ​លុប​ផ្លូវដែក​នោះ ។ ប៉ុន្តែ​ចំណាត់ការ​នេះ​ នៅ​តែ​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​ដដែល ដោយ​ពួក​គាត់​ស្នើរ​សុំ​ឲ្យ​ដក​ផ្លូវដែក​នេះ​ចេញ​តែ​ម្ដង ទើប​១​ថ្ងៃ​បន្ទាប់​ទៀត គឺ​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វ៉េ បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ។ រួម​ជាមួយ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​គាស់​យក​ផ្លូវ​រថភ្លើង​ចេញ​តែ​ម្ដង ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​និង​គាស់​យក​ចេញ​អស់ទាំង​ស្រុង​ហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ