ការលំបាកក្នុងការមានកូនគឺជាបញ្ហាដ៏រសើបដែលគូស្វាមីភរិយាជាច្រើនកំពុងជួបប្រទះ។ តាមរបាយការណ៍បានឱ្យដឹងថា ចំនួនគូស្វាមីភរិយាដែលមានវិបត្តិនេះមានរហូតដល់ ១០ ទៅ ១៥%។ ប៉ុន្តែតើអ្វីជាមូលហេតុពិតប្រាកដ និងមានដំណោះស្រាយដែរឬទេ?
១. តើអ្វីជាវិបត្តិនៃការមានកូន?
វិបត្តិនៃការមានបុត្រ ឬ Infertility គឺសំដៅលើការបរាជ័យក្នុងការមានកូនក្នុងរយៈពេលមួយឆ្នាំ ទោះបីជាមានការរួមភេទទៀងទាត់ដោយមិនប្រើប្រាស់មធ្យោបាយពន្យាកំណើតក៏ដោយ។ បញ្ហានេះអាចកើតឡើងដោយសារមូលហេតុពីភាគីស្ត្រី, ភាគីបុរស ឬអាចទាំងសងខាង។
២. មូលហេតុចម្បងដែលបណ្តាលឱ្យមានវិបត្តិ
ភាគីស្ត្រី (៣៤%): បញ្ហាអាចមកពីការផលិតមេជីវិតញី, ការស្ទះដៃស្បូន, ដុះសាច់ក្នុងស្បូន, គីសដៃស្បូន, ការរំខាននៃអ័រម៉ូន, ឬទម្លាប់ផឹកស្រា និងជក់បារី។
ភាគីបុរស (២០%): បញ្ហាអាចមកពីការផលិតមេជីវិតឈ្មោល, ការស្ទះផ្លូវបញ្ចេញមេជីវិតឈ្មោល, ជំងឺក្រពេញអ័រម៉ូន, ឬទម្លាប់ផឹកស្រា និងជក់បារី។
មូលហេតុរួម (៣៨%): ភាគរយខ្ពស់បំផុតនៃបញ្ហានេះគឺបណ្តាលមកពីកត្តារួមផ្សំគ្នារវាងបុរស និងស្ត្រី។
មូលហេតុមិនច្បាស់លាស់ (៨%): ករណីខ្លះមិនអាចពន្យល់ពីមូលហេតុបានច្បាស់លាស់។
៣. តើត្រូវធ្វើរោគវិនិច្ឆ័យដោយរបៀបណា?
ដើម្បីស្វែងរកមូលហេតុ អ្នកឯកទេសនឹងធ្វើការពិនិត្យដូចជា៖
តេស្តឈាម ដើម្បីពិនិត្យកម្រិតអ័រម៉ូន។
ថតអេកូសាស្ត្រ ដើម្បីពិនិត្យសរីរាង្គខាងក្នុង។
ថតដៃស្បូន ដើម្បីមើលការស្ទះ។
វិភាគមេជីវិតឈ្មោល សម្រាប់ភាគីបុរស។
៤. តើមានវិធីព្យាបាលទេ?
បច្ចុប្បន្ន មានបច្ចេកទេសវេជ្ជសាស្ត្រទំនើបជាច្រើនដែលអាចជួយដោះស្រាយបញ្ហានេះបាន ដូចជា៖
ការព្យាបាលដោយថ្នាំ: ប្រើថ្នាំដើម្បីភ្ញោចការផលិតមេជីវិតញី (Ovulation Induction)។
ការចាក់បញ្ចូលមេជីវិត: ចាក់បញ្ចូលមេជីវិតឈ្មោលទៅក្នុងស្បូនស្ត្រី (Intra-uterine Insemination)។
ការបង្កកំណើតក្នុងកែវ: ជាវិធីសាស្ត្រជំនួយវេជ្ជសាស្ត្រទំនើបបំផុត (In-vitro Fertilization)។
ប្រសិនបើអ្នក និងដៃគូកំពុងជួបបញ្ហានេះ សូមកុំអស់សង្ឃឹម។ ត្រូវមកពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីស្វែងរកការពិត និងទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
ចែករំលែកព័តមាននេះ