ខេត្តកណ្តាល ៖ បុរសម្នាក់ប្រើប្រាស់ថ្នាំញៀនលើសកំរិតគ្រប់គ្រងខ្លួនឯងលែងបានដើរកាន់ពូថៅតាមផ្លូវ ខណៈដែលគេសួរនាំស្រាប់តែទាញពូថៅេដញកាប់ផ្អើលប្រជាពលរដ្ឋ ទាក់ទងសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗ ។ ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៧ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ
ខេត្តកណ្ដាល ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ពៅ វ៉ាន់ដេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្បាលកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ។ ហើយរយៈពេលកន្លងមកជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល អស់រយៈពេល០៣ឆ្នាំ ពីបទធ្វើឲ្យខូចខាតដោយចេតនានិង ប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង៖
-ពូថៅដៃ ចំនួន០១ មានដងធ្វើអំពីឈេីប្រវែង ៤៥សង់ទីម៉ែត្រ ផ្លែដែកមាន ប្រវែង១៣សង់ទីម៉ែត្រ និងខូចខាតសម្ភារៈម៉ូតូHONDA វ៉េវ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI 6965ចំនួន ០១គ្រឿង ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ធឿន ដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ កសិករ (រងរបួសស្រាល) មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យ បានធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯង ពីចំណុចផ្ទះជនសង្ស័យស្ថិតនៅក្នុងទឹកដីក្រុងសំពៅពូន ដើរហូតមកដល់ទឹកដីស្រុកកោះធំ ខេត្តកណ្តាល ដោយនៅក្នុងដៃមានកាន់ពូថៅដៃចំនួន០១ ស្រាប់តែដើរមកជួប ជាមួយនិងជនរងគ្រោះឈ្មោះ ធឿន ដារ៉ូ កំពុងជិះម៉ូតូ ហើយជនរងគ្រោះគាត់បានសួរនាំទៅជនសង្ស័យថាប្អូនកាន់ពូថៅទៅណាតែម្នាក់ឯងនិងស្រាប់តែជនសង្ស័យ គាត់ខឹងក៍បានធ្វើសកម្មភាពរត់ទៅដេញកាប់លើជនរងគ្រោះតែម្ដង។ ពេលនោះជនរងគ្រោះមានការភ័យខ្លាចក៍បានរត់គេចខ្លួនទុកម៉ូតូចោលនៅកណ្តាលផ្លូវ ហើយរត់ទៅរកអោយអ្នកភូមិជួយខ្លួនផង ហើយជនសង្ស័យឈ្មោះពៅ វ៉ាន់ដេត បានរត់ទៅកាប់លើម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យខូចខាតចំនួន០២កន្លែង។ ក្រោយមកបានបន្តិចទើបមានប្រជាពលរដ្ឋគាត់បានរាយការណ៍មកកាន់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី ដើម្បីចុះទៅជួយអន្តរាគមន៍ឃាត់ខ្លួនដើម្បីយកមកសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ពៅ វ៉ាន់ដេត បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅ ដៃទៅដេញកាប់លើជនរងគ្រោះឈ្មោះធឿន ដារ៉ូ ហើយនិងកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកកោះធំ ឃាត់ខ្លួនយកមកសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ