ខេត្តកណ្តាល ៖ យុវតីម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរ ខណៈបើកបរម៉ូតូឌុបគ្នាដោយល្បឿនលឿន កាច់ចង្កូតមិនទាន់ មកបុកបង្កាន់ដៃស្ពានព្រែកតាស្រី យ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះទាំង៣នាក់ ផ្លោងធ្លាក់ពីលើស្ពានចូលក្នុងព្រែក ។
ហេតុការណ៍ដ៏គួរអោយរន្ធត់នេះ បានកើតទ្បើងកាលពីវេលាម៉ោង០៥ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចបង្កាន់ដៃស្ពានព្រែកតាស្រី លើកំណាត់ផ្លូវលេខ១២១០ ក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក់ ស៊ុយហ្សុយគី និច ពាក់ផ្លាកលេខ ភ្នំពេញ 1FT-0397 បើកបរដោយឈ្មោះ យ៉ុ មករា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ លក់នំប៉័ង មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកយ ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសធ្ងន់) រួមដំណើរដោយឈ្មោះ ខន លីនដា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិទួលសាលា ឃុំសាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) និងម្នាក់ទៀតឈ្មោះ មិត្ត ស្រីភា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ រត់តុ មានទីលំនៅភូមិព្រែកស្លែង ឃុំសាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសធ្ងន់) បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ពេលបើកបរមកដល់ចំណុចភូមិឃុំកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកបង្គោលបង្កាន់ដៃស្ពានព្រែកតាស្រី ហើយក៏បានធ្លាក់ម៉ូតូ ព្រមទាំងអ្នកបើកបរ និងអ្នករួមដំណើរទៅក្នុងព្រែក បណ្តាលអោយស្លាប់យុវតីម្នាក់យ៉ាងរន្ធត់ ចំណែកប្រុសស្រី២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង បានទៅចុះត្រួតពិនិត្យធ្វើការវាស់វែងយកម៉ូតូយកទៅរក្សា និងបានធ្វើការប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំពោះករណីនេះ សមត្ថកិច្ចជំនាញ សន្និដ្ឋានថា បណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន មានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕


ចែករំលែកព័តមាននេះ