ខេត្តព្រះសិហនុ ៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងរថយន្តធន់ធំ នៅវេលាម៉ោង៤និង២៤នាទីរសៀលថ្ងៃទី០៤ កក្កដា ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៨-១៧៩ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមសមត្តកិច្ចជំនាញឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីម៉ូតូម៉ាក HONDA DREAM ០១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1J-7536 ដែលធ្វើសំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ សៀក គឹមហុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវបំបែកជាបី បានប្ដូរទិសដៅ រួចបានរអិលដួលខ្លួនឯង ចូលទៅក្រោមរ៉ឺម៉ករថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-1562 និងសឺមីរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-5507 ដែលមានទិសដៅស្របគ្នា និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។ បណ្ដាលឲ្យកង់ក្រោយខាងស្ដាំរបស់សឺមីរ៉ឺម៉ក បានកិនម៉ូតូ និងអ្នកបើកបរម៉ូតូបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សាកស.ព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង (រថយន្ដ និងម៉ូតូ) បានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ដ បានបើករថយន្ដគេចចេញពីកន្លែងកើតហេតុ ប្រហែល៣០០ម៉ែត្រ រួចបើកទ្វាររថយន្ដ ចុះរត់បាត់ស្រមោល ៕

ចែករំលែកព័តមាននេះ