ទីភ្នាក់ងារព័ត៌មានបរទេស បានផ្សាយថាសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពិភពលោក២០១៤របស់ប្រេស៊ីល និងក្រុុមហ៊ុនអេឌីដាស (Adidas) បានបញ្ជាក់ជាផ្លូវការថា បាល់ស៊េរីថ្មីសម្រាប់ប្រើក្នុងការប្រកួតបាល់ទាត់ពិភពលោក២០១៤មានឈ្មោះថា អេឌីដាស ប្រា ស៊ូកា (Adidas Brazuca) ដែលទទួលបានការជ្រើសរើសពីសំណាក់ប្រជាជនេប្រស៊ីលជាច្រើនលាននាក់ ។
ក្នុងអំឡុងពេល៣សប្តាហ៍កន្លងមក ផ្នែករៀបចំការប្រកួតបានផ្តល់ឱកាសដល់ប្រជាជនប្រេស៊ីល ធ្វើការជ្រើសរើសការដាក់ឈ្មោះបាល់ថ្មីក្នុងចំណោមឈ្មោះ៣រួមមាន ប្រាស៊ូកា បូស សា ណូវ៉ា និងកាណាវាឡេស្កា ។ មានប្រហែល៧០ភាគរយនៃជនជាតិប្រេស៊ីលជាច្រើនលាននាក់ បានជ្រើសយកឈ្មោះ ប្រាស៊ូកា និងជាចុងក្រោយបានទទួលការបញ្ជាក់តាមរយៈវេបសាយផ្លូវការរបស់ FIFA រួចរាល់ ។
ចំពោះឈ្មោះ ប្រាស៊ូកា ជាឈ្មោះដែលមានន័យសំដៅទៅលើភាពសោមនស្សរីករាយរបស់ជនជាតិប្រេស៊ីលក្នុងជីវភាពរបស់ពួកគេដោយឆ្លុះបញ្ចាំងពីការងប់ងុលនឹងបាល់ទាត់របស់មនុស្ស ជាតំណាងនៃអារម្មណ៍រីករាយ និងជាមិត្តរបស់ប្រេស៊ីល ។បាល់ស៊េរីថ្មីរបស់ Adidas កំពុងស្ថិតក្នុងការផលិតនៅមុនពេលត្រៀមយកទៅសាកល្បងលើក្លិបជាច្រើននៅលើពិភពលោក រហូតដល់មានការបង្ហាញជាផ្លូវការមុនការប្រកួតបាល់ទាត់ពិភពលោក ២០១៤ ដែលចាប់ផ្តើមក្នុងរវាងពី ថ្ងៃទី១២មិថុនា ដល់ថ្ងៃទី១៣កក្កដា២០១៤ ៕
ចែករំលែកព័តមាននេះ