រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែន ពណ៌ខ្មៅមួយគ្រឿង បើកបរដោយបុរសជនជាតិថៃ បុកម៉ូតូឃ្លីកពីក្រោយពេញទំហឹង តែសំណាងល្អមិនមានរងរបួសគ្រាន់តែខូចខាតម៉ូតូ យ៉ាងដំណំនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៦ កញ្ញា តាមមហាវិថីព្រះមុនីវង្ស កែងវិថីព្រះសីហនុ ត្រង់ចំណុចស្តុបពេទ្យចិន ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តបាឡែនពណ៌ខ្មៅ បើកបរដោយបុរសជនជាតិថៃតាមមហាវិថីព្រះសីហនុ ពីកើតទៅលិច ស្របទិសគ្នាជាមួយម៉ូតូឃ្លីក ពណ៌ខៀវលាយស ជិះគ្នា៣នាក់ ប្តីប្រពន្ធនិងកូនប្រុសអាយុ៤ឆ្នាំ ខណៈមកដល់ស្តុបពេទ្យចិន ស្រាប់តែរថយន្តបើកទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូូតូខ្ទាតចេញពីម៉ូតូតែមិនមានរងរបួសទាំងអស់គ្នា ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុបុរសជនជាតិថៃមិនបានចុះពីលើរថយន្តទេ នៅសំងំក្នុងរថយន្តដោយសំអាងថា រថយន្តរបស់គេមានក្រុមហ៊ុនធានារ៉ាប់រង ដូច្នេះរង់ចាំក្រុមហ៊ុនមកដោះស្រាយ តែរង់ចាំក្រុមហ៊ុនយូរពេក បុរសជនជាតិថៃដែលអាចនិយាយភាសាខ្មែរបានខ្លះ និងមានតំណាងមកជួយអន្តរាគមន៍សួរទៅខាងជនរងគ្រោះទាមទារសំណងប៉ុន្មាន ។ ខាងជនរងគ្រោះបានទាមទារសំណងថ្លៃជួសជុលម៉ូតូចំនួន៣០០ដុល្លារ តែជនជាតិថៃរូបនោះសុំសងត្រឹម២៥០ដុល្លារ ដោយមិនរង់ចាំក្រុមហ៊ុនមកសងជំនួសទេ៕
ចែករំលែកព័តមាននេះ