ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី៥ កញ្ញា នៅទីស្នាក់ការគណបក្សប្រជាជនស្រុកបារាយណ៍ មានរៀបចំកិច្ចប្រជុំបូកសរុបការងារផ្ដល់អត្ដសញ្ញាណប័ណ្ណគំរូថ្មី ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ឯក សួន ឈាងលី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យការធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(គំរូថ្មី) លោកឧត្តមសេនីយ៍ទោហុក ធីន អនុប្រធាននាយកដ្ឋានកណ្ដាលមធ្យោបាយ លោកឈុន ឈន់ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលនៃគណៈអភិបាលខេត្ដ លោកឧត្ដមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ដ លោកអភិបាលស្រុកបារាយណ៍ និងមន្ដ្រីក្រោមឱវាទជាច្រើនរូបទៀតចូលរួម។
លោកស្នងការនគរបាលខេត្តផាន់ សុផេង បានអានរបាយការណ៍បូកសរុបការងារផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឱ្យដឹងថា គិតចាប់ពីថ្ងៃបើកដំណើរការ១៤ សីហា ដល់ថ្ងៃទី៣ កញ្ញា លទ្ធផលអនុវត្ដបាន១-ស្រុកបារាយណ៍ ចំនួនត្រូវផ្ដល់៨.៨៦១នាក់ ប្រុស ៤.៧៤២នាក់ ផ្ដល់បាន២.២៨០នាក់ ប្រុស១.១៦០នាក់ ស្មើនឹង ២៥,៧% នៅសល់៦.៥៨១នាក់ ។ ២-ស្រុកសន្ទុក ចំនួនត្រូវផ្ដល់ ៦.២៤៧នាក់ ប្រុស៣.០៤៣នាក់ ផ្ដល់បាន ៤.០៥៧នាក់ ប្រុស ២.០២៩នាក់ ស្មើនឹង ៦៤,៩% នៅសល់ ២.១៩០នាក់(ផ្អាកដំណើរការសិន)។ ៣-ក្រុងស្ទឹងសែន ចំនួនត្រូវផ្ដល់ ៣.៥៧៩នាក់ ប្រុស១.៧៩២នាក់ ផ្ដល់បាន ២.៣៨៩នាក់ ប្រុស១.២២៨នាក់ ស្មើនឹង៦៦,៩% នៅសល់១.១៩០នាក់ (ផ្អាកដំណើការសិន)។ ៤.ស្រុកកំពង់ស្វាយ ចំនួនត្រូវផ្ដល់ ៨.៧៨៣នាក់ ប្រុស ៤.៧៦២នាក់ ផ្ដល់បាន ២.៨២៥នាក់ ប្រុស១.៣៧១នាក់ ស្មើនឹង៣២,១% នៅសល់ ៥.៩៥៨នាក់ ប្រុស ៣.៣៩១នាក់ ។ ៥-ស្រុកស្ទោង ចំនួនត្រូវផ្ដល់ ១១.៣១៧នាក់ ប្រុស៥.៣០២នាក់ ផ្ដល់បាន៥.០៣៩នាក់ ប្រុស២.៣៦៨នាក់ ស្មើនឹង៤៤,៥% នៅសល់៦.២៧៨នាក់ ប្រុស ២.៩៣៤ ។ ៦-ស្រុកប្រាសាទបល្ល័ង្ក ចំនួនត្រូវផ្ដល់៦.៦៥៦នាក់ ប្រុស៣.២៦៤នាក់ ផ្ដល់បាន៣.១០៥នាក់ ប្រុស១.៤៥៧នាក់ ស្មើនឹង៤៦,៦% នៅសល់៣.៥៥១នាក់ ប្រុស១.៨០៧នាក់ ។ ៧-ស្រុកប្រាសាទសំបូរ ចំនួនត្រូវផ្ដល់៥.៧១៥នាក់ ប្រុស២.២៥២នាក់ ផ្ដល់បាន៩៣៨នាក់ ប្រុស៤២៩នាក់ ស្មើនឹង១៦,៤% នៅសល់៤.៧៧៧នាក់ ប្រុស១.៨២៣នាក់ និង៨-ស្រុកសណ្ដាន់ ចំនួនត្រូវផ្ដល់៥.៧១៥នាក់ ប្រុស២.២៥២នាក់ ផ្ដល់បាន ៥២៤នាក់ ប្រុស២៣៩នាក់ ស្មើនឹង៨,២៤% នៅសល់៥.១៩១នាក់ ប្រុស២.០១៣នាក់។ សរុបបំពេញបែបបទទូទាំងខេត្ដបានចំនួន ២១.១៥៧នាក់ ប្រុស១០.២៨១នាក់ស្មើនឹង ៣៦,៧៨% នៅសល់៣៦.៣៦០នាក់ ប្រុស១៨.២៩៦នាក់។ បញ្ជូនទិន្នន័យទៅក្រសួងបានចំនួន ៧.៤២១នាក់ ទទួលទិន្នន័យពីក្រសួងបានចំនួនជាង៣.០០០(សន្លឹក) អត្ដសញ្ញាណប័ណ្ណ ។
បញ្ហាប្រឈមដែលជាតម្រូវការនោះគឺកុំព្យូទ័រប្រមូលទិន្នន័យមានចំនួនតិច ហើយត្រូវខូចចំនួន២គ្រឿងទៀត ទើបបណ្ដាលឱ្យមានការយឺតយ៉ាវ នៅតាមឃុំមួយចំនួនពុំមានចរន្តអគ្គិសនីប្រើការទេ និងមន្ដ្រីជំនាញនៅអធិការដ្ឋានមួយចំនួនខ្សោយបច្ចេកទេសខាងកុំព្យូទ័រ។ ទោះបីជាបែបណា ផែនការបន្ដក្រុង-ស្រុកណាដែលសម្រេចផែនការហើយត្រូវបញ្ជូនម៉ាស៊ីនកុំព្យូទ័របន្ដទៅស្រុក-ក្រុងផ្សេងៗទៀតដើម្បីជំរុញដំណើរការឱ្យបានលឿនជាងមុន។ លោកស្នងការបានសំណូមពរសុំឱ្យក្រសួងមេត្ដាជួយផ្ដល់ម៉ាស៊ីនភ្លើងនិងកុំព្យូទ័រមួយចំនួនដើម្បីដំណើរការឱ្យបានលឿនតាមសេចក្ដីត្រូវការ ចំណែកទិន្នន័យដែលបានបញ្ជូនទៅក្រសួងសូមជួយបោះពុម្ពឱ្យបានឆាប់ និងលុបទិន្នន័យដែលមិនចាំបាច់នៅថ្នាក់ខេត្ដ ។
លោកឧត្ដមសេនីយ៍ឯកសួន ឈាងលី បានមានប្រសាសន៍កោតសរសើរនិងថ្លែងអំណរគុណដល់មន្ដ្រីជំនាញនគរបាលដែលបានខិតខំយកចិត្ដទុកដាក់បំពេញការងារនេះទោះបីមានការខ្វះខាតផ្នែកសម្ភារយ៉ាងណាក្ដីក៏អស់លោកមិនរួញរាដែរ លោកនឹងយកចិត្ដទុកដាក់ចំពោះការខ្វះខាតនេះ និងសូមឱ្យជំរុញបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ