រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ បានចេញលិខិតជូនដំណឹងស្តីពីការលើកពេលសវនាការលើសំណុំរឿងស្ថាបនិក និងសកម្មជនចលនាមាតាធម្មជាតិទៅថ្ងៃក្រោយដោយមិនកំណត់ ។

ខ្លឹមសារលិខិតបានបញ្ជាក់ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៤ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការពិភាក្សាដេញដោលលើសំណុំរឿងព្រហ្មទណ្ឌលេខ ២២១៥ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើស «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង«រួមគំនិតក្បត់» ដែលប្រព្រឹត្តដោយជនជាប់ចោទដូចខាងក្រោម ៖
១-ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសិន ភេទប្រុស អាយុ៤១ឆ្នាំ ។
២-ឈ្មោះ អីុម លាងហ៊ី ភេទប្រុស អាយុ៣៦ឆ្នាំ ។
៣-ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ ។
៤-ឈ្មោះ លី ចាន់ដារ៉ាវុត ភេទប្រុស អាយុ២១ឆ្នាំ ។
៥-ឈ្មោះ ថុន រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ។
៦-ឈ្មោះ ឡុង គន្ធា ភេទស្រី អាយុ២៣ឆ្នាំ ។
៧-ឈ្មោះ ភូន កែវរស្មី ហៅ ស្រីកែវ ភេទស្រី អាយុ២០ឆ្នាំ ។
៨-ឈ្មោះ រ៉ៃ រក្សា ហៅ រ៉ី រក្សា ភេទស្រី អាយុ២៣ឆ្នាំ ។
៩-ឈ្មោះ ពក ខើយ ហៅ ពក ខឹយ ភេទប្រុស អាយុ២៥ឆ្នាំ ។
១០-ឈ្មោះ ប៉ិញ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ។

ដោយហេតុថា ជនជាប់ចោទឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសិន និងជនជាប់ចោទមួយចំនួនទៀត អាជ្ញាសាលាបានបញ្ជាក់ថា ពុំអាចបញ្ជូនដីកាកោះដល់ជនជាប់ចោទទាំងនោះបានទេ ហើយបច្ចុប្បន្នជនជាប់ចោទដែលនៅក្រៅឃុំ មិនដឹងទៅរស់នៅទីណា ។
ម្យ៉ាងទៀត សំណុំរឿងនេះ ទើបតែដាក់កម្មវិធីជំនុំជម្រះជាលើកទី១ ដូច្នេះដើម្បីគោរពគោលការណ៍ចំពោះមុខ និងទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ ក្រុមប្រឹក្សាសម្រេចលើកពេលសវនាការក្នុងសំណុំរឿងខាងលើនេះ ទៅពេលក្រោយវិញ ។
សូមជម្រាបថា សំណុំរឿងខាលើនេះ មានជនជាប់ចោទទាំងខ្មែរ និងបរទេសសរុប១០នាក់ តែជាប់ក្នុងឃុំ៥នាក់ និង៥នាក់កំពុងគេចខ្លួន ។ ពួកគេត្រូវបានសាលាដំបូងផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំក្នុងម្នាក់ៗ ៕
ចែករំលែកព័តមាននេះ