ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​បដិសេធ​ដំណឹង​ថា​មាន​ការ​បែ​ក​បាក់​ផ្ទៃ​ក្នុង​រវាង​លោក​ពូ​ទីន និង​រដ្ឋ​មន្ត្រី​ការ​បរទេស​​

1 នាទី មុន

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ចេញ​មុខ​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ដែល​ចុះ​ផ្សាយ​តាម​សារ​ព័ត៌​មាន​ថា​រុស្ស៊ី​កំពុង​បែក​បាក់​ផ្ទៃ​ក្នុង​រវាង​លោក​ពូទីន និង​រដ្ឋ​មន្ត្រី​ការ​បរទេស​។ ពាក្យ​ចចាម​អារ៉ាម​និយាយ​ថា​លោក​ពូទីន និង​ប្រមុខ​ការ​ទូត​របស់​គាត់​ធ្វើ​ការ​លែង​ចុះ​សម្រុង​នឹង​គ្នា​ត​ទៅ​ទៀត​ហើយ​ ហើយ​លោក​ពូទីន​ក៏​លែង​ត្រូវ​ការ​រដ្ឋ​មន្ត្រី​រូប​នេះ​ធ្វើ​ការ​ជា​មួយ​​ត​ទៅ​ទៀត​ដែរ​។ ​បាន​ជា​មាន​ពាក្យ​ចចាម​អារ៉ាម​នោះ​ព្រោះ​មុន​គម្រោង​ជួប​គ្នា​រវាង​លោក​ពូទីន និង​លោក​ត្រាំ​នៅ​ទី​ក្រុង​ប៊ូដាប៉ែស ប្រទេស​ហុង​គ្រី​ ប្រមុខ​ការ​ទូត​អាមេរិក…

ទី​ក្រុង​ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ចេញ​មុខ​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ដែល​ចុះ​ផ្សាយ​តាម​សារ​ព័ត៌​មាន​ថា​រុស្ស៊ី​កំពុង​បែក​បាក់​ផ្ទៃ​ក្នុង​រវាង​លោក​ពូទីន និង​រដ្ឋ​មន្ត្រី​ការ​បរទេស​។ ពាក្យ​ចចាម​អារ៉ាម​និយាយ​ថា​លោក​ពូទីន និង​ប្រមុខ​ការ​ទូត​របស់​គាត់​ធ្វើ​ការ​លែង​ចុះ​សម្រុង​នឹង​គ្នា​ត​ទៅ​ទៀត​ហើយ​ ហើយ​លោក​ពូទីន​ក៏​លែង​ត្រូវ​ការ​រដ្ឋ​មន្ត្រី​រូប​នេះ​ធ្វើ​ការ​ជា​មួយ​​ត​ទៅ​ទៀត​ដែរ​។

​បាន​ជា​មាន​ពាក្យ​ចចាម​អារ៉ាម​នោះ​ព្រោះ​មុន​គម្រោង​ជួប​គ្នា​រវាង​លោក​ពូទីន និង​លោក​ត្រាំ​នៅ​ទី​ក្រុង​ប៊ូដាប៉ែស ប្រទេស​ហុង​គ្រី​ ប្រមុខ​ការ​ទូត​អាមេរិក និង​​រុស្ស៊ី​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​។ ក្រោយ​ពេល​សន្ទនា​គ្នា​រួច​ លោក​ត្រាំ​ប្រកាស​លុប​ចោល​គម្រោង​ជួប​គ្នា​កម្រិត​កំពូល​ជា​មួយ​លោក​ពូទីន​។ ​​ក្រោយ​មក​​​ លោក​ត្រាំ​ប្រកាស​ដាក់​ទណ្ឌ​កម្ម​​សេដ្ឋ​កិច្ច​លើ​ប្រទេស​រុស្ស៊ី​​ថែម​ទៀត​។

រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក​ឡាវ​រ៉ូស ជា​អ្នក​ការ​ទូត​ជើង​ចាស់​តាំង​ពី​សម័យ​សហ​ភាព​សូវៀត​ និង​ជា​មនុស្ស​មាន​សិល្ប៍​វិធី​ក្នុង​ការ​ចរ​ចា​។ ​នៅ​ឯ​កិច្ច​ប្រជុំ​​កាល​ពី​ពេល​ថ្មី​​ៗ​នេះ គេ​មិន​ឃើញ​វត្ត​មាន​របស់​គាត់​ទេ​​។ ចំណែក​នៅ​​ឯ​កិច្ច​ប្រជុំ​កំពូល​ជី​ម្ភៃ (G20) ដែល​​នឹង​រៀប​ចំ​ឡើង​នៅ​អាហ្វ្រិក​ខាង​ត្បូង​នា​ចុង​ខែ​វិច្ឆិកា​​​ លោក​ពូទីន​​នឹង​មិន​​ទៅ​ចូលរួម​ទេ​។ ជា​និច្ច​កាល​ ​បើ​លោក​ពូទីន​មិន​បាន​ទៅ​ចូល​រួម​ លោក​ច្រើន​ចាត់​លោក​ឡាវរ៉ូស​ទៅ​ជំនួស​។ ប៉ុន្តែ​លើក​នេះ​ លោក​ពូទីន​ចាត់​អ្នក​ផ្សេង​ទៅ​ជំនួស​។​

ក្រសួង​ការ​បរទេស​រុស្ស៊ី​មិន​បាន​បញ្ជាក់​ថា​លោក​ឡាវរ៉ូស​មាន​ផែន​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ខ្លះ​ ឬ​ចូល​រួម​នៅ​ក្នុង​វេទិកា​ណា​ខ្លះ​នៅ​សប្ដាហ៍​ក្រោយ​។ សភាព​ការណ៍​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​ឡាវ​រ៉ូស​ដែល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​​ប្រហែល​ជា​លែង​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​លោក​ពូទីន​ត​ទៅ​ទៀត​ហើយ​​ដោយ​សារ​គម្រោង​ជួប​គ្នា​នៅ​ប៊ូដាប៉ែស​ត្រូវ​លុប​ចោល។​​

ដូច្នេះ​ដើម្បី​ឱ្យ​អស់​សង្ស័យ​ អ្នក​សារ​ព័ត៌​មាន​បាន​ទាក់​ទង​ទៅ​វិមាន​ក្រឹម​ឡាំង​ដើម្បី​ស្នើ​សុំ​ការ​ឆ្លើយ​បំភ្លឺ។ នៅ​ពេល​សួរ​ថា​តើ​លោក​ឡាវរ៉ូស​មាន​រឿង​អ្វី​កើត​ឡើង​? អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ប៉េស្កូស ថ្លែង​ថា​ពាក្យ​ចចាម​អារ៉ាម​នោះ​មិន​ពិត​ទេ​។ លោក​សូម​ឆ្លើយ​ដោយ​សង្ខេប​ថា​អ្វី​ដែល​បាន​ចុះ​ផ្សាយ​នោះ​មិន​មែន​ជា​ការ​ពិត​។ នៅ​ពេល​សួរ​​ថា​តើ​​លោក​ឡាវ​រ៉ូស​នឹង​បន្ត​​កាន់​​តំណែង​របស់​គាត់​ដដែល​ ឬ​យ៉ាង​ណា​ លោក​ប៉េស្កូស​ឆ្លើយ​ថា​ប្រាកដ​ណាស់​ លោក​ឡាវ​រ៉ូស​នឹង​បន្ត​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​។ នេះ​បើ​យោង​ការ​ផ្សាយ​របស់​ឆេន​ណល​ ញូស៍​ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ