ខេត្តមណ្ឌលគិរី ៖ ខណៈសភាពការណ៍ព្រំដែនកម្ពុជា-ថៃ កើនកម្តៅជារៀងរាល់ថ្ងៃ ហើយមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងនៃប្រទេសទាំងពីរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ឋសាស្ត្រសំខាន់ៗជាច្រើន ដើម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។

ជាមួយគ្នានេះ កងកម្លាំងនគរបាលខេត្តដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានប្រមូលផ្តុំរួចស្រេច ដើម្បីរង់ចាំបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការបំពេញភារកិច្ចការពារជាតិ មាតុភូមិ ។ជាក់ស្តែង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពង្រឹងនិងលើកទឹកចិត្តកងកម្លាំងទាំងអស់ ដែលបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបំពេញតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យនៅស្នងការដ្ឋាននគរបាលខេត្តឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋានខេត្ត ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារៈ ដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង ។

ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីលោក ចាន់ រតនា អភិបាលរងខេត្ត ព្រមទាំងគណៈប្រតិភូអមដំណើរ ស្នងការនគរបាលខេត្ត និងកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្តីពីកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របស់ស្នងការដ្ឋាននគរបាលខេត្ត ។ តាមរបាយការណ៍បានបង្ហាញថា កងកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជារួមមានភាពប្រក្រតីល្អប្រសើរ ។

លោក ចាន់ រតនា អភិបាលរងខេត្ត បានមានមតិសំណេះសំណាល និងថ្លែងអំពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្ត ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការសង្ខេបអំពីសភាពការណ៍ ភូមិសាស្ត្រ និងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្ត និងបានកោតសរសើរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដែលបានខិតខំដឹកនាំ បំពេញតួនាទី ភារកិច្ច និងការងារក្នុងការការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជាមួយគណៈបញ្ជាការឯកភាពខេត្ត ជូនប្រជាពលរដ្ឋទូទាំងខេត្តប្រកបដោយលទ្ធផលល្អប្រសើរ ។

ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះបងប្អូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបានថ្លែងទៅកាន់អង្គប្រជុំ ស្តីពីស្ថានភាពនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍ថា ក្នុងនាមជាអ្នកដឹកនាំ និងការពារ ត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ចំពោះកម្លាំងរបស់ស្នងការដ្ឋាន ត្រូវរៀបចំឲ្យបានត្រឹមត្រូវ ក៏ដូចជាសម្ភារៈ អាវុធត្រូវត្រួតពិនិត្យមើលឡើងវិញ ដើម្បីឱ្យការត្រៀមលក្ខណៈបានល្អ និងត្រូវរៀបចំកន្លែងស្នាក់នៅ ហូបចុក កន្លែងហ្វឹកហាត់ គ្រូបង្វឹក ឱ្យបានល្អប្រសើរជូនដល់កងកម្លាំងរបស់យើង ។

ឯកឧត្តម ម៉ក់ ជីតូ ក៏បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងការអនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់យុទ្ធវិធីជាប្រចាំ ការប្រើប្រាស់អាវុធ និងរបៀបការពារខ្លួនឱ្យបានស្ទាត់ជំនាញ ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួន និងត្រូវសហការគ្នាឱ្យកាន់តែល្អ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕




ចែករំលែកព័តមាននេះ