រាជធានីភ្នំពេញ ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ខ្ញុំបានជួបសម្តែងការគួរសម ជាមួយឯកឧត្តម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ។

ក្នុងនោះដែរ លោក ទៀ សីហា បានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងបានរាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីពាក់ព័ន្ធនឹងហិ.ង្សារបស់ប៉ូលិសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃបានរាយបន្លាលួសថ្មី នៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំGBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBC ។

សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់លើខ្ពស់ លើការជំរុញបទឈប់បាញ់ និងជំរុញក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន បានចុះពិនិត្យទីតាំងផ្ទាល់ ។
សូមបញ្ជាក់ថា ៖ ថ្លែងនាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា វេលាម៉ោង១៥និង៣០នាទី រសៀលកងកម្លាំងចម្រុះរបស់ភាគីថៃ ក្នុងនោះមានទាំងកងកម្លាំងតម្រួត ទាហានប៉ារ៉ា ទាហាន ឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋ ស្រុកគោកធ្យូង ចំនួនប្រហែល៣០០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ជម្ពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងដោយបញ្ជាក់ថា សម្រាប់ហេតុការណ៍នេះដែរកើតឡើង ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីសង្កេតផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅវេលាម៉ោង១១និង៥៧នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ហើយ ទើបតែចាកចេញពីទីតាំងនោះ មិនបានប៉ុន្មានម៉ោងផងទេ ។

លោកជំទាវអ្នកនាំពាក្យបានថ្លែងដោយបញ្ជាក់ថា៖« ក្នុងហេតុការណ៍នេះ ផងដែរ កងកម្លាំងយោធា និងក្រុមបង្ក្រាបបាតុកម្មរបស់ថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាសត្រចៀក ប្រព័ន្ធខួរក្បាល ព្រមទាំងបង្កអំពើហិ.ង្សា មកលើប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់ឧករណ៍បង្ក្រាបបាតុកម្ម និងជម្ពាមកៅស៊ូ គ្រាប់ឃ្លី ដែលបណ្តាលឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃ របស់យើង ចំនួន២៨នាក់ បានដួលសន្ល.ប់ និងរងរបួសធ្ងន់ស្រាល »៕



ចែករំលែកព័តមាននេះ