ខេត្តព្រះវិហារ ៖ សាច់គ្រឿងក្នុងមាន់បង្កកនាំចូលខូចគុណភាពជាង៣តោន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារដុតកម្ទេចចោល កាលពីរសៀលថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៥ ។

ការដុតកម្ទេចគ្រឿងក្នុងសាច់បង្កកនេះ កម្លាំងសមត្ថកិច្ចបានធ្វើឡើង ក្រោយមានវិធានការបង្ក្រាបពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ។

តាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា គ្រឿងមាន់បង្កកខូចគុណភាពជាងបីតោន គឺបានបង្ក្រាប និងរឹបអូស ខណៈឈ្មួញនាំចូលតាមផ្លូវទឹកពីប្រទេសឡាវ តាមច្រកព្រំដែនកម្ពុជា ស្ថិតក្នុងភូមិកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៥ ។

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់បញ្ជាផ្ទាល់ពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចាត់ឲ្យរូបលោកដឹកនាំសម្របសម្រួលនីតិវីធីចុះឃាត់រថយន្ដ២គ្រឿងដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន៣ពាន់៥០០គីឡូក្រាម ក្រោយពិនិត្យខូចគុណភាព ប្រែពណ៌មិនអាចទទួលទានបាន ចូលមកតាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។

ព្រះរាជអាជ្ញារងរូបនេះឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចចម្រុះចាប់ឃាត់រថយន្ដបាន២គ្រឿង ១គ្រឿងពាក់ស្លាកលេខ សៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់ (កោះមាន់) ចំនួន១ពាន់៥០០គីឡូក្រាម និងរថយន្ត១គ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់ (កោះមាន់) ចំនួន២ពាន់គីឡូក្រាម។

លោកថា រថយន្តទាំងពីរគ្រឿងនោះបានដឹកទំនិញគ្រឿងក្នុងមាន់បង្កក (កោះមាន់) ខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន និងពុំមានឯកសារត្រឹមត្រូវ ព្រមទាំងដឹកជញ្ជូនខុសបច្ចេកទេស និងបានធ្វើការដកហូតដុតកម្ទេចចោល។

ក្រោយការបង្ក្រាប និងរឹបអូសបានរថយន្តទាំងពីរគ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការប្រព្រឹត្តបទល្មើស ត្រូវបានប្រគល់ទៅឲ្យសាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ