រាជធានីភ្នំពេញ ៖ លោក KENNETH MICHAEL MASON អាយុ៤៣ឆ្នាំ ជនជាតិអាមេរិក ជាគ្រូបង្រៀន អាសយដ្ឋានស្នាក់នៅផ្ទះលេខ៩AE0 ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីថ្ងៃទី៥ កញ្ញា បានប្រកាសជាចំហថា លោកបានបាត់កូនស្រីជាទីស្រឡាញ់ម្នាក់អាយុទើប៣ឆ្នាំកន្លះ ។ ការបាត់ខ្លួនកូនស្រីនោះ គឺអតីតប្រពន្ធរបស់លោកបានលួចយកទៅ ដូច្នោះបើបងប្អូនណាបានឃើញសូមផ្តល់ជាព័ត៌មាន លោកនឹងជូនសគុណជាទីគាប់ចិត្ត តាមទូរស័ព្ទលេខ ០១៧ ៣៨២ ៨៧៧ ដោយធានារក្សាការសម្ងាត់ដល់អ្នកផ្តល់ព័ត៌មានទៀតផង ។
លោក KENNETH MICHAEL MASON បានរៀបរាប់ថា កូនស្រីលោកដែលបាត់នេះអាយុ៣ឆ្នាំកន្លះ មានឈ្មោះម៉ាសាន់ អាណេផាមីឡា ដែលអតីតប្រពន្ធរបស់លោកបានលួចយកទៅកាលពី២ខែមុន ។ លោកបន្តថា មុនឆ្នាំ២០១០ លោកមានភរិយាជាស្ត្រីខ្មែរម្នាក់ឈ្មោះកែវ ចាន់រតនា អាយុ២៦ឆ្នាំ ជាអ្នកកាត់ដេរ ស្នាក់នៅផ្ទះលេខ៣៤E0 ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ដដូនពេញ រាជធានីភ្នំពេញ ។ ក្រោយពីការរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ លោកនិងនាងកែវ ចាន់រតនា ក៏មានកូនស្រីម្នាក់គឺឈ្មោះម៉ាសាន់ អាណេផាមីឡា នេះ ។ បន្ទាប់មកក្នុងរង្វង់គ្រួសារលោកមានភាពរកាំរកូសរស់នៅមិនចុះសម្រុងគ្នា ក៏បានព្រមព្រៀងលែងលះគ្នាតាមផ្លូវតុលាការ ដោយបានបែងចែកទ្រព្យសម្បត្តិ លុយកាក់ មួយចំនួនឱ្យនាងជាភរិយា ។ រីឯរូបលោកទទួលយកកូនចិញ្ចឹមបីបាច់ថែរក្សា តែទុកសិទ្ធិឱ្យម្តាយបានជួបជាធម្មតា ។ ចំណែកសាលក្រមផ្តាច់សង្វាសបានចូលជាស្ថាពរនៅក្នុងអំឡុងខែមករា ឆ្នាំ២០១១ ។ ចាប់តាំងពីពេលនោះមកនាងកែវ ចាន់រតនា អតីតជាភរិយាបានបែកផ្លូវគ្នារហូត ព្រមទាំងមិនដឹងថានាងទៅរស់នៅទីណាទេ ។
អស់រយៈពេលជិត២ឆ្នាំមកនេះ ចៃដន្យកូនស្រីលោកឈឺ ហើយត្រូវនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ ពេលនោះមានអ្នកស្គាល់នាងកែវ ចាន់រតនា បានទូរស័ព្ទប្រាប់ ហើយនាងក៏បានមកមើលកូនដែរ ។ លុះពេលជំងឺកូនស្រីបានធូស្រាល លោកក៏បានយកកូនមកផ្ទះវិញ ពេលនោះម្តាយរបស់កូនក៏តាមមកមើលទៀត ។ ដោយយល់ឃើញថា នាងជាម្តាយពិតជាយល់អ្វីហៅថា សាលក្រមផ្តាច់សង្វាសបានចូលជាស្ថាពរហើយនោះ និងកាន់តែយល់ថែមទៀតក្នុងការបែងចែកទ្រព្យសម្បត្តិប្រពន្ធកូន ។
លោកនិយាយថា នៅពេលលោកបានចេញទៅធ្វើការងារក្រៅផ្ទះ ស្រាប់តែនាងកែវ ចាន់រតនា បានលួចយកកូនស្រីទៅបាត់ ។ ពេលដំបូងលោកគិតថា ប្រហែលជាម្តាយគេយកកូនទៅលេង២ទៅ៣ថ្ងៃប៉ុណ្ណោះ លោកមិនបានសួរនាំអ្វីទេ ដោយរវល់ការងារច្រើនផង ។
ការទទឹងរង់ចាំកាន់តែអូសបន្លាយទៅអស់រយៈពេល២ខែ អតីតភរិយាអត់បានយកកូនមកប្រគល់ឱ្យលោកជាឪពុកវិញទេ ថែមទាំងផ្តាច់ការទំនាក់ទំនងទៀតផង ។ ប្រការនេះដែល លោកចាត់ទុកថា អតីតភរិយាពិតជាមានបំណងអាក្រក់លួចយកកូនលោកទៅហើយ ។ ដោយយល់ឃើញយ៉ាងដូច្នេះទើបបានរូបលោកសម្រេចចិត្តប្រកាសជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស បើបានឃើញម្តាយនិងកូនដូចមានភិនភាគក្នុងរូបថតនេះ សូមផ្តល់ដំណឹងជាបន្ទាន់តាមរយៈលេខទូរស័ព្ទខាងលើ លោកនឹងមានជូនសគុណជាទីគាប់ចិត្ត ៕
ចែករំលែកព័តមាននេះ